(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ បានចេញមកបញ្ជាក់ថា ពុំមានបុគ្គល អង្គភាព ឬស្ថាប័នណាមួយដាក់ប៉ុស្តិ៍ត្រួតពិនិត្យខុសច្បាប់ ឬបារ៉ាស់យកលុយ រាប់ម៉ឺនដុល្លារ ឬអនុញ្ញាតឲ្យមានការចេញទំនិញដោយខុសច្បាប់ ដោយមិនឆ្លងកាត់ការត្រួតពិនិត្យ កើតមានឡើងនៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ដូចការចោទប្រកាន់របស់វិទ្យុអាស៊ីសេរីនោះទេ។
សូមបញ្ជាក់ថា វិទ្យុអាស៊ីសេរីកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ បានចុះផ្សាយថា នគរបាលជាង២០រូប និងប្រជាពលរដ្ឋ ចោទស្នងការនគរបាលខេត្តស្វាយរៀលោកឧត្តមសេនីយ៍ទោ កឹង ឃន ថា រំលោភអំណាច ប្រព្រឹត្តអំពើពុករលួយ និងទទួលសំណូកពីឈ្មួញជនជាតិវៀតណាម ជាថ្នូរអនុញ្ញាតឲ្យនាំទំនិញចូលកម្ពុជាតាមច្រករបៀង៩កន្លែង ក្នុងខេត្តជាប់ព្រំដែនវៀតណាម។
ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ មន្រ្តីជាន់ខ្ពស់សាលាខេត្តស្វាយរៀង បានបញ្ជាក់ជូនថា ខេត្តស្វាយរៀង មានព្រំប្រទល់ជាប់នឹងប្រទេស វៀតណាម ប្រវែង ២៥៨គ.ម ក្នុងនោះជាប់ខេត្តចំនួនពីរ គឺខេត្តឡុងអាន ប្រវែង ១២៨គ.ម និងខេត្តតៃនីញ ប្រវែង ១៣០គ.ម គ្រប់ដណ្ដប់លើក្រុង-ស្រុកចំនួន០៧។
នៅទូទាំងខេត្ត មានច្រកទ្វារព្រំដែន ចំនួន៨កន្លែង ក្នុងនោះច្រកទ្វារព្រំដែនអន្តរជាតិ មាន២កន្លែង គឺច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ច្រកទ្វារព្រំដែនទ្វេរភាគី មាន២កន្លែង គឺច្រកទ្វារព្រំដែនទ្វេភាគីសំរោង និងបុសមន និងច្រកទ្វារតំបន់ព្រំដែន មាន៤កន្លែង គឺច្រកទ្វារតំបន់ព្រំដែនស្រែបារាំង ព្រៃតាអី ដូង និងច្រកទ្វារតំបន់ព្រំដែនខ្សែដែក។
ច្រកទ្វារព្រំដែនទាំងអស់ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលការធ្វើពាណិជ្ជកម្ម និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដោយបានបង្កលក្ខណៈងាយស្រួល ក្នុងការដោះដូរផលិតផលគ្នា ទៅវិញទៅមករវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម រវាងខេត្តស្វាយរៀង ខេត្តឡុងអាន និងខេត្តតៃនីញ ស្របតាមនីតិវិធីច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ជាពិសេសការដោះដូរកសិផល របស់ប្រជាជន និងប្រជាជននៅតាមបណ្ដាក្រុង ស្រុក និងឃុំ សង្កាត់ ជាប់ព្រំដែន ដែលមានទីតាំងស្ថិតនៅជិតច្រកទ្វារព្រំដែន។
ទន្ទឹមនេះ នៅក្នុងខេត្ត មានវរសនាតូចនគរបាល និងយោធាការពារព្រំដែនចំនួន០៣កន្លែង ប៉ុស្ដិ៍ការពារព្រំដែន ចំនួន១៥កន្លែង និងមានគោលដៅការពារព្រំដែន ចំនួន៤៣កន្លែង ដែលជាទីតាំងសម្រាប់គ្រប់គ្រងការពារខ្សែបន្ទាត់ព្រំដែន និងការពារសន្តិសុខ សណ្ដាប់ធ្នាប់តំបន់ព្រំដែន។
ក្នុងនាមអាជ្ញាធរខេត្ត អភិបាលខេត្ត សូមបញ្ជាក់ជូនថា ចំពោះការគ្រប់គ្រងច្រកទ្វារព្រំដែននេះ ខេត្ដតែងតែណែនាំដល់មន្រ្ដី កម្លាំងសមត្ថកិច្ចប្រចាំនៅច្រកទ្វារព្រំដែន អនុវត្ដឲ្យបានត្រឹមត្រូវតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីធានាការទប់ស្កាត់ទំនិញគេចពន្ធ ទំនិញក្លែងក្លាយខូចគុណភាព ការដាក់ប៉ុស្តិ៍ត្រួតពិនិត្យខុសច្បាប់ ការលួចជ្រៀតចូល នៃជនអន្ដោរប្រវេសន៍ខុសច្បាប់ អំពើរត់ពន្ធផ្សេងៗ និងត្រូវខិតខំរកចំណូលជូនរដ្ឋ ឲ្យបានគ្រប់តាមផែនការ និងត្រឹមត្រូវនីតិវិធី។
ប្រសិនបើមានករណីណាមួយកើតឡើងខុសច្បាប់ មិនប្រក្រតី រដ្ឋបាលខេត្ត នឹងចាត់ក្រុមការងារចុះពិនិត្យ ស្រាវជ្រាវ និងចាត់វិធានការជាបន្ទាន់។ ស្ថានភាពទូទៅនៅតាមតំបន់ព្រំដែន ក្នុងភូមិសាស្ត្រខេត្ត គឺមានសភាពល្អប្រសើរ ដែលមានសមត្ថកិច្ចនគរបាល និងសមត្ថកិច្ចគយ ប្រចាំការបានយកចិត្តទុកដាក់ជំរុញការត្រួតពិនិត្យ និងទប់ស្កាត់ការចេញចូលឆ្លងដែន ការជ្រៀតចូលជនអន្តោប្រវេសន៍ និងទំនិញគេចពន្ធឆ្លងដែនគ្រប់ប្រភេទ ហើយបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត ចេញចូលឆ្លងកាត់ព្រំដែនដោះដូរទំនិញ និងកសិផលផ្សេងៗទៀតជាប្រក្រតីធម្មតា។
យ៉ាងណាក៏ដោយ រដ្ឋបាលខេត្ត សូមអរគុណចំពោះការចុះផ្សាយព័ត៌មាននេះ ហើយខេត្តនឹងធ្វើការស្រាវជ្រាវជាក់ស្ដែង ប្រសិនបើមានករណីនេះកើតមានឡើងពិតមែន ខេត្តនឹងចាត់វិធានការជាបន្ទាន់តាមផ្លូវច្បាប់៕