(ភ្នំពេញ)៖ តារាសម្ដែងកញ្ញា លីឡា វីន បានវាយបុរសម្នាក់បណ្ដាលឲ្យបែកក្បាលហូរឈាមផ្អើលពេញហាងអាហារចិន ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោងជាង៨យប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ចំណុចហាងអាហារចិនមួយកន្លែង ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យក្រុងភ្នំពេញ។
បុរសរងគ្រោះឈ្មោះ ប្រាក់ ហាវ មានអាយុ៣១ឆ្នាំ មានមុខរបរជាបុគ្គលិក ក្រុមហ៊ុនឯកជនមួយកន្លែង និងមានទីលំនៅស្ថិតនៅផ្ទះលេខ៩A ផ្លូវ៣៦៩ ភូមិអូរអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ក្រុងភ្នំពេញ។
កញ្ញា បេននី យាំង បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុបងប្រុសរបស់គាត់ កំពុងតែអង្គុយញាំអីនៅក្នុងហាងអាហារចិនមួយកន្លែងសុខៗ ស្រាប់តែលេចមុខតារាសម្ដែងកញ្ញា លីឡា វីន មានគ្នីគ្នាចំនួនពីរនាក់ បានដើរកាន់មួកសុវត្ថិភាព នឹងកៅអីមកវាយទៅលើបងប្រុសរបស់ខ្លួនចំក្បាលបណ្ដាលឲ្យបែកហូរឈាមបង្កឲ្យមានការភ្ញាក់ផ្អើលពេញហាងតែម្ដង។ បន្ទាប់ពីបង្កហិង្សារួច កញ្ញា លីឡាវីន និងគ្នីគ្នាបាននាំគ្នាឡើងជិះរថយន្តរត់គេចខ្លួនបាត់ស្រមោលតែម្តង។
ក្រោយពេលកើតហេតុជនរងគ្រោះបានធ្វើការដាក់ពាក្យបណ្ដឹងនៅឯប៉ុស្តិ៍នគរបាលរដ្ឋបាល ចាក់អង្រែលើ ដើម្បីឲ្យភាគីបង្កចូលខ្លួនមកដោះស្រាយទៅតាមផ្លូវច្បាប់៕