(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ លោក មិត្ត ការ៉េន អគ្គលេខាធិការរងរដ្ឋសភា តំណាង លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានអញ្ជើញជាអធិបតី ក្នុងពិធីបិទការប្រកួតកីឡាវាយកូនឃ្លីលើតុលើកទី២ ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា ដែលរៀបចំឡើងដោយក្លឹបរដ្ឋសភាសែនជ័យ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។
តាមរយៈការប្រកួតរយៈពេល២ថ្ងៃ គឺថ្ងៃទី១៤ និងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩កន្លងមកនេះ គេសង្កេតឃើញថា កីឡាករទាំងអស់ បានបញ្ចេញនូវសមត្ថភាព ទេពកោសល្យនិងបច្ចេកទេសរៀងៗខ្លួន ក្នុងការប្រកួតប្រជែងដើម្បីដណ្ដើមយកពានរង្វាន់ ប្រកបដោយការទទួលខុសត្រូវ គោរពវិន័យតាមក្រឹត្យក្រមនៃកីឡា។
ក្នុងឱកាសបិទការប្រកួតនេះ លោក មិត្ត ការ៉េន បានលេីកឡេីងថា ការលេងកីឡាគឺដេីម្បីសុខភាព មិត្តភាព និងរក្សាសេចក្តីថ្លៃថ្នូរ កីឡាគឺជាមធ្យោបាយជម្រុះសង្រ្គាមនាំមកនូវសុខសន្តិភាព។ លោកបានផ្តាំផ្ញេីដល់កីឡាករទាំងអស់ ប្រឹងប្រែងបន្ថែមទៀត ដោយនៅពេលនេះ សង្កេតឃេីញថា កីឡាករយេីងលេងបានល្អ តែនៅខ្វះបច្ចេកទេសនៅឡេីយ ចំណែករូបមន្តនៃការលេងនៅមានកម្រិត ដូច្នេះសូមកីឡាករទាំងអស់ ប្រឹងប្រែងហាត់បន្ថែមទៀត ដេីម្បីអាចមានឱកាសចូលប្រកួតជាមួយស្ថាប័នដ៏ទៃ ឬក៏ចូលរួមប្រកួតថ្នាក់ជាតិផងដែរ។
គួររំលឹកដែរថា ពិធីបេីកការប្រកួតកាលពីរសៀលម្សិលមិញ មានការចូលរួមពី លោក ញ៉ែម សាវើយ អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ ដែលជាតំណាងរបស់ លោក ហង្ស វិចិត្រ អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានក្លឹបរដ្ឋសភាសែនជ័យ នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។ កីឡាករដែលចូលរួមប្រកួតជាមន្រ្តីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាចំនួន ៤៦នាក់ បានចូលរួមប្រកួត ហើយការប្រកួតនេះមាន ២វិញ្ញាសា គឺ ទី១ វិញ្ញាសាវាយគូបុរស និងទី២ វិញ្ញាសាឯកត្តជនបុរស។
ចំពោះលទ្ធផលនៃការប្រកួតនារសៀលថ្ងៃនេះ វិញ្ញាសាវាយគូបុរស លេខ១ បានទៅលោក ទេព វាសនា និងលោក ដេ រដ្ឋា លេខ២ បានទៅលោក ងី វិចិត្រ និងលោក ឆន ឆាយ ចំណែកវិញ្ញាសាឯកត្តជនបុរស លេខ១ បានទៅលោក អ៊ុ កាមិន និងលេខ២ បានទៅលោក ប៉ែន ប្រាកដ៕