(សៀមរាប)៖ សាកលវិទ្យាល័យអង្គរ ខេត្តសៀមរាប (Angkor University/ AU) នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ បានចុះអនុស្សារណៈ ស្តីពី ការផ្តល់អាហារូបករណ៍ សម្រាប់សិស្ស/និស្សិត ៥០កន្លែង សម្រាប់ឆ្នាំ២០១៩ ដើម្បីទៅសិក្សានៅប្រទេសជប៉ុន ជាមួយក្រុមហ៊ុន GENKI MEDICAL CARE ORGANIZATION / GMCO មកពីប្រទេសជប៉ុន។
ពិធីនេះ បានប្រព្រឹត្តិទៅក្រោមអធិបតីភាពរបស់ លោកអ្នកឧកញ៉ា សៀង ណាំ សមាជិកសភា និងជាតំណាងរាស្ត្រមណ្ឌលសៀមរាប និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យា AU, លោកព្រឹទ្ធាចារ្យ Yakata Kannari នាយកក្រុមហ៊ុន GMCO របស់ប្រទេសជប៉ុន, លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប ព្រមទាំងវត្តមានសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មន្ត្រីរាជកា និងប្រតិភូមកពីប្រទេសជប៉ុនជាច្រើន សរុបប្រមាណជា ៥០០នាក់។
បើតាមសេចក្តីរាយការណ៍របស់លោក សុខ តុញ អនុប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យអង្គរ បានឲ្យដឹងថា កិច្ចព្រមព្រៀង នៃអនុស្សារណៈនេះ គឺក្រុមហ៊ុន GMCO នឹងផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិត និងអ្នកសិក្សាទូទៅ ចំនួន ៥០រូប លើផ្នែកថែទំាមនុស្សចាស់ បន្ទាប់ពីប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩ បានជាប់ជាស្ថាពរ ។
លោកបានបញ្ជាក់ថា សាកលវិទ្យាល័យអង្គរ ក៏មានអាហារូបករណ៍របស់ អ្នកឧកញ៉ា សៀង ណាំ ចំនួន១៥កន្លែង ផ្នែកវិស្វកម្មផងដែរ ។ ហើយបេក្ខជនែលប្រឡងជាប់នឹងទទួលបានការបណ្តុះបណ្តាល ដោយឥតគិតថ្លៃ រយៈពេល៥ឆ្នាំ។ ក្នុងនោះ សាកលវិទ្យាល័យ ក៏មានដៃគូរបរទេស ចាំទទួលនិស្សិត ទៅបន្តការសិក្សា ដូចជា នៅសាកលវិទ្យាល័យ ឆេងគួង នៅតៃវ៉ាន់ និងសាកលវិទ្យាល័យ កាម៉ាម៉ូតុ នៅប្រទេសជប៉ុន នៅកូរ៉េខាងត្បូង រុស្សី និងប្រទេសមួយចំនួនទៀត។
លោកព្រឹទ្ធាចារ្យ Kannari បានថ្លែងឲ្យដឹងថា ដោយសារប្រទេសជប៉ុន ឥឡូវមានប្រជាជនវ័យចំណាស់ច្រើន ដែលត្រូវការធនធានមនុស្ស ផ្នែកខាងសុខាភិបាល ដើម្បីជួយព្យាបាលថែទំាសុខភាព។ ហើយដោយលោកមាន ការស្រឡាញ់ ចូលចិត្តប្រជាជនកម្ពុជាដែលជាជាតិសាសន៍មួយ មានអរិយធម៌ខ្ពង់ខ្ពស់ រួសរាយ រាក់ទាក់ ស្មោះត្រង់ និងក្នុងនាមជាដៃគូរជិតស្និទ្ឋជាមួយ អ្នកឧកញ៉ា សៀង ណាំ ទើបក្រុមហ៊ុនរបស់លោក បានសម្រេចផ្តល់អាហាររូបករណ៍ តាមរយៈអ្នកឧកញ៉ា ដើម្បីទទួលយកសិស្សឲ្យទៅបន្តការសិក្សា នៅប្រទេសជប៉ុន ផ្នែកថែទាំសុខភាព និងការងារមួយចំនួនទៀត។
អ្នកឧកញ៉ា សៀង ណំា បានថ្លែងថា នេះជាឱកាសមួយដ៏កម្រ ដែលក្មួយៗសិស្សានុសិស្ស អាចចាប់យកឱកាសទៅសិក្សាដើម្បីជួយលើកស្ទួយកម្រិតជីភាពគ្រួសារ និងសង្គមជាតិ។ អ្នកឧកញ៉ា ក៏បានពន្យល់ថា សារៈប្រយោជន៍ នៃការទៅបន្តការសិក្សា នៅប្រទេសជប៉ុននេះ ទី១៖ គឺយើងទទួលបានចំណេះជំនាញច្បាស់លាស់លំដាប់អន្តរជាតិ, ទី២៖ អាចធ្វើការនៅប្រទេសជប៉ុន បានដោយទទួលបានប្រាក់ខែខ្ពស់, ទី៣៖ ពេលត្រឡប់មកនៅកម្ពុជាវិញ អាចទៅបម្រើការជាមួយមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន នៅខេត្តសៀមរាប។
អ្នកឧកញ៉ា បានផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្ស ដែលមានបំណងចង់ប្រឡងយកអាហារូបករណ៍ ដើម្បីទៅសិក្សានៅប្រទេសជប៉ុន ឲ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ហើយចាំបាច់ត្រូវសិក្សាភាសាជប៉ុនផងដែរ។ ហើយយើងត្រូវហាត់ពត់ កែទម្លាប់មិនល្អ និងអាកប្បកិរិយាមិនគប្បី ដើម្បីប្រែក្លាយខ្លួនជាធនធានមនុស្ស ដែលមានតម្លៃ និងពោរពេញដោយសមត្ថភាព ឲ្យស្របទៅតាមលំអានប្រពៃណី ទំនៀមទំលាប់ដូនតាខ្មែរ។
ក្នុងអនុស្សារណៈនោះ គឺបេក្ខជន ដែលប្រឡងជាប់ ត្រូវទទួលបានការបណ្តុះបណ្តាល ដោយឥតគិតថ្លៃរយៈពេល៣ឆ្នាំ ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ១០០ដុល្លារអាមរិក និងទទួលបានការស្នាក់នៅ ដោយឥតគិតថ្លៃ ព្រមទាំងបានចុះកម្មសិក្សា នៅមន្ទីរពេទ្យមិត្តភាពអង្គរកម្ពុជា-ជប៉ុន។ ហើយក្រោយបញ្ចប់ការសិក្សារយៈពេល៣ឆ្នាំ និស្សិតត្រូវទទួលបានការបណ្តុះបណ្តាលរយៈពេល២ឆ្នាំ នៅប្រទេសជប៉ុន និងត្រូវបានទទួលសញ្ញាបត្រ ដែលមានការទទួលស្គាល់ពីប្រទេសធំៗ នៅលើសាកលលោកផងដែរ។
សម្រាប់រសៀលនោះផងដែរ សាកលវិទ្យាល័យ បានរៀបចំព្រឹត្តិការណ៍ សង្ក្រាន្តឆ្នាំថ្មី ដើម្បីចូលរួមអបអរសាទរ សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ និងម្យ៉ាងទៀត គឺដើម្បីឲ្យសិស្សានុសិស្ស បានជួបជុំគ្នាសប្បាយរីករាយ និងជាមិត្តភាពតាមរយៈការលេងល្បែងប្រជាប្រិយ៍ខ្មែរជាច្រើន និងដោយមានចូលរួមសម្តែងពីក្រុមសិល្បៈ មកពីប្រទេសជប៉ុនផងដែរ៕