(កំពង់ឆ្នាំង)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំការអប់រំ និងផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពផ្លូវគោក ដល់ប្រជាពលរដ្ឋប្រមាណ៥០នាក់ អញ្ជើញមកពី៤ភូមិ គឺភូមិ ជីប្រង ភូមិទ័ពតាឡាត់ ភូមិឆកកណ្តោល និងភូមិគោកពេញ ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលនៅសងខាងផ្លូវជាតិលេខ៥៣ ដែលភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅផ្លូវជាតិលេខ៤៤ នៅសាលាឃុំជៀប។
ពិធីនេះ មានការចូលរួមជាអធិបតីភាព ពីលោក អ៊ុ សេរីវុធ មន្រ្តីសម្របសម្រួល នៃអង្គភាពស្ថាបនាផ្លូវថ្នល់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន, លោក ពា គីមវង ទីប្រឹក្សាសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃកម្រោងកែលំអរផ្លូវ នៃអង្គភាពស្ថាបនាផ្លូវថ្នល់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងលោកស្រី ហែមគៀន មេឃុំជៀប នាយប៉ុស្តិ៍ ផងដែរ។
ក្នុងពិធីបើកយុទ្ធនាការ លោក អ៊ុំ សេរីវុធ បានថ្លែងថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ គឺជាក្តីកង្វល់របស់រាជរដ្ឋាភិបាលកម្ពុជា គ្រោះថ្នាក់ចរាចរណ៍ បានបណ្តាលឲ្យមានអ្នកស្លាប់ របួស ពិការ និងខូចខាតសម្ភារអស់ជាច្រើន ហើយក្នុងចំណោមអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងឆ្នាំ២០១៨ មានចំនួនប្រមាណជិត២,០០០នាក់។
លោក អ៊ុំ សេរីវុធ បន្ដថា ស្ទើរជារៀងរាល់ឆ្នាំ ប្រទេសកម្ពុជា ខាតបង់ថវិកាប្រមាណជាង៣០០លានដុល្លាអាមេរិក ដោយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដោយមើលឃើញបញ្ហានេះ អង្គភាពស្ថាបនាផ្លូវថ្នល់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ពិតជាព្រួយបារម្មណ៍ពីសុខសុវត្ថិភាព របស់អ្នកប្រើប្រាស់ផ្លូវ ក្រោយពេលផ្លូវត្រូវបានកែលំអរពេលនេះ។
ដោយឡែកកត្តាចម្បង ដែលបង្កឲ្យមានគ្រោះថ្នាក់ គឺកត្តាមនុស្ស ដែលមានចំណែករហូត៩៥ភាគរយ ដែលក្នុងនេះ រួមមានការបើកបរហួសល្បឿនកំណត់ ការបើកបរក្រោយពេលហូបគ្រឿងស្រវឹង ការវ៉ាជែង ក្នុងស្ថានភាពគ្រោះថ្នាក់ ការបត់ឆ្វេង-ស្តាំ ដោយខ្វះការប្រុងប្រយ័ត្ន ការមិនគោរពសិទ្ធិអាទិភាព និងការមិនយកចិត្តទុកដាក់ លើបញ្ហាបច្ចេកទេសយានយន្ត។
ដោយមើលឃើញ នូវបញ្ហាប្រឈមទាំងនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈអង្គភាពស្ថាបនាផ្លូវថ្នល់ (MPU3) បានធ្វើការចុះអប់រំ និងផ្សព្វផ្សាយស្តីពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដល់ប្រជាពលរដ្ឋដែលរស់ នៅតាមបណ្តោយខ្សែរផ្លូវ នៃគម្រោង។ កម្មវិធីនេះ នឹងបន្តរហូតដល់មុនបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដែលក្នុងឱកាសបុណ្យចូលឆ្នាំម្តងៗ ចំនួនគ្រោះថ្នាក់ ក៏ដូចចំនួនអ្នកស្លាប់មានការកើនឡើងយ៉ាងកំហុក។
លោក អ៊ុំ សេរីវុធ បានបន្ថែមទៀតថា នៅពេលបញ្ចប់ការអប់រំនេះ ក៏មានផ្តល់ជូននូវអាវយឺត និងមួកសុវត្ថិភាព ដល់អ្នកចូលរួមផងដែរ ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ម៉ូតូ ព្រោះបច្ចុប្បន្នចំនួនអ្នករបួសស្លាប់ ដោយការប្រើប្រាស់ម៉ូតូ មានចំនួនច្រើន គួរឲ្យព្រួយបារម្មណ៍។
លោក ពា គីមវង ទីប្រឹក្សា នៃកម្មវិធីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានប្រាប់ពីគោលបំណង នៃការអប់រំ និងផ្សព្វផ្សាយនេះថា ការរៀបចំឲ្យមានការអប់រំ និងផ្សព្វផ្សាយ ស្តីពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅពេលនេះ គឺក្នុងគោលបំណងចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលបានកំពុងគំរាបកំហែងអាយុជីវិត អ្នកប្រើប្រាស់ផ្លូវ និងធ្វើឱ្យមានការរាំងស្ទះដល់កិច្ចអភិវឌ្ឍន៏ប្រទេសជាតិផងដែរ។
លោក ពា គីមវង បានបន្ថែមថា កម្មវិធីនេះ នឹងបន្តអប់រំដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយខ្សែរផ្លូវ រួមទាំងសិស្សានុសិស្ស ដែលរៀននៅតាមសាលា នៅជាប់ដងផ្លូវផងដែរ។
លោក ពា គីមវង បានសំណូមពរឲ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់ ត្រូវយកចិត្តទុកដាក់ ចំពោះសុវត្ថិភាពចរាចរណ៍ផ្លូវគោក ពិសេសគោរពច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកគ្រប់ពេល ពិសេសការបើកបរហួសល្បឿនកំណត់ ការបើកបរក្រោយពេលហូបគ្រឿងស្រវឹង និងការគោរពសឹទ្ធិអាទិភាព ក្នុងកំលុងពេលបុណ្យចូលឆ្នាំប្រពៃណីជាតិ ដែលនិងមកដល់ក្នុងពេល ដ៏ខ្លីខាងមុខនេះ៕