(សៀមរាប)៖ ស្ទឹងព្រះស្រុក ជាស្ទឹងធម្មជាតិដែលមានតាំងពីបុរាណមកហើយ ស្ថិតក្នុងឃុំល្វា ស្រុកពួក ខេត្តសៀមរាប មានប្រវែងសរុប ៥,៨០០ម៉ែត្រ។ ស្ទឹងនេះមានតួនាទីសំខាន់ដូចស្ទឹងរលួស ស្ទឹងសៀមរាបដែរ ព្រោះបានរំដោះទឹកជំនន់ពីតំបន់អង្គរ និងក្រុងសៀមរាប លើសពីនេះមានមុខងារជាអាងស្តុកទឹក សម្រាប់ប្រជាជនប្រើប្រាស់ និងធ្វើកសិកម្មក្នុងសហគមន៍ឃុំល្វាផងដែរ។
ដោយមូលហេតុដីចាក់បង្គរ បច្ចុប្បន្នស្ទឹងព្រះស្រុកមានទំហំរួមតូចជាងមុន ជម្រៅរាក់ដោយភក់ល្បាប់ មិនអាចរំដោះទឹកបានលឿន ឬស្តុកទឹកបានច្រើន និងម្យ៉ាងទៀតក៏មានការពង្រីកផ្ទៃដីកសិកម្មជាង ៣០០ហិតា នៅដើមឆ្នាំ២០១៩ ផងនោះ បរិមាណទឹកក្នុងស្ទឹងព្រះស្រុកមិនអាចផ្គត់ផ្គង់គ្រប់គ្រាន់។ ដូច្នេះអាជ្ញាធរជាតិអប្សរា ក៏បានជីកស្តារស្ទឹងព្រះស្រុកចំនួនចំនួន ១,៥០០ម៉ែត្រ ដើម្បីរំដោះទឹកពីតំបន់អង្គរនារដូវវស្សាឱ្យហូរចូលទៅបឹងទន្លេសាបឱ្យបានរហ័ស និងស្តុកទឹកសម្រាប់ឱ្យអ្នកភូមិប្រើស្រោចស្រពកសិកម្មឱ្យបានគ្រប់គ្រាន់នារដូវប្រាំង។
លោក រ៉ម វិចិត្រ មន្ត្រីបច្ចេកទេសនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បានលើកឡើងថា អាជ្ញាធរជាតិអប្សរា បានស្តារស្ទឹងព្រះស្រុកផ្នែកខាងលើម្តងរួចមកហើយ កាលពីឆ្នាំ២០១៥ ប្រវែង២គីឡូម៉ែត្រ។ ទន្ទឹមនឹងការងារស្តារស្ទឹង អាជ្ញាធរជាតិអប្សរា ក៏បានលើកជាទំនប់សងខាងស្ទឹងធ្វើជាផ្លូវសម្រាប់ធ្វើដំណើរបាន សង់ស្ពានមួយ និងសង់ទ្វារទឹកមួយអាចបិទ ឬបើក ស្តុប និងបញ្ចេញទឹក សម្រាប់ប្រើប្រាស់តាមតម្រូវការជូនប្រជាជនប្រើប្រាស់។
លោក វិចិត្រ បន្តថាការស្តារចំនួន ១,៥០០ម៉ែត្រ លើកទី២នេះ នឹងប្រើរយៈពេល៣ខែ គឺចាប់ពីថ្ងៃទី១២កុម្ភៈ ដល់ខែឧសភា ឆ្នាំ២០១៩ ដើម្បីផ្គត់ផ្គង់ទឹកឱ្យបានគ្រប់គ្រាន់ សម្រាប់ការពង្រីកផ្ទៃដីកសិកម្មរបស់ប្រជាជនជាង ៣០០ហិតា។ អាជ្ញាធរជាតិអប្សរា បានពង្រីកបន្ថែមនូវទំហំ និងជម្រៅពីបាតស្ទឹងចាស់ពី ១ម៉ែត្រ ទៅ ១.៥០ម៉ែត្រ ទៅតាមស្ថានភាពដីនៃការចាក់បង្គរដី រួមទាំងទទឹងបាតក្រោម ១៧ម៉ែត្រ ស្មើនឹងប្រវែងស្តារស្ទឹងផ្នែកខាងលើដែរ។
ក្រោយស្តាររួច ប្រព័ន្ធបង្ហូរទឹកនេះនឹងអាចផ្ទុកទឹកបានច្រើន សម្រួលដល់ចរាចរណ៍ផ្លូវទឹកដោយការប្រើទូកតូចៗនារដូវវស្សាបាន និងចរន្តទឹកហូរទៅទន្លេសាបបានលឿនជាងមុន។ លោកក៏សំណូមពរឱ្យប្រជាពលរដ្ឋចេះថែរក្សាស្ទឹងនេះឱ្យបានល្អ ហាមយកសំរាមចាក់ ឬបង្ហូរទឹកស្អុយចូលស្ទឹងជាដាច់ខាត ជាហេតុនាំឱ្យទឹកកង្វក់ និងស្ទឹងរាក់។
លោក ចិត សិក រស់នៅភូមិព្រហ៊ូត ឃុំល្វា ស្រុកពួក បានសម្តែងការសប្បាយចិត្តដែលអាជ្ញាធរជាតិអប្សរាស្តារស្ទឹងព្រះស្រុកដើម្បីស្តុកទឹកឱ្យបានច្រើន ធ្វើឱ្យគាត់អាចធ្វើស្រែបានច្រើនដោយមិនភ័យខ្លាចខ្វះទឹកដូចមុនៗទៀត «ខ្ញុំនិងអ្នកភូមិស្ទឹងព្រះស្រុក ភូមិព្រហ៊ូត និងភូមិច្រើនទៀតក្នុងឃុំល្វា អរគុណ ហើយសប្បាយចិត្តណាស់ ដែលអាជ្ញាធរជាតិអប្សរាមកស្តារស្ទឹងជូន ព្រោះសហគមន៍អាស្រ័យផលនឹងធ្វើស្រែស្រូវ អ៊ីចឹងហើយពេលមានទឹក គឺមានសង្ឃឹម! ខ្ញុំប្តេជ្ញានឹងថែរក្សា ការពារទ្វារទឹក រួមទាំងស្ទឹងឱ្យបានល្អ ព្រោះទឹកជាជីវិតក្នុងការប្រកបរបរកសិកម្ម»។
គួររំឭកដែរថា នៅឆ្នាំ២០១២ អាជ្ញាធរជាតិអប្សារបានស្តារប្រព័ន្ធរំដោះទឹកដើម្បីបញ្ចៀសការជន់លិចតំបន់អង្គរក៏ដូចជាក្រុងសៀមរាបទាំងមូល ដែលបានបង្វែរមុខទឹកមួយផ្នែកធំមកស្រុកពួក រួមទាំងស្តារប្រព័ន្ធប្រឡាយផ្សេងៗចុះមកក្រោមរហូតដល់ស្ទឹងព្រះស្រុកនៅឆ្នាំ២០១៥ មានប្រវែងសរុបចំនួន៣៨គីឡូម៉ែត្រ ដើម្បីរំដោះទឹកពីក្រុងសៀមរាបនិងស្តុកទឹកសម្រាប់ធ្វើស្រែក្រោម៕