(ភ្នំពេញ)៖ ក្នុងពិធីពិសាអាហារថ្ងៃត្រង់ នាឱកាសវេទិកាធុរកិច្ច កម្ពុជា-កូរ៉េ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ឲ្យដឹងថា កូរ៉េខាងត្បូងបានសម្រេចបន្ត ផ្ដល់ឥណទានសម្បទាន សរុបចំនួន៧០០លានដុល្លារអាមេរិក ដល់កម្ពុជាសម្រាប់ឆ្នាំ២០១៩-២០២៣។
វេទិកានេះមានការចូលរួមពីលោក មូន ចេអ៉ីន (Moon Jae-in) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉ ព្រមទាំងធុរជនកម្ពុជា និងកូរ៉េជាច្រើនរូប នៅវិមានសន្តិភាព។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «សម្រាប់ឆ្នាំ២០១៩-២០២៣ សាធារណរដ្ឋកូរ៉េ បានបន្តផ្ដល់ឥណទានសម្បទាន សរុបចំនួន ៧០០លានដុល្លារអាមេរិក ដែលរដ្ឋាភិបាលយើងទាំងពីរ ទើបតែបានចុះហត្ថលេខា លើកិច្ចសម្របសម្រួលក្របខណ្ឌ ស្ដីពីការផ្ដល់ឥណទានសម្បទាន នៃមូលនិធិសហប្រតិបត្តិការ អភិវឌ្ឍន៍សេដ្ឋកិច្ចមុននេះបន្តិច»។
នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបន្ថែមថា ហិរញ្ញប្បទានសហប្រតិបត្តិការ របស់សាធារណរដ្ឋកូរ៉េ បានផ្ដោតលើវិស័យហេដ្ឋារចនាសម្ព័ន្ធ, វិស័យធនធានទឹក និងសុខុមាលភាពសាធារណៈ, វិស័យអប់រំ និងបណ្ដុះបណ្ដាល ធនធានមនុស្ស, និងវិស័យអភិវឌ្ឍន៍ជនបទ មានជាអាទិ៍ គម្រោងបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាល អាកាសចរណ៍ស៊ីវិល គម្រោងស្ដារផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ជាដើម។
សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលតែងតែបានចូលរួមក្នុងការស្ដារ និងអភិវឌ្ឍប្រទេសកម្ពុជា តាមរយៈការផ្ដល់ហិរញ្ញប្បទានសហប្រតិបត្តិការ និងការវិនិយោគផ្ទាល់។ កម្ពុជា និងសាធារណរដ្ឋកូរ៉េ មានទំនាក់ទំនងល្អនឹងគ្នា ជាយូរយារណាស់មកហើយ ប៉ុន្តែទំនាក់ទំនងនេះ ត្រូវបានផ្អាកមួយរយៈដោយសារបញ្ហាសង្គ្រាមស៊ីវិលនៅកម្ពុជា។
សម្ដេចតេជោ បានគូសបញ្ជាក់ទៀតថា ទំនាក់ទំនងការទូតនេះត្រូវបានតភ្ជាប់ឡើងវិញ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៧ បន្ទាប់ពីសម្ដេចបានធ្វើទស្សនកិច្ចផ្លូវរដ្ឋ នៅសាធារណរដ្ឋកូរ៉េ នាខែកក្កដា ឆ្នាំ១៩៩៦ និងបានសម្រេចឲ្យមានការចាប់ផ្ដើមឡើងវិញ នូវទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
សម្ដេចបានថ្លែងថា ផ្ដើមចេញពីការភ្ជាប់ទំនាក់ទំនងឡើងវិញនេះ មិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ កាន់តែមានការរីកចម្រើនជាបន្តបន្ទាប់គួរជាទីមោទនៈ ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម ដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈដំណើរទស្សនកិច្ច ទៅវិញទៅមករបស់ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ, កំណើននៃការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន, និងកំណើនពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍៕
សូមបញ្ជាក់ថា ក្នុងក្របខណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការ គិតពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០១៨ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦៣២លានដុល្លារអាមេរិក ក្នុងនោះហិរញ្ញប្បទានឥតសំណងមានប្រមាណ ៣០០លានដុល្លារអាមេរិក៕