(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិរបស់កម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ សម្ដែងនូវការតក់ស្លុត និងសោកសង្រេងជាខ្លាំង ចំពោះហេតុការណ៍បាញ់សម្លាប់នៅវិហារឥស្លាម Al Noor និង Linwood នៅក្នុងទីក្រុងក្រៃស៍ឆឺច ប្រទេសណូវែលហ្សេឡង់ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩។
ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «យើងខ្ញុំសូមសម្ដែងនូវសមានចិត្តអាណិតអាសូរ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះជនរងគ្រោះ និងអ្នកជាទីស្រលាញ់ របស់ពួកគាត់។ យើងសូមរួមសាមគ្គីជាមួយរដ្ឋាភិបាល និងប្រជាជនណូវែលហ្សេឡង់ ក្នុងអំឡុងពេលដ៏សោកនាដកម្មនេះ ដើម្បីផ្ដល់នូវការធានាអះអាងខ្ពស់បំផុត ចំពោះសុវត្ថិភាពជូនជនស្លូតត្រង់ ទាំងពលរដ្ឋណូវែហ្សេឡង់ និងសមាជិកសហគមន៍កម្ពុជានៅទូទាំងប្រទេសណូវែលហ្សេឡង់»។
ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្ដរជាតិ បានអះអាងថា កម្ពុជាប្ដេជ្ញាចិត្តឥតងាករេ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មគ្រប់ទម្រង់ និងរូបភាពទាំងអស់។
សូមជម្រាបថា មកទល់ពេលនេះតួលេខមនុស្សស្លាប់ ជាផ្លូវការបានកើនរហូតដល់ទៅ ៤៩នាក់ និងជាច្រើននាក់ទៀតរងរបួស នៅក្នុងករណីបាញ់ប្រហារពីរកន្លែងខុសគ្នា នៅក្នុងទីក្រុង ក្រៃស៍ឆឺច (Christchurch) ដែលស្ថិតនៅបណ្តាយឆ្នេរភាគខាងកើតប្រទេសនូវែលសេឡង់ ខណៈពីដំបូងឡើងមានការអះអាងថា មនុស្សតែចំនួន០៩នាក់ប៉ុណ្ណោះស្លាប់ និងខ្ទង់ ៥០នាក់រងរបួស។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០១៩។
បើតាមការលើកឡើងរបស់លោកស្រីនាយករដ្ឋមន្រ្តីនូវែលសេឡង់ ជេស៊ីនដា អាដឺន (Jacinda Ardern) ករណីបាញ់ប្រហារយ៉ាងកក្រើកបែបនេះ គឺជាសកម្មភាពភេរវកម្មសុទ្ធសាធ ដែលត្រូវបានគ្រោងរៀបចំទុកជាមុនយ៉ាងហ្មត់ចត់។ មិនតែប៉ុណ្ណោះលោកស្រី ថែមទាំងបានសម្តែងការចូលរួមសោកស្តាយជាខ្លាំង ចំពោះជនរងគ្រោះទាំងអស់ និងថាសោកនាដកម្មនេះ គឺជាថ្ងៃដ៏ងងឹតសូន្យសុងបំផុតមួយសម្រាប់ប្រជាជាតិនូវែលសេឡង់ទាំងមូល។
គួរជម្រាបថា ព្រះវិហារអ៊ីស្លាមចំនួន ០២កន្លែងនៅក្នុងទីក្រុង Christchurch បានរងការបាញ់ប្រហារពីខ្មាន់កាំភ្លើងម្នាក់។ ក្នុងឃ្លីបវីដេអូមួយបង្ហោះលើបណ្តាញទំនាក់ទំនងសង្គម ខ្មាន់កាំភ្លើងម្នាក់នោះបានអះអាងថា ខ្លួនជាជនជាតិអូស្រ្តាលី និងមានឈ្មោះ ប្រេនតុន តារ៉ានត៍ (Brenton Tarrant) វ័យ ២៨ឆ្នាំ៕