(ត្បូងឃ្មុំ)៖ ការដ្ឋានកិនថ្មជនជាតិចិនឈ្មោះ «ឆៃណារ៉ូត អ៊ែនប៊្រីតខុមប្រេសិន» មានទីតាំងនៅភូមិអណ្តូងល្វេ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានបំផ្ទុះថ្ម ផ្លោងមួយដុំចម្ងាយប្រហែល២៥០ម៉ែត្រ មកធ្លាក់ត្រូវចំក្បាលអ្នកបើករថយន្ដបែនដឹកថ្ម របស់ក្រុមហ៊ុនបណ្ដាលឲ្យស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាម។
ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ហេតុការណ៍នេះកើតឡើង វេលាម៉ោង០៥៖១០នាទីល្ងាច ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ នៅចំណុចការដ្ឋានកិនថ្មរបស់ជនជាតិចិនខាងលើ បណ្ដាលបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ឈ្មោះ ជុំ រចនា អាយុ២៩ឆ្នាំ មុខរបរបើកបររថយន្តបែនដឹកថ្មក្រុមហ៊ុនខាងលើ មានទីលំនៅភូមិកស្វាយ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ជុំវិញករណីនេះ លោកឧត្តមសេនីយ៍ស្នងការ បានសង្កត់ធ្ងន់ថា លោកនឹងបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងឈានដល់ការចាត់វិធានការតាមផ្លូវច្បាប់ ចំពោះម្ចាស់ទីតាំងខាងលើ ដែលមានការធ្វេសប្រហែលបណ្ដាលឲ្យប៉ះពាល់ដល់អាយុជីវិតរបស់អ្នកដទៃ។ លោកស្នងការអះអាងថា តាមអ្វីដែលកំណត់ មុនឈានដល់ការបំផ្ទុះថ្ម ម្ចាស់ទីតាំងត្រូវតែមានការជូនដំណឹងដល់ប្រជាពលរដ្ឋ ដូចជាបើកស៊ីរ៉ែន ឬប្រើមេក្រូប្រកាសជាដើម។
លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំកំពុងតែចាត់ការតាមនីតិវិធី មេការអាចប្រឈមមុខនឹងបទល្មើស មនុស្សឃាតដោយអចេតនា ព្រោះនៅក្នុងលក្ខខណ្ឌមុននឹងបំផ្ទុះគេត្រូវជូនដំណឹងមុនទៅប្រជាពលរដ្ឋ ត្រូវមានស៊ីរ៉ែន ត្រូវមានមេក្រូស្រែក ហើយឥលូវយើងកំពុងតែអង្កេត»។
បើតាមលោកស្នងការ រហូតមកដល់ពេលនេះកម្លាំងនគរបាលជំនាញ បានឃាត់ខ្លួនមនុស្សចំនួន៨នាក់ ដែលអាចជាប់ពាក់ព័ន្ធមានទាំងប្រធានរដ្ឋបាល ប្រធានផ្នែក អ្នកបកប្រែ ហើយក្នុងនោះមានម្នាក់ជាជនជាតិថៃ ដែលជាអ្នកបញ្ជាការបំផ្ទុះ។ ការឃាត់ខ្លួននេះ ក្រោយការឯកភាពពីលោក ប៉ុក តារា ព្រះរាជអាជ្ញារងខេត្តត្បូងឃ្មុំ។
សូមជម្រាបថា បច្ចុប្បន្នកម្លាំងនគរបាលជំនាញស្រុក សហការជាមួយជំនាញខេត្ត កំពុងតែបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់លើករណីមួយនេះ៕