(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី ហ៉ឹម ឆែម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង និងស្រោចព្រះសុគន្ធវារី ប្រគេនព្រះមង្គលរក្ខិត រតនប្បជ្ជោតិ ឃឹម សម្បត្តិ ឲ្យឡើងទៅជាព្រះអនុគណខណ្ឌឬស្សីកែវ នៃវត្តញាណរង្សី។
ក្នុងឱកាសនោ ទេសរដ្ឋមន្ត្រី ហ៉ឹម ឆែម បានថ្លែងថា ក្នុងនាមក្រសួងធម្មការ និងសាសនា និងក្នុងនាមលោកផ្ទាល់ សូមចូលរួមអបអរសាទរ ជាមួយព្រះមង្គលរក្ខិត រតនប្បជ្ជោតិ ឃឹម សម្បត្តិ ព្រះអនុគណខណ្ឌឬស្សីកែវ ដែលទទួលបានការតែងតាំងនូវសមណសក្តិដ៏សក្តិសមនាពេលនេះ។ ប្រការនេះ គឺជាការលើកទឹកព្រះទ័យដ៏ប្រពៃមួយ ដើម្បីឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែងយកអស់កម្លាំងព្រះកាយ និងព្រះបញ្ញាញាណ ចូលរួមក្នុងសកម្មភាពផ្សេងៗ សម្រាប់វិស័យព្រះពុទ្ធសាសនា ក៏ដូចជាក្នុងសង្គមជាតិទាំងមូល ទទួលបានលទ្ធផលល្អគួរជាទីមោទនៈ ក្នុងរយៈកាលកន្លងមក។
ជាកិច្ចចាប់ផ្ដើមមុនស្រង់សុគន្ធវារីប្រគេនព្រះមង្គលរក្ខិត ខឹម សម្បត្តិ ព្រះគ្រូរតនប្បជ្ជោតិ អនុគណខណ្ឌឬស្សីកែវ, លោក ជា ពិសី អភិបាលខណ្ឌ បានលើកឡើងអំពីការបង្ហាញឲ្យឃើញកាន់តែច្បាស់នូវការគាំទ្រយ៉ាងក្លៀវក្លា ចំពោះព្រះពុទ្ធសាសនារបស់យើង ក្នុងន័យបង្កើតបានជាកម្លាំងសរុបដ៏ធំ ឈានទៅអភិវឌ្ឍន៍ ផ្នែកព្រះពុទ្ធសាសនា និងចូលរួមចំណែក លើការងារសង្គមកាន់តែរីកចម្រើនទ្វេឡើងថែមទៀត ស្ថិតក្នុងស្ថានភាពប្រទេសជាតិទាំងមូលទទួលបានសុខសន្តិភាព ពេញលេញពិតប្រាកដ ដែលជាព្រឹត្តការណ៍នយោបាយឈ្នះឈ្នះ បញ្ជាក់ពីស្នាដៃ និងគំនិតដ៍ឈ្លាសវៃ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកអភិបាលខណ្ឌឬស្សីកែវ បានបង្ហាញថា តាមរយៈព្រះពុទ្ធសាសនា ព្រះសង្ឃបានដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គម ដោយបានបំពេញការងារច្រើនយ៉ាង ស្របតាមបាវចនា ជាតិសាសនាព្រះមហាក្សត្រ ក្នុងការអប់រំពីគុណធម៌ ចរិយាធម៌ ដើម្បីកសាងសង្គមមួយ ឲ្យមានភាពត្រកុំត្រកាលឡើង។
លោកបន្តថា ក្នុងរបប ប៉ុល ពត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ជំនឿសាសនាទាំងអស់ ពិសេសព្រះពុទ្ធសាសនា ត្រូវបានបំផ្លិចបំផ្លាញខ្ទេចខ្ទាំគ្មានសល់ វត្តអារាម ព្រះវិហារ ត្រូវបានប្រែក្លាយជាឃ្លាំង ជារោងបាយ កន្លែងចិញ្ចឹមសត្វ។ ក្នងដំណាក់កាលនោះហើយ គឺមានតែគណបក្សប្រជាជនកម្ពុជា ដែលហ៊ានក្រោកឈរឡើងតស៊ូ និងបូជាអ្វីៗគ្រប់បែបយ៉ាង ដើម្បីរំដោះប្រទេសឱ្យរួចផុតពីរបបខ្មៅងងឹត។
ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ប្រជាជនកម្ពុជា បានវិលត្រឡប់មករួមរស់ជាមួយក្រុមគ្រួសារឡើងវិញ ប្រកបដោយសេចក្តីសោមនស្សរីករាយគ្រប់គ្នា។ នៅពេលនោះ ពិតមែនតែកម្ពុជានៅមានសុខភាពទ្រុឌទ្រោម ស្គមស្គាំង និងមានជំងឺដង្កាត់គ្រប់ប្រភេទក៏ដោយ ក៏ប្រជាជនកម្ពុជាទាំងអស់គ្នា បានខិតខំប្រឹងប្រែងយ៉ាងអស់ពីកម្លាំងកាយ និងកម្លាំងចិត្ត ក្នុងការប្រមែប្រមូលធនធាននៅសេសសល់ ដើម្បីរួមគ្នាកសាងឡើងវិញនូវខឿនសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងសាសនា ដែលត្រូវបានបំផ្លិចបំផ្លាញស្ទើរដល់កម្រិតសូន្យ។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងពិតជាចងចាំមិនភ្លេចទេថា ពេលនោះព្រះពុទ្ធសាសនា បានចាប់កំណើតឡើងវិញជាបណ្តើរៗ ព្រះសង្ឃ លោកតា លោកយាយ និងបងប្អូនប្រជាជនត្រូវធ្វើបុណ្យនៅក្នុងវត្ត ព្រះវិហារ និងឧបដ្ឋានសាលា ដែលមានសភាពរខេករខាកទ្រុឌទ្រោម និងអត្តខាត់។ យើងបានរួមគ្នាជួសជុល និងកសាងឡើងវិញជាបន្តបន្ទាប់ ពិសេសហេដ្ឋា-រចនាសម្ព័ន្ធរូបវ័ន្តទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ ដូចជា ផ្លូវថ្នល់ ស្ពាន ទំនប់ទឹក ប្រឡាយ សាលារៀន មន្ទីរពេទ្យ ស្រះទឹក អណ្តូងទឹក ព្រះវិហារ ឧបដ្ឋានសាលា សេនាសនៈផ្សេងៗក្នុងទីអារាម»។
ទេសរដ្ឋមន្ត្រី ហ៉ឹម ឆែម ថ្លែងទៀតថា ចំនួនសាលារៀន និងវត្តអារាម មានការកើនឡើង ផ្លូវថ្នល់ សំណង់ធារាសាស្ត្រ ត្រូវបានស្តារជួសជុល និងកសាងជាថ្មី។ រាជរដ្ឋាភិបាល បានខិតខំធ្វើសាលារៀន និងវត្តអារាមឱ្យខិតកាន់តែទៅជិតជាមួយនឹងលំនៅដ្ឋានរបស់ប្រជាជន សំដៅធ្វើយ៉ាងណាសម្រួលដល់ការរៀនសូត្ររបស់កុមារ និងជូនលោកយាយ លោកតា និងប្រជាជនបានធ្វើបុណ្យសន្សំកុសលនៅក្បែរផ្ទះ ដោយពេញដៃពេញជើង ដោយមិនចាំបាច់ធ្វើដំណើរឆ្ងាយ។
លើសពីនេះ វិស័យពុទ្ធិកសិក្សាក៏មានការរីកចម្រើនជាលំដាប់ ដោយសព្វថ្ងៃនេះកម្ពុជាមានសាលាធម្មវិន័យ ចាប់តាំងពីថ្នាក់ត្រី ទោ និងឯក និងមានសាលាពុទ្ធិកសិក្សាពីថ្នាក់បឋមសិក្សា រហូតដល់ថ្នាក់ពុទ្ធិកវិទ្យាល័យ និងមានពុទ្ធិកសាកលវិទ្យាល័យ ថែមទៀតផង។ ប្រការនេះ បញ្ជាក់ច្បាស់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ឧត្តមប្រយោជន៍ដល់ពុទ្ធសាសនិក និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ។ ការទទួលបាន នូវសមិទ្ធិផលទាំងនេះ បង្ហាញឱ្យឃើញនូវការខិតខំប្រឹងប្រែងរបស់បងប្អូនប្រជាជនគ្រប់ៗគ្នា និងការចេះរួបរួមសាមគ្គី ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។
លោកបានបន្តថា រដ្ឋធម្មនុញ្ញកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ភាគច្រើនលើសលប់នៃប្រជាជនកម្ពុជា ចាត់ទុកព្រះពុទ្ធសាសនា គឺជាផ្នែកមួយនៃអត្តសញ្ញាណជាតិ។ ក្នុងន័យនេះ រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍ វិស័យព្រះពុទ្ធសាសនា ដើម្បីជាប្រយោជន៍ក្នុងការរួមចំណែកពង្រឹងសាមគ្គីភាព ការលើកកម្ពស់វប្បធម៌នៃការយោគយល់គ្នា ក្នុងចំណោមពុទ្ធសាសនិក ក៏ដូចជាប្រជាជនកម្ពុជា នៅគ្រប់សមាសភាពសង្គម។ រាជរដ្ឋាភិបាល និងពុទ្ធសាសនិកទាំងអស់នៅតែបន្តការពារ និងគោរព ព្រមទាំងលើកស្ទួយព្រះពុទ្ធសាសនាជាដរាប ដោយធ្វើយ៉ាងណាឲ្យកម្លាំងដ៏មានឥទ្ធិពល នៃព្រះពុទ្ធសាសនាបន្តស្ថិតនៅ និងជ្រួតជ្រាបក្នុងក្រអៅបេះដូងនៃប្រជាជនខ្មែរ និងស្ថិតស្ថេរគង់វង្សស្របតាមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។
ទេសរដ្ឋមន្ត្រី ហ៉ឹម ឆែម បានបញ្ជាក់បន្តថា «រាជរដ្ឋាភិបាលរបស់យើងត្រូវការវត្តមាន និងការចូលរួមឥតសំចៃទាំងស្មារតី សម្ភារៈ និងបញ្ញាញាណពីប្រជាជនទាំងអស់ ដើម្បីរួមគ្នាកសាងកម្ពុជា ឱ្យក្លាយទៅជាសង្គមមួយ ដែលគ្មានអំពើហិង្សា គ្មានការរំលោភសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ចូលរួមចំណែកធ្វើឱ្យសង្គមកម្ពុជា ឱ្យនៅតែជាសង្គមមួយ ដែលមានមូលធនសង្គមដ៏រឹងមាំ ពោលគឺជាសង្គមមួយ ដែលមានប្រជាជនប្រកបដោយចំណេះដឹងជ្រៅជ្រះ មានសីលធម៌ គុណធម៌ ចរិយាធម៌ សាមគ្គីធម៌ និងប្រទេសដែលសម្បូររុងរឿង បន្តនូវអរិយធម៌ខ្ពង់ខ្ពស់ត្រចះត្រចង់ ប្រកបដោយសុខសន្តិភាពជានិរន្តរ៍»៕