(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ បានបញ្ជាក់ឲ្យដឹងថា លោកបានពិភាក្សាពីជម្រើស ដាក់នាវារោងចក្រថាមពល របស់ក្រុមហ៊ុនប្រទេសតួរគី ដែលជាវិធានការបន្ទាន់បន្ថែម ដើម្បីដោះស្រាយបញ្ហាខ្វះអគ្គិសនី សម្រាប់រដូវប្រាំងនៅកម្ពុជា។
លោកអគ្គនាយកបានបញ្ជាក់ទៀតថា ជម្រើសនេះ មានថ្លៃដើមខ្ពស់ជាងជម្រើសដទៃ ប៉ុន្តែអាចឆាប់បានប្រើប្រាស់ថាមពល ក្នុងខណៈកម្ពុជារង់ចាំការបញ្ចប់ការសាងសង់ប្រភពផ្សេងទៀត ដែលកំពុងតែអនុវត្ត។
លោក កែវ រតនៈ បានឲ្យដឹងទៀតថា ចំពោះគម្រោងដាក់នាវារោងចក្រថាមពលនេះ លោកស្រី Ayda Unlu ឯកអគ្គរដ្ឋទូតតួរគី និងក្រុមហ៊ុននឹងរៀបចំសំណើ ជូនរាជរដ្ឋាភិបាលដើម្បីពិនិត្យក្នុងសប្តាហ៍ក្រោយនេះ។
អគ្គនាយករូបនេះបញ្ជាក់ថា ការខ្វះថាមពលក្នុងរដូវប្រាំងនេះ ដោយសារកត្តាអាកាសធាតុក្តៅ ខុសប្រក្រតី និងកំណើនតម្រូវការថាមពលខ្ពស់ គំហុកក្រោយការបោះឆ្នោត ២០១៨។
សូមជម្រាបថា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ តាមរយៈបណ្តាញព័ត៌មាន Fresh News លោក កែវ រតនៈ បានអំពាវនាវដល់ប្រជាពលរដ្ឋមេត្តាយោគយល់ និងអធ្យាស្រ័យ ចំពោះការខ្វះចន្លោះ ក្នុងការផ្គត់ផ្គង់អគ្គិសនី ដោយមានរអាក់រអួលនៅតំបន់មួយចំនួន ដោយសារតែនៅរដូវប្រាំងនេះ អាកាសធាតុកើនឡើងកំដៅខ្លាំង និងតម្រូវការអគ្គិសនីកើនឡើងកាន់តែកើនខ្លាំងផងដែរ។
លោកអគ្គនាយកក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋសូមប្រើប្រាស់អគ្គិសនីដោយសន្សំសំចៃ ដើម្បីជួយបន្ថយបរិមាណបានខ្លះ ខណៈដែលអគ្គិសនីកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងប្រញាប់ប្រញាល់បំផុត ស្វែងរកប្រភពអគ្គិសនីបន្ថែម។
លោក កែវ រតនៈ បានបញ្ជាក់ថា ដោយសារតែរដូវប្រាំងឆ្នាំនេះកើនឡើងកម្តៅខ្លាំងខុសប្រក្រតី រួមទាំងការវិនិយោគគ្រប់វិស័យមានល្បឿនលឿនខ្លាំង ក្រោយការបោះឆ្នោតនោះ ទើបការផ្គត់ផ្គងអគ្គិសនី បានជួបប្រទះនូវបញ្ហា ហើយនៅរដូវប្រាំងនេះទៀតសោធ វារីអគ្គិសនីពុំមានទឹកច្រើនសម្រាប់ដើរម៉ាស៊ីន ជួយផលិតអនុភាពអគ្គិសនីនោះឡើយ ដូច្នេះត្រូវរង់ចាំរហូតដល់មានភ្លៀងធ្លាក់ឡើងវិញ។
លោកបន្តថា «ដំណោះស្រាយចំពោះមុខអគ្គិសនីកម្ពុជា បានខិតខំចរចាយ៉ាងស្វិតស្វាញជាមួយប្រទេសជិតខាង ដើម្បីទិញអគ្គិសនីយកផ្គត់ផ្គង់នៅរដូវប្រាំងនេះ ហើយក៏សូមការយោគយល់ និងអំពាវនាវឲ្យប្រជាពលរដ្ឋ ជូនសន្សំសំចៃនូវការប្រើប្រាស់អគ្គិសនីផងដែរ»។
សូមជម្រាបថា ដើម្បីធានាបាននូវការផ្គត់ផ្គង់អគ្គិសនីនោះអគ្គិសនីកម្ពុជា បានចុះហត្ថលេខាជាមួយអគ្គិសនីឡាវទិញអគ្គិសនី ២០០មេហ្កាវ៉ាត់បន្ថែម ពីឡាវនៅដើមឆ្នាំ២០២១ ដើម្បីដោះស្រាយតម្រូវការ ក្នុងស្រុកដែលមានកំណើនយ៉ាងលឿនបំផុត។ វិធានការនេះ គឺសម្រាប់ជាពិសេស ក្នុងពេលកម្ពុជារង់ចាំការបញ្ចប់ការសាងសង់រោងចក្រអគ្គិសនី ដើរដោយធ្យូងថ្ម៧០០មេហ្កាវ៉ាត់ នៅក្រុងព្រះសីហនុនៅឆ្នាំ២០២៤ និងរោងចក្រដើរដោយពន្លឺព្រះអាទិត្យ២៤០មេហ្កាវ៉ាត់ ដែលនឹងដាក់ឲ្យដំណើរការជាបន្តបន្ទាប់ ចាប់ពីពាក់កណ្តាលឆ្នាំនេះតទៅ។
បច្ចុប្បន្នក្រុមការងាររាជរដ្ឋាភិបាលកំពុងចរចា គម្រោងវារីអគ្គិសនី និងគម្រោងខ្សែបញ្ជូនថ្មីបន្ថែមទៀត ខណៈដែលអគ្គិសនីកម្ពុជាផ្ទាល់ បានចរចាបង្កើនការបំពេញបន្ថែមពីប្រទេសថៃ និងវៀតណាម៕