(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ បានលើកឡើងថា លោកគ្រោងបង្កើតសហគមន៍ទេសចរណ៍មួយ នៅឃុំរាំងទិល សម្រាប់ដឹកជញ្ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលស្រលាញ់ធម្មជាតិ នៅលើផ្ទៃទឹកបឹងទន្លេសាប។ ហើយសហគមន៍ទេសចរណ៍នេះ នឹងត្រូវធ្វើឡើងអំឡុងខែសីហា នៃរដូវទឹកឡើងខាងមុខ ដោយមានការដឹកជញ្ជូនគ្រប់មធ្យោបាយទូក និងអាហារដ្ឋាន ទៅតាមគ្រួសារទូកនីមួយៗ ដែលមានមុខម្ហូបយ៉ាងតិច៣មុខ ក្នុងមួយគ្រួសារ។
ការលើកឡើងរបស់លោក ម៉ៅ ធនិន ត្រូវបានធ្វើឡើង ក្នុងពិធីបើកការដ្ឋានសាងសង់ អាគារសិក្សាអនុ និងវិទ្យាល័យរាំងទិល ដែលមានបណ្តោយ១០៤ម៉ែត្រ និងទទឹង១២,៧៨ម៉ែត្រ កម្ពស់២ជាន់ មាន៨បន្ទប់ ស្ថិតក្នុងភូមិរាំងទិល ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ជាអំណោយរបស់ក្រុមបេសកកម្មឯកជន ប្រជាជនកូរ៉េ តាមរយៈលោក ឡេង សានូ ប្រធានសម្ព័ន្ធភាពគ្រីស្ទបរិស័ទ ត្រូតេស្តង់ខេត្ត។
លោក ម៉ៅ ធនិន បានថ្លែងអំណរគុណដល់ក្រុមបេសកកម្មឯកជន ប្រជាជនកូរ៉េ តាមរយៈលោក ឡេង សានូ ប្រធានសម្ព័ន្ធភាពគ្រីស្ទបរិស័ទត្រូតេស្តង់ខេត្ត ដែលបានផ្តួចផ្តើម និងស្វែងរកមូលនិធិ សាងសងសំណង់អាគារសិក្សាអនុ និងវិទ្យាល័យរាំងទិល ក្នុងបរិវេណសាលាបឋមសិក្សារាំងទិល ដែលមានបណ្តោយ១០៤ម៉ែត្រ និងទទឹង១២,៧៨ម៉ែត្រ កម្ពស់២ជាន់ មាន៨បន្ទប់រៀន មានកន្លែងស្នាក់នៅ និងការិយាល័យធ្វើការ។ អគារនេះ សាងសង់ឡើងសម្រាប់ជាប្រយោជន៍ដល់កូនក្មួយរបស់យើង និងជាបាតគ្រឹះនៃការកសាងធនធានមនុស្សនៅកម្ពុជា។ ជាកាពិតណាស់ នៅប្រទេសមួយចំនួន ក្នុងពិភពលោក ក្នុងនោះក៏មានកម្ពុជាយើងផងដែរ ត្រូវការខ្លាំងណាស់នូវធនធានមនុស្ស ដូច្នេះធនធានមនុស្សគឺជាកត្តាកំណត់ និងជាកម្លាំងដ៏សំខាន់ សម្រាប់ការអភិវឌ្ឍប្រទេស។
លោកបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បាននាំមកនូវសុខសន្ដិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ដោយបានធ្វើឲ្យសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារល្អប្រសើរពីមួយថ្ងៃ ទៅមួយថ្ងៃ។ ដូច្នេះសន្តិភាពមានតម្លៃធំធេងណា សូមពុកម៉ែបន្តនូវវីរភាពនេះ ដោយរួមដំណើរជាមួយសម្តេច ជាប្រយោជន៍នៃការអភិវឌ្ឍន៍មូលដ្ឋាន សម្រាប់កូនចៅជំនាន់ក្រោយរបស់យើង។
លោកបានបន្ថែមទៀតថា នៅក្នុងអំឡុងខែសីហា នៃរដូវទឹកឡើងខាងមុខ សហគមន៍ទេសចរណ៍ឃុំរាំងទិល នឹងចាប់ផ្តើមបើកដំណើរការដឹកជញ្ជូនភ្ញៀវទេសចរ ដែលមានចំណាប់អារម្មណ៍ ស្រលាញ់ទៅលើទេសចរណ៍ធម្មជាតិ នៅលើផ្ទៃទឹកបឹងទន្លេសាប ដោយមានការដឹកជញ្ជូនគ្រប់មធ្យោបាយទូក និងមានអាហារដ្ឋានតម្លៃសមរម្យ ទៅតាមគ្រួសារទូកនីមួយៗ ដែលមានមុខម្ហូបយ៉ាងតិច៣មុខ ក្នុងមួយគ្រួសារ។
នេះជាជំហ៊ានមួយ នៃការរិះរកមធ្យោបាយលើកកម្ពស់នូវប្រាក់ចំណូល សម្រាប់ជីវភាពប្រជាពលរដ្ឋរបស់យើង ក្នុងរដូវបិទនេសាទ។ លោកបន្តទៀតថា លោកនឹងទំនាក់ទំនងទៅលោក កែវ រតនៈ ដែលជាប្រធានក្រុមការងារចុះជួយស្រុកកណ្តៀង ដើម្បីរៀបចំលំនៅដ្ឋាននៅទីនេះ ឲ្យមានសោភណ្ឌភាព រស់នៅដោយសុខស្រួល និងក្លាយជាភូមិពោរពេញទៅដោយទេសចរណ៍ធម្មជាតិ។ លោកក៏បានសង្កត់ធ្ងន់ថា លោកអភិបាលស្រុក លោកមេឃុំ លោកប្រធានមន្ទីរទេសចរណ៍ និងអង្គភាពដែលមានការពាក់ព័ន្ធ ត្រូវសហការគ្នារៀបចំយន្តការនេះ ឲ្យបានឆាប់រហ័ស និងរុញព័ត៌មាន ទៅក្នុងWebsite ឬYoutube និងព័ត៌មានទេសចរណ៍ក្នុងខេត្ត ដើម្បីផ្សព្វផ្សាយឲ្យទូលំទូលាយ ទៅដល់ប្រជាពលរដ្ឋដែលមានចំណាប់អារម្មណ៍ ស្រលាញ់ទៅលើទេសចរណ៍ធម្មជាតិ នៅលើផ្ទៃទឹកបឹងទន្លេសាប។
ជាមួយគ្នានោះ លោកអភិបាលខេត្ត បានអំពាវនាវ ឲ្យបងប្អូនប្រជានេសាទទាំងអស់ សូមប្រើប្រាស់ឧបករណ៍នេសាទទៅតាមបទដ្ឋានបច្ចេកទេស របស់ក្រសួងកសិកម្ម និងសូមចូលរួមទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ដើម្បីឲ្យផលត្រីរបស់យើងសម្បូរ អាចផ្គត់ផ្អង់តម្រូវការប្រជាពលរដ្ឋទូទាំងខេត្ត ក៏ដូចជាទូទាំងប្រទេស៕