(ព្រៃវែង)៖ នៅថ្ងៃសុក្រ ១០កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ព្រមទាំងសហការីបានចុះជាក់ស្តែងដើម្បីពិនិត្យវាយតម្លៃស្ថានភាពនៃអាងទឹកស្នេហ៍ស្ថិតក្នុងស្រុកបាភ្នំ។
អាងទឹកស្នេហ៍ មានលទ្ធភាពអាចស្តុកទឹកបាន ចំនួន ៨៣លានម៉ែត្រគូប តែបច្ចុប្បន្ននៅសល់តែប្រមាណ ៦លានម៉ែត្រគូបតែប៉ុណ្ណោះ។
មូលហេតុដោយបរិមាណទឹកកន្លងមកត្រូវបានប្រើប្រាស់ក្នុងការស្រោចស្រពដល់រដូវប្រាំងលើកទី១លើផ្ទៃដីសរុប ៩៧៩៧ហិចតាដោយបានទទួលផលរួចជាស្រេច ។ តែអ្វីដែលជាការព្រួយបារម្ភដែលតាមការប៉ាន់ប្រមាណនោះគឺហានិភ័យនឹងកើតឡើង គឺអស់ទឹកទាំងស្រុង មូលហេតុដោយបងប្អូនប្រជាពលរដ្ឋលោកនៅបន្តធ្វើស្រែប្រាំងលើកទី២បន្ថែមទៀតទោះបីជាមានការណែនាំ និងសារាចរណ៍ របស់រាជរដ្ឋាភិបាលយ៉ាងណាក្តី។
ទន្ទឹមហ្នឹងនោះក្រសួងក៏ដូចជាមន្ទីរបានបន្តអន្តរាគមន៍បូមជួយសង្គ្រោះដោយប្រើប្រាស់ម៉ាស៊ីនចំនួន៥គ្រឿងរាប់ខែមកហើយដើម្បីអន្តរាគមន៍ជួយសង្គ្រោះស្រូវប្រាំងលើកទី ២ ចំនួន ៤.៣៦៣ ហិចតា នៅក្នុងស្រុកបាភ្នំ ,ស្រុកស្វាយអន្ទរ,ស្រុកពាមរទ៍ និងស្រុកទីរួមខេត្ត។
ដោយពិនិត្យនូវស្ថានភាពជាក់ស្តែងថានឹងអាចខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ ឯកឧត្តមរដ្ឋមន្រ្តីបានសំរេចផ្តល់ជូននូវអណ្តូងចំនួន ១៨កន្លែង ដោយមួយភូមិផ្តល់ជូននូវអណ្តូង ២កន្លែង។ ការងារនេះនឹងផ្តើមដំណើរការចាប់ពីថ្ងៃស្អែកទី១៦ តទៅ។
តំណាងអាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋ បានគោរពសំដែងអំណរដ៏ជ្រាលជ្រៅចំពោះរដ្ឋមន្រ្តី ដែលបានយកចិត្តទុកដាក់ជួយសម្រួលបញ្ហាប្រឈមដែលពួកគាត់កំពុងជួបប្រទះ និងបានដោះស្រាយតម្រូវការទឹកប្រើប្រាស់ប្រចាំថ្ងៃរបស់ពួកគាត់បានទាន់ពេលវេលានាពេលនេះ៕