Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ដ្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បង្ហាញពីរបៀបការពារ និងសង្គ្រោះបឋម ដើម្បីជៀសផុតពីគ្រោះថ្នាក់ដល់ជីវិតក្នុងរដូវក្ដៅនេះ (Video Inside)

15-03-2019 18:49

(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបង្ហាញពីរបៀបការពារ និងសង្គ្រោះបឋម ដើម្បីជៀសផុតពីគ្រោះថ្នាក់ដល់សុខភាព និងអាចបណ្ដាលឲ្យបាត់បង់ជីវិត ដោយសារបញ្ហាជំងឺបេះដូង សួត និងអាចមានជំងឺឆ្លងផ្សេងៗ នៅក្នុងរដូវក្ដៅនេះ ពិសេសត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះជនងាយរងគ្រោះ គឺទៅលើមនុស្សចាស់ និងកុមារតូច ខណៈដែលឆ្នាំនេះ កម្ពុជាយើងមានការកើននូវកំដៅ ដែលធ្វើឲ្យសីតុណ្ហភាព ឡើងរហូតដល់ទៅ៤០-៤២អង្សាសេ ។

ខាងក្រោមនេះ ជាវិធីការពារ និងសង្គ្រោះបឋម៖

*របៀបនៃការការពារ៖
១៖
ក្នុងរដូវក្ដៅ ធ្វើឱ្យយើងបាត់បង់នូវជាតិទឹក ដូច្នេះត្រូវពិសាទឹកឱ្យបានច្រើន និងជៀសវៀងការបរិភោគភេសជ្ជៈផ្អែម
២៖ កុំនៅក្រោមកំដៅថ្ងៃយូរពេក
៣៖ ត្រូវស្លៀកសម្លៀកបំពាក់ស្ដើងៗ និងពណ៌ស្រាលៗដែលមិនសូវស្រូបកំដៅថ្ងៃ និងស្លៀកពាក់ខោអាវវែង ហើយពេលចេញទៅក្រៅត្រូវពាក់មួក និងប្រើឆ័ត្រ ដើម្បីការពារ
៤៖ ត្រូវប្រកាន់ខ្ជាប់នូវអនាម័យជាប់ជានិច្ច ដោយការបរិភោគចំណីអាហារ ត្រូវស្អាត មានអនាម័យល្អ ទុកដាក់ម្ហូបឱ្យបានត្រឹមត្រូវ របស់ឆៅ របស់ស្រស់ ឱ្យមានរបៀបកុំនៅច្របូកច្របល់គ្នា ត្រូវចម្អិនម្ហូបឱ្យឆ្អិនល្អ កាលណារដូវក្ដៅអាហារងាយនឹងជូផ្អូម, ពិសាទឹក ទឹកនោះត្រូវតែស្អាតមានអនាម័យ និងទឹកឆ្អិន
រួមទាំងត្រូវសម្អាតចង្រ្គាន និងបរិវេណជុំវិញដើម្បីជៀសវាងនូវការចម្លងរោគផ្សេងៗ
៥៖ ជៀសវាងពិសាអាហារក្ដៅ និងពិសាអាហារច្រើនពេក

*វិធីសង្គ្រោះបឋម៖
១៖
អាកាសធាតុក្ដៅខ្លាំង កាលបើយើងប្រហេស ឬមិនបានយកចិត្ដទុកដាក់ អាចនឹងបណ្ដាលឲ្យយើងស្លាប់បាន ដោយសារតែយើងខ្សោះជាតិទឹក បាត់នូវសាធាតុរ៉ែ ធ្វើឱ្យយើងដួលសន្លប់ កុំទុកគាត់យូរ ត្រូវប្រញាប់នាំមកមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតគាត់ សម្រាប់អ្នកដួលសន្លប់ ត្រូវដាក់អ្នកជំងឺ ឱ្យសម្រាក ដោយលើកជើងគាត់ឡើងលើបន្ដិច ឬកលជើងឱ្យខ្ពស់ ដើម្បីឱ្យចរន្ដឈាមហូរមកខួរក្បាល ត្រូវដាក់នៅក្រោមម្លប់ដែលត្រជាក់
២៖ ដោះ ឬបន្ធូរសម្លៀកបំពាក់អ្នកជំងឺចេញ
៣៖ ដណ្ដប់អ្នកជំងឺដោយក្រណាត់សើម ដោយប្រើទឹកធម្មតា ។

ទន្ទឹមនឹងលោកស្រីវេជ្ជបណ្ឌិត អំពាវដល់ប្រជាពលរដ្ឋ​ ត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គីភ័យផងដែរ។

សម្រាប់ព័ត៌មានបន្ថែម៖ សូមទាក់ទងលេខទូរស័ព្ទ ទាន់ហេតុការណ៍ដោយឥតគិតថ្លៃ១១៥ ទោះគ្មានថវិកាក្នុងទូរស័ព្ទ របស់អ្នកក៏អាចទូរស័ព្ទចូលបានដែរ ឬទំនាក់ទំនងក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត លី សូវ៉ាន់៖ ០១២ ៨២៥ ៤២៤៕