(ប៉ៃលិន)៖ ស្រ្តីម្នាក់ស្ទើរស្រែកទ្រយោយំ ខណៈដើរទៅបើកតូបបម្រុងនឹងលក់ដូរដូចសព្វដង ស្រាប់តែពិនិត្យឃើញឥវ៉ាន់នៅក្នុងតូបរបស់ខ្លួន បាត់អស់ជាច្រើន បន្ទាប់ពីក្រុមចោរចូលចាក់សោ លួចរួច ក៏ចាក់សោបិទវិញ។
ហេតុការណ៍ចោរលួចចាក់សោលួចឥវ៉ាន់ ក្នុងតូបបង្កឱ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៦៖៣នាទីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅក្នុងផ្សារសាមគ្គីហៅប៉ាហ៊ី ក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។
ជនរងគ្រោះឈ្មោះ មាស ស្រី ហៅពៅ ភេទស្រី អាយុ៤០ឆ្នាំ រស់នៅក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ដោយបាត់អស់កូនធុងបាស ម៉ាក JBL ១គ្រឿងតម្លៃ៣០០ដុល្លារ ខោអាវកូរ៉េជាច្រើន អាវកូនក្មេង និងខោខ្លី(លីអូ)ជាច្រើន បាត់សារុងអស់១២០។
បើតាមការឲ្យដឹងពីអ្នកលក់កាហ្វេបានប្រាប់ថា វេលាម៉ោង១៖១០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែមីនា បានឃើញជនសង្ស័យ២នាក់ បានអូសរទះសុទ្ធតែអីវ៉ាន់ តែស្មានតែអេតចាយ លុះគាត់សួរនាំចុះឡើងៗ ពួកគេក៏នាំគ្នាអូសរទេះដែលមានឥវ៉ាន់នោះ ដាក់នឹងម៉ូតូ រួចនាំគ្នាជិះគេចខ្លួនបាត់ស្រមោលតែម្តង។
គាត់បានបញ្ជាក់ទៀតថា គាត់ក៏មិនចាប់អារម្មណ៍ថា ជាចោរ អ្វីនោះទេ ដោយស្មានតែអ្នករើសអេតចាយ ឬអ្នករៀបចំឥវ៉ាន់នៅក្នុងផ្សារ លុះព្រឹកឡើងមានបាត់ឥវ៉ាន់ ទើបដឹងថាជាក្រុមចោរលួចគាស់តូបលក់ប្រាកដមែន។
បើតាមសម្តីស្រ្តីរងគ្រោះឈ្មោះ មាស ស្រី បានរៀបរាប់ឱ្យដឹងថា តូបរបស់គាត់បានចាក់សោរួច រាល់អស់ហើយ ដោយប្រើសោធម្មតា លុះព្រឹកឡើងមកចាក់សោលក់ដូចសព្វមួយដង ស្រាប់តែបាត់ឥវ៉ាន់អស់រលីងតែម្តង។
គាត់បន្តថា រៀងរាល់ខែគាត់បង់ប្រាក់ឱ្យសន្តិសុខដែលយាមយប់ ដោយទុកចិត្តថា គេមើលថែតូបក្នុងផ្សារបានល្អ ប៉ុន្តែបែរជាបាត់ឥវ៉ាន់របស់គាត់អស់រលីងទៅវិញ។
គាត់មិនសុខចិត្តនោះ ទេគឺនឹងដាក់ពាក្យបណ្តឹងឱ្យសន្តិសុខ ឬអ្នកគ្រប់គ្រងផ្សារឱ្យរកដំណោះស្រាយជូនគាត់ ព្រោះសន្តិ សុខហាក់ដូចជាមិនយកចិត្តទុកដាក់យាមកាមឱ្យបានល្អនោះទេ ។
បន្ទាប់ពីបាត់ឥវ៉ាន់នៅក្នុងផ្សារបែបនេះ អ្នកលក់ដូរជាច្រើនមានការព្រួយបារម្ភយ៉ាងខ្លាំង ខណ:ផ្សារមានសន្តិសុខតែដូចអត់សន្តិសុខ បែរជាធ្វេសប្រហែសឱ្យចោរចូលលួចគាស់ និងចាក់សោលួចអស់ ជាច្រើនបែបនេះ។ ដូច្នេះពួកគាត់ ក៏សំណូមពរឱ្យប្រធានផ្សារ និងអ្នកគ្រប់គ្រងសន្តិសុខផ្សារទាំងអស់ ត្រូវតែពង្រឹងការការពារឱ្យបានហ្មត់ចត់ផងដែរ។
លោក គង់ សំណាង អធិការរងនគរបាលក្រុងប៉ៃលិន បានឱ្យដឹងថា លោកកំពុងតែធ្វើការស៊ើបអង្កេត និងស្រាវជ្រាវរកមុខសញ្ញាខាងលើ ដោយសារខណៈដែលចោរចូលទៅលួចនោះ មិនបានធ្វើឱ្យបាត់ទ្រង់ទ្រាយដើម ដោយគាស់តូបនោះទេ គឺពួកគេចាក់សោចូលលួច រួចចាក់សោបិទវិញ ដែលជាហេតុនាំឱ្យមានការឆ្ងល់សង្ស័យយ៉ាងខ្លាំង ហើយខាងលោកកំពុងឱ្យក្រុមការ ងារធ្វើការស៊ើបសួរឱ្យបានច្បាស់លាសដល់ម្ចាស់តូប៕