(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា ដើម្បីលើកកម្ពស់សុវត្ថិភាពអ្នកជំងឺ មន្ដ្រីសុខាភិបាល ត្រូវតែអនុវត្ដន៍ឱ្យខ្ជាប់ខ្ជួននូវ៨ចំនុចជាចម្បង ។
លោកស្រីរដ្ឋលេខាធិការ បញ្ជាក់បន្ថែមទាំង៨ចំនុចនោះរួមមាន៖
១៖ ត្រូវតាមដានការចេញវេជ្ជបញ្ជាតាមប្រព័ន្ធកុំព្យូទ័រ ដែលក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំរួចហើយ ដែលអាចជួយលើការគ្រប់គ្រងទិន្ន័យអ្នកជំងឺកាត់បន្ថយជាបណ្តើរៗនូវការសរសេរវេជ្ជបញ្ជាមិនច្បាស់លាស់
២៖ ត្រូវមានការប្រុងប្រយ័ត្នពេលពិនិត្យអ្នកជំងឺ ដើម្បីជៀសវាងនូវការមាន Medication errors ព្រមទាំងត្រូវមានការប្រើប្រាស់ឱសថអង់ទីប៊ីយូទិក ឱ្យបានត្រឹមត្រូវជៀសវាងភាពស៊ាំ
៣៖ ជំរុញឲ្យមានការប្រើឱសថ ទៅតាមគោលការណ៍ណែនាំ ជៀសវាងមានការកកស្ទះឱសថ
៤. ត្រូវផ្សព្វផ្សាយសៀវភៅ និងរៀនសូត្រតាមគោលការណ៍ណែនាំសំណុំសកម្មភាពអប្បបរមា (MPA) ដល់បុគ្គលិកមណ្ឌលសុខភាពទាំងអស់ និងសំណូមពរឲ្យប្រធានមណ្ឌលសុខភាពធានា ការចម្លងជូនដល់បុគ្គលិកខ្លួនឱ្យបានគ្រប់ៗគ្នា ហើយមន្ទីរសុខាភិបាលខេត្ត (PHD) ត្រូវតាមដានមើលការងារនេះ
៥៖ មិនគួរមានការផ្លាស់ប្តូរបុគ្គលិក ដែលបានបណ្តុះបណ្តាលហើយភ្លាមៗញឹកញាប់ពេកទេ និងសំណូមពឱ្យមានការបណ្តុះបណ្តាលការគ្រប់គ្រងឱសថ និង pharmacovigilance ជូនដល់មណ្ឌលសុខភាព និងចែកជូនគោលការណ៍ណែនាំ លើការគ្រប់គ្រងឱសថ ឲ្យបានគ្រប់មណ្ឌលសុខភាពទាំងអស់
៦៖ មន្ទីសុខាភិបាលខេត្ត ត្រូវធ្វើការណែនាំបន្ថែមទៀត ឲ្យមានការរាយការណ៍ ពីប្រតិកម្មរំខានរបស់ឱសថ (ADRs) នៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដោយមិនបាច់ដាក់ឈ្មោះអ្នករាយការណ៍ ដោយប្រើបែបជាអក្សរកាត់ ឬអនាមិក
៧៖ សំណូមពរឱ្យ អង្គការសុខភាពពិភពលោក (WHO) ជួយគាំទ្រកិច្ចការនេះបន្ត និងពង្រីកបន្ថែម ព្រមទាំងធ្វើការវាយតម្លៃបន្ទាប់ពីបណ្តុះបណ្តាលនេះ ( baseline)
៨. ត្រូវមានការលើកទឹកចិត្តបុគ្គលិក ដែលប្រឹងប្រែងអនុវត្តការងារបានល្អ ហើយយកពួកគាត់ជាគំរូសម្រាប់អ្នកដ៏ទៃទៀត។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ថ្លែងបន្ដថា លើសពីនោះ ដើម្បីគុណភាពឱសថ ឱ្យកាន់តែមានគុណខ្ពស់នៅតាមមូលដ្ឋានសុខាភិបាល គឺត្រូវរួមគ្នាពង្រឹងការគ្រប់គ្រងឱសថ និងផ្តល់ព័ត៌មានប្រតិកម្មរំខានរបស់ឱសថនេះឲ្យបានជាក់លាក់ផងដែរ ។
សូមជម្រាបថា ការថ្លែងដូច្នេះរបស់លោកស្រីវេជ្ជបណ្ឌិត ក្នុងឱកាសអញ្ជើញចូលរួមសិក្ខាសាលាស្តីអំពី ហ្វាម៉ាកូវីជីឡែន ការប្រើប្រាស់ឱសថសមស្រប និងការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ឱសថ ដើម្បីលើកកំពស់សុវត្ថិភាពអ្នកជំងឺ (ប្រតិកម្មរំខានរបស់ឱសថ) ដល់មន្ត្រីសុខាភិបាលសាធារណៈ ដែលបានរៀបចំឡើងដោយនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង នៃក្រសួងសុខាភិបាល សហការជាមួយអង្គការសុខភាពពិភពលោក ដោយចាប់ផ្តើមចំនួន៣ខេត្តដំបូង (កំពង់ធំ, កំពង់ស្ពឺ, និងកំពត) ដែលកំពុងតែអនុវត្តកម្មវិធីពង្រឹងសេវាសុខាភិបាល ដើម្បីការទទួលបានការគ្របដណ្តប់សុខភាពជាសកល (UHC) នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ នាទីស្ដីការក្រសួងសុខាភិបាល ។
ក្នុងឱកាសនេះ លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល បានពាំនាំនូវការកោតសរសើរ ពីសំណាក់លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដល់ការខិតខំប្រឹងប្រែងកន្លងមក របស់មន្ត្រីសុខាភិបាលគ្រប់ជាន់ថ្នាក់នៅក្នុងខេត្តកំពង់ស្ពឺ និងដៃគូពាក់ព័ន្ធទាំងអស់ ដែលធ្វើឲ្យវិស័យមួយនេះមានវឌ្ឍន:ភាពគួរជាទីមោទន:៕