(ព្រះសីហនុ)៖ លោក កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ បានសំណូមពរឲ្យអ្នកជាប់ពន្ធទាំងអស់ ត្រូវរូតរះក្នុងការដាក់លិខិតប្រកាសបង់ពន្ធលើប្រាក់ចំណូល ដែលនឹងដល់ឱសានវាទ នៅដំណាច់ខែមីនា ឆ្នាំ២០១៩នេះ និងស្នើសូមធ្វើការប្រកាស ឲ្យមានភាពស្មោះត្រង់។
ការស្នើរបស់លោក កែន សម្បត្តិ បានធ្វើឡើងក្នុងឱកាស ដែលលោកអញ្ជើញចូលរួមជាអធិបតីភាព បើកសិក្ខាសាលាស្តីពី «កាតព្វកិច្ចលើប្រាក់ចំណូល និងប្រព័ន្ធគ្រប់គ្រងការបង្វិលសង និងការប្រើប្រាស់ឥណទានអាករលើតម្លៃបន្ថែម តាមប្រព័ន្ធអនឡាញ» ដោយមានការចូលរួមពី និងលោក គង់ វិតណៈ អភិបាលរងខេត្តព្រះសីហនុ ប្រធានពន្ធដារខេត្ត មន្ត្រីពន្ធដារ និងអាជីវករតំណាងក្រុមហ៊ុនសហគ្រាស ជិត៣០០ក្រុមហ៊ុន។
លោក កែន សម្បត្តិ បានលើកឡើងថា សិក្ខាកាមដែលបានចូលរួម នឹងទទួលបានចំណេះដឹង ចំណេះធ្វើ ជាបទប្បញ្ញតិ និងជាបទពិសោធន៍ ពាក់ព័ន្ធដល់ការបំពេញកាតព្វកិច្ចពន្ធដារ របស់អ្នកចាប់ពន្ធ ហើយក៏ជាប្រយោជន៍ យកទៅអនុវត្តឲ្យបានត្រឹមត្រូវ ស្របតាមបទប្បញ្ញត្តិ និងលិខិតបទដ្ឋានស្តីពីពន្ធដារជាធរមាន។
អគ្គនាយករងពន្ធដាររូបនេះ បានបញ្ជាក់ទៀតថា ជាពិសេស ការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូល និងការបំពេញនីតិវិធី នៃពាក្យស្នើសុំបង្វិលសង និងការប្រើប្រាស់ ឥណទានអាករ លើតម្លៃបន្ថែម តាមប្រព័ន្ធអនឡាញ។
លោក កែន សម្បត្តិ បានបន្ថែមទៀតថា សម្រាប់ឆ្នាំ២០១៨កន្លងទៅនេះ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានមានចំនួន ៨៧៩១,៤០ ប៊ីលានរៀល (ប្រមាណ ២១៩៧,៨៥ លានដុល្លារអាមេរិក) ស្មើនឹង ១១៤,២៧% នៃផែនការច្បាប់។ ចំណូលនេះមិនទាន់គិតដល់ចំណូលអាករលើតម្លៃបន្ថែម ដែលរតនាគារកាត់ទុកពីក្រុមហ៊ុន ដែលផ្គត់ផ្គង់ទំនិញ ឬសេវាដោយប្រើប្រាស់ថវិកាជាតិ។ ប៉ុន្តែបើបូកទាំងចំណូលអាការលើតម្លៃបន្ថែមនេះ ថែមទៀត ចំណូលពន្ធនឹងអាចលើសផែនការប្រមាណ១៥% ប្រហាក់ប្រហែល ឆ្នាំ២០១៧ដែរ។
លោក កែន សម្បត្តិ ក៏បានបញ្ជាក់ថា អគ្គនាយករដ្ឋានពន្ធដារ ក៏បានធ្វើទំនបើកម្មក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ដោយបានលើកទឹកចិត្តដល់អ្នកជាប់ពន្ធទាំងអស់ ចូលរួមប្រើប្រាស់នូវប្រព័ន្ធ និងកម្មវិធី របស់អគ្គនាយករ្ដឋានពន្ធដារ ក្នុងន័យទទួលបានសេវាអ្នកជាប់ពន្ធ ដែលមានភាពសាមញ្ញងាយស្រួល មានគុណភាព ប្រកបដោយតម្លាភាព និងមានសភាពឆាប់រហ័ស។ ជាពិសេសថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធដារ បានដាក់ចេញ នូវប្រព័ន្ធអនឡាញ សម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម។ ដោយឡែកសហគ្រាសទាំងឡាយ ដែលពុំទាន់បានធ្វើបច្ចុប្បន្នភាព ព័ត៌មានសហគ្រាស ត្រូវមកធ្វើបច្ចុប្បន្នភាព ដើម្បីជាប្រយោជន៍ ទទួលបាននូវសេវា ដូចបានរៀបរាប់ខាងលើ។
លោក កែន សម្បត្តិ បន្តថា ក្នុងនាមជាអ្នកគ្រប់គ្រងប្រមូលពន្ធជូនរាជរដ្ឋាភិបាល អគ្គនាយកដ្ឋានពន្ធដារ គឺចង់ឃើញសហគ្រាស និងក្រុមហ៊ុនទាំងអស់ មានការរីកចម្រើនលូតលាស់ ធំធាត់ ហើយប្រកាស មានប្រាក់ចំណេញបង់ពន្ធជូនរដ្ឋ ដោយមិនចង់ឃើញសហគ្រាសប្រកាសខាតបង់ពន្ធខ្វះ មានបញ្ជីគណនេយ្យ២ ឬ៣នោះទេ ដោយរំពឹងថា នឹងមិនមានការកិបកេងបន្លំពន្ធ ហើយរងការកំណត់ពន្ធឡើងវិញ ទទួលរងពិន័យ ទោសទណ្ឌ ព្រមទាំងការប្រាក់នោះទេ៕