(ភ្នំពេញ)៖ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន Century 21 Cambodia Mekong បានបង្ហាញពីកត្តាចំនួន ដែលជំរុញឲ្យវិស័យដីធ្លីនៅកម្ពុជា នៅតែបន្ដភាពរីកចម្រើន មានភាពរឹងមាំ និងមានការចូលមកវិនិយោគ និងអភិវឌ្ឍជាហូរហែរ។
លោកបានឲ្យដឹងថា កត្តាដែលជំរុញឲ្យវិស័យដីធ្លីរឹងមាំរួមមាន៖ កត្តាទី១, កំណើនសេដ្ឋកិច្ចជាមធ្យម៧ភាគរយ ទី២, ស្ថេរភាពនយោបាយ មានស្ថានភាពល្អប្រសើរ ទី៣, តម្រូវការរបស់ប្រជាជនកម្ពុជាខ្លាំងលើលំនៅឋាន និងទី៤, ការហូរចូលទុនវិនិយោគ របស់ជនបរទេសដែលមកវិនិយោគនៅកម្ពុជា លើវិស័យអចលនវត្ថុនេះ។
លោកបន្ដថា វិស័យអចលនវត្ថុនៅប្រទេសកម្ពុជាដើមឆ្នាំ២០១៩នេះ នៅតែរក្សាភាពល្អប្រសើរ បន្ដការរីកចម្រើនចេញពីឆ្នាំ២០១៨ ហើយការរីកចម្រើននេះ ក៏គ្មានចំណុចណាមួយ បង្ហាញនូវកត្តាហានីភ័យនោះឡើយ។
ការលើកឡើងរបស់លោក ច្រឹក សុខនីម ធ្វើឡើងក្នុងឱកាសដែលលោកដឹកនាំក្រុមការងារគ្រួសារ Century21 Cambodia Family ធ្វើដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកិច្ចប្រជុំស្ដីពី Century 21 Golobal Conference 2019 នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩។
ក្នុងការដឹកនាំក្រុមការងារទៅចូលរួមក្នុងកិច្ចប្រជុំស្ដីពី Century 21 Golobal Conference 2019 នៅសហរដ្ឋអាមេរិកនេះលោក ច្រឹង សុខនីម ឲ្យដឹងថា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ជាលក្ខណៈសាកល និងរៀបចំឡើងរៀងរាល់មួយឆ្នាំម្ដង ដោយមានសមាជិកចូលរួម៨០ប្រទេស។ ក្នុងចំណោម៨០ប្រទេសនេះកម្ពុជា ក៏ជាប្រទេសមួយដែលតែងតែចូលរួម ក្នុងកិច្ចប្រជុំនេះជារៀងរាល់ឆ្នាំផងដែរ។
លោកបន្ដថា ជាក់ស្ដែងក្នុងថ្ងៃនេះគ្រួសារ Century21 Cambodia Family ចំនួន២៩នាក់បានចូលរួមក្នុងកិច្ចប្រជុំរយៈពេល៧ថ្ងៃចាប់ពីថ្ងៃទី១៩-២២ ខែមីនា ឆ្នាំ២០១៩ ក្នុងទីក្រុង Las Vegas ប្រទេសសហរដ្ឋអាមេរិក។
លោកបន្ថែមថា «ការចូលរួមកិច្ចប្រជុំនេះក្រុមហ៊ុន Century21 Cambodia Family នឹងនាំយកបទពិសោធន៍លើវិស័យដីធ្លីពី បណ្ដាប្រទេសផ្សេងៗមកអនុវត្តនៅកម្ពុជា និងរៀនសូត្រពីភាពជោគជ័យរបស់ពួកគាត់មកអនុវត្តន៍នៅកម្ពុជា»។
លោកស្រី Grace Rachny Fong នាយកប្រតិបត្តិក្រុមហ៊ុន Century 21ឲ្យដឹងថា បច្ចុប្បន្ននេះប្រទេសកម្ពុជាត្រូវបានលេចធ្លោ ក្នុងឆាកអន្ដរជាតិខុសកាលពីប៉ុន្មានឆ្នាំមុន ដែលពុំសូវមានអ្នកស្គាល់នោះឡើយ។ ការលេចធ្លោនេះបានធ្វើឲ្យកម្ពុជាក្លាយខ្លួនជាប្រទេស ដែលមានអ្នកមកវិនិយោគច្រើនលើវិស័យអចលនទ្រព្យ។
លោកស្រីបន្ថែមថា កត្តាដែលនាំឲ្យមានការចូលមកវិនិយោគច្រើន លើវិស័យអចលនទ្រព្យនៅកម្ពុជានេះគឺ ដោយសារតែកម្ពុជាជាប្រទេសដែលមាសក្ដានុពល ក្នុងការវិនិយោគ។
សូមបញ្ជាក់ថា ក្រុមហ៊ុន Century 21 Real Estate LLC ត្រូវបង្កើតឡើងក្នុងឆ្នាំ១៩៧២ នៅសហរដ្ឋអាមេរិក។ បច្ចុប្បន្ន Century 21 មានជាង៨ពាន់ការិយាល័យនៅទូទាំង៨០ប្រទេស និងមានភ្នាក់ងារអចលនទ្រព្យអាជីពប្រមាណ១៣៣.០០០នាក់។
ដោយឡែកសម្រាប់ Century 21 Cambodia ជាប្រទេសផ្លូវការទី៧៥ ដែលនាំយកសិទ្ធិអាជីវកម្ម របស់ក្រុមហ៊ុនអចលនទ្រព្យ Century 21។ បច្ចុប្បន្នមានការរិយាល័យចំនួន២២នៅភ្នំពេញ និងខេត្តព្រះសីហនុ និងមានភ្នាក់ងារអចលនទ្រព្យអាជីពជាង២០០នាក់៕