(ភ្នំពេញ)៖ បន្ទាប់ពីបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ នៅរាជធានីភ្នំពេញរួចមក នៅវេលាម៉ោង៩៖២០នាទីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩នេះ លោក មូន ចេអ៉ិន (Moon Jae-in) ប្រធានាធិបតីកូរ៉េខាងត្បូង និងភរិយា បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តសៀមរាប ដើម្បីទស្សនាប្រាសាទខ្មែរនៅលើទឹកដីអង្គរ។
សូមបញ្ជាក់ថា បន្ទាប់ពីទស្សនាប្រសាទនានា នៅលើទឹកដីអង្គរហើយ លោកប្រធានាធិបតីកូរ៉េខាងត្បូង នឹងអញ្ជើញត្រឡប់មករាជធានីភ្នំពេញវិញ ដើម្បីចាកចេញពីប្រទេសកម្ពុជា បញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋ នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩នេះ។
ទស្សនកិច្ចលើកដំបូងមកកាន់កម្ពុជា របស់លោកប្រធានាធិបតីមូន ចេអ៊ីន គឺជាព្រឹតិ្តការណ៍ ដ៏សំខាន់ក្នុងទំនាក់ទំនងកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលនឹងពង្រឹងមិត្តភាព ហើយនឹងធ្វើឲ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែមានវិសាលភាពទូលំទូលាយ និងស៊ីជម្រៅ។
លោកប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) និងភរិយា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកដល់ប្រទេសកម្ពុជា កាលពីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូង រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩។
អំឡុងពេលបំពេញទស្សនកិច្ចនេះ លោកបានចូលគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា, ជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចតេជោ ហ៊ុន សែន ចូលរួមវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ ជួបវិនិយោគិន និងពលរដ្ឋកូរ៉េនៅកម្ពុជា ព្រមទាំងបានបំពាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋផងដែរ។
ក្រោយពេលជួបពិភាក្សាទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព នាថ្ងៃទី១៥ ខែមីនា មេដឹកនាំទាំងពីរបានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៥ ជាកិច្ចព្រមព្រៀងកម្ពុជា-កូរ៉េ៕