(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ បានអំពាវនាវដល់វិស័យឯកជន និងអ្នកវិនិយោគកូរ៉េ ដែលមិនទាន់បានមកកម្ពុជា សូមអញ្ជើញមកសិក្សាស្វែងយល់ពីសក្ដានុពល និងសម្រេចចិត្តបណ្ដាក់ទុនវិនិយោគ។
ការថ្លែងនេះធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន និងលោកប្រធានាធីបតីកូរ៉េខាងត្បូង មូន ចេអ៉ីន អញ្ជើញពិធីពិសាអាហារថ្ងៃត្រង់ នាឱកាសវេទិកាធុរកិច្ចកម្ពុជា-កូរ៉េ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ នៅវិមានសន្តិភាព។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវដល់វិស័យឯកជន និងអ្នកវិនិយោគកូរ៉េ ដែលមិនទាន់បានមកកម្ពុជា សូមអញ្ជើញមកសិក្សាស្វែងយល់ពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងសម្រេចចិត្តបណ្ដាក់ទុនវិនិយោគ ដើម្បីចូលរួមអភិវឌ្ឍប្រទេសកម្ពុជាជាមួយយើងខ្ញុំ និងទាញយកប្រយោជន៍ជាអតិបរមាពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការទាំងអស់នេះ»។
សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងផងដែរថា «កម្ពុជាជាប្រទេសបើកចំហរជាងគេ នៅក្នុងតំបន់ដែលផ្ដល់ឱ្យអ្នកវិនិយោគបរទេស រួមទាំងអ្នកវិនិយោគកូរ៉េ អាចវិនិយោគលើគ្រប់វិស័យ ដូចគ្នានឹងអ្នកវិនិយោគក្នុងស្រុក»។
សម្តេចតេជោបានលើកឡើងទៀតថា កម្ពុជា និងសាធារណរដ្ឋកូរ៉េ បានចុះកិច្ចព្រមព្រៀងទ្វេភាគីស្ដីពីការជំរុញ និងការការពារវិនិយោគនៅឆ្នាំ១៩៩៧ ហើយមុននេះបន្តិច កិច្ចព្រមព្រៀងមួយចំនួនទើបតែត្រូវបានចុះហត្ថលេខាក្នុងនោះ មានអនុស្សារណៈនៃការយោគយល់គ្នា រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទីភ្នាក់ងារជំរុញការវិនិយោគពាណិជ្ជកម្មកូរ៉េ ស្ដីពីកិច្ចសហប្រតិបត្តិការសម្រួលការវិនិយោគ ដែលនឹងផ្ដល់ភាពងាយស្រួល និងលទ្ធភាពកាន់តែខ្ពស់ដល់ធុរជន និងអ្នកវិនិយោគកូរ៉េ ក្នុងការមកបណ្ដាក់ទុនវិនិយោគបន្ថែម និងធ្វើឱ្យប្រតិបត្តិការរបស់ខ្លួន នៅកម្ពុជាកាន់តែរីកលូតលាស់។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបន្ថែមថា ថ្មីៗនេះ ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពប្រកួតប្រជែង ជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច និងកែលម្អបរិស្ថានធុរកិច្ច និងវិនិយោគនៅកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញនូវវិធានការកែទម្រង់ស៊ីជម្រៅ ដើម្បីកាត់បន្ថយថ្លៃដើម និងថ្លៃប្រតិបត្តិការធុរកិច្ច។ រាជរដ្ឋាភិបាល ចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ច និងជាដៃគូដ៏ពិតប្រាកដក្នុងការអភិវឌ្ឍប្រទេស។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងទៀតថា កម្ពុជាបានបង្កើតយន្តការសន្ទនាមួយ ហៅថា “វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន” ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់សម្តេចផ្ទាល់ ដោយមានការចូលរួមពីរដ្ឋមន្ត្រីគ្រប់ក្រសួង-ស្ថាប័ន អភិបាលគ្រប់រាជធានី-ខេត្ត តំណាងផ្នែកឯកជនគ្រប់វិស័យប្រមាណ៣០០នាក់ ឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា និងតំណាងស្ថាប័នអន្តរជាតិមួយចំនួន។ យន្តការនេះ ផ្ដល់ឱកាសឱ្យផ្នែកឯកជនលើកឡើងនូវបញ្ហាប្រឈម និងសំណូមពរជូនរាជរដ្ឋាភិបាលពិនិត្យ និងមានវិធានការសមស្របដើម្បីដោះស្រាយ។ រាល់ការសម្រេចនៅក្នុងវេទិកានេះ ត្រូវបានចាត់ទុកជាការសម្រេចរបស់គណៈរដ្ឋមន្ត្រី។
សម្តេចតេជោបញ្ជាក់ទៀតថា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ សម្តេចនឹងដឹកនាំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៨ នៅវិមានសន្តិភាព ដែលនៅក្នុងឱកាសនោះ សម្តេចនឹងដាក់ចេញនូវវិធានការមុតស្រួចមួយចំនួនទៀតសំដៅ៖
១៖ បង្កើនភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចកម្ពុជា,
២៖ កែលម្អ និងលើកស្ទួយថែមទៀតនូវបរិយាកាសវិនិយោគ និងធុរកិច្ច,
៣៖ ធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ និងបង្កើតការងារប្រកបដោយគុណភាពកាន់តែច្រើនថែមទៀតជូនពលករកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា «ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមធានាជូនអ្នកវិនិយោគគ្រប់រូបនូវបរិស្ថានប្រកប ដោយភាពអំណោយផល ជាពិសេស គឺសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ ក៏ដូចជាស្ថិរភាពម៉ាក្រូ- សេដ្ឋកិច្ច ក្របខណ្ឌច្បាប់ និងស្ថាប័នដែលប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពអាចប៉ាន់ប្រមាណបាន»។
សូមជម្រាបថា ការវិនិយោគរបស់កូរ៉េនៅកម្ពុជា មានចំនួន២១២គម្រោង ដែលមានទឹកប្រាក់វិនិយោគសរុបចំនួន៤,៥៦ពាន់លានដុល្លារ ចាប់ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៨៕