(ភ្នំពេញ)៖ បន្ទាប់ពីកម្មវិធីសម្ពោធជាផ្លូវការ Huawei Mate X ស្មាតហ្វូនជំនាន់ថ្មីអេក្រង់បត់ ព្រមទាំងការឈ្នះពានរង្វាន់ផ្ទួនៗ រហូតដល់៣៤ពានរង្វាន់ នៅក្នុងសន្និសីទទូរស័ព្ទពិភពលោក ( Mobile World Congress), ដោយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ក្រុមហ៊ុន Huawei បានបង្កើតភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបង្ហាញកំពូលស្មាតហ្វូនដ៏អស្ចារ្យនេះនៅប្រទេសកម្ពុជា ក្នុងកម្មវិធីដ៏ពិសេស ដែលបានរៀបចំឡើងនៅការិយាល័យក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា នៅអគារ Exchange Square ជាន់ទី១៨។
កម្មវិធីនេះមានការចូលរួមពីក្រុមហ៊ុនចែកចាយផ្លូវការ ផ្តាច់មុខទូទាំងប្រទេស និងក្រុមហ៊ុន Yako Technologies Co., Ltd អ្នកសារព័ត៌មានដៃគូអាជីវកម្ម កំពូលតារាចម្រៀងលោកនីកូ និងភ្ញៀវកិតិ្តយសប្រមាណជាង៥០នាក់។
លោក នីកូ បានក្លាយជាអ្នកដែលបានប៉ះកំពូលស្មាតហ្វូននេះផ្ទាល់ មុនគេបង្អស់នៅប្រទេសកម្ពុជា។ រីឯបណ្តាអ្នកសារព័ត៌មានយ៉ាងច្រើនកុះករ ពិតជារំភើបយ៉ាងខ្លាំងនៅពេលបានឃើញផ្ទាល់ ប៉ះផ្ទាល់ និងធ្វើការសាកល្បងប្រើកំពូលស្មាតហ្វូនជំនាន់ថ្មីនេះ។ វាហាក់បីដូចជាលើសពីការរំពឹងទុក នៅពេលដែលបានឃើញស្មាតហ្វូនអេក្រង់បត់យ៉ាងល្អឥតខ្ចោះ ដែលមិននឹកស្មានមិនដល់បែបនេះ។
ស្មាតហ្វូន Huawei Mate X ជាស្មាតហ្វូនអេក្រង់អាចបត់បាន ដំណើរការដោយបច្ចេកវិទ្យា 5G លឿនជាងគេនៅក្នុងពិភពលោក និងមានកម្រាស់ស្តើងត្រឹមតែ១១មីលីម៉ែត្រប៉ុណ្ណោះ។ ក្រៅពីការរចនាអេក្រង់បត់យ៉ាងអស្ចារ្យនោះ វាក៏ដំណើរការដោយបន្ទះឈីប Kirin ៩៨០ អង្គចងចាំ( RAM) ទំហំ៨GB និងអង្គផ្ទុកទិន្និន័យ (ROM) ៥១២GB ដំណើរការដោយបច្ចេកវិទ្យាសាកថ្ម SuperCharge កម្លាំង 55W និងថាមពលថ្មទំហំ 4,500mAh។
លោក Henry Xiao, Country Director របស់ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា នេះជាស្មាតហ្វូនជំនាន់ថ្មីប្រភេទអេក្រង់បត់ ដែលមានការច្នៃប្រឌិតខ្ពស់ និងបច្ចេកវិទ្យាឈានមុខ។ ក្រុមហ៊ុន Huawei បានបង្កើតស្មាតហ្វូននេះឡើង ដើម្បីផ្តល់បទពិសោធន៍ថ្មីបំផុត និងកាន់តែអស្ចារ្យជាងស្មាតហ្វូនសាមញ្ញធម្មតា។ លើសពីនេះទៅទៀត Huawei ជាក្រុមហ៊ុនដំបូងគេបង្អស់ ដែលបង្ហាញស្មាតហ្វូនអេក្រង់បត់នៅប្រទេសកម្ពុជា។
ក្រៅពីការបង្ហាញកាលពីម្សិលមិញ Huawei Mate X នឹងមានការដាក់តាំងបង្ហាញ នៅក្នុងស្តង់របស់ក្រុមហ៊ុន Huawei ក្នុងកម្មវិធី Digital Cambodia ពិព័រណ៍បច្ចេកវិទ្យាថ្នាក់ជាតិ នៅកោះពេជ្រ ថ្ងៃទី១៥ ខែមីនាផងដែរ។ កុំភ្លេចទៅស្តង់ Huawei ដើម្បីបានឃើញផ្ទាល់កំពូលស្មាតហ្វូន Huawei Mate X ទាំងអស់គ្នា។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Huawei បានចាប់ផ្តើមធ្វើអាជីវកម្មនៅប្រទេសកម្ពុជា អស់រយៈពេលជាង២០ឆ្នាំមកហើយ ដែលបានរួមចំណែកក្នុងការអភិវឌ្ឍ ផ្នែកទំនាក់ទំនងព័ត៍មានវិទ្យានៅក្នុងប្រទេសកម្ពុជា ហើយឆ្នាំ២០១៩នេះ ជាខួប ២០ឆ្នាំរបស់ក្រុមហ៊ុន Huawei នៅប្រទេសកម្ពុជា។ ក្រុមហ៊ុនមានបេសកកម្ម និងទស្សនៈវិស័យច្បាស់លាស់ ដែលនាំមកនូវប្រព័ន្ធឌីជីថលទៅកាន់អ្នកគ្រប់គ្នា និងចង់ផ្សាភ្ជាប់ទំនាក់ទំនងឲ្យកាន់តែទូលំទូលាយ និងធ្វើឲ្យប្រទេសកម្ពុជាមានការរីកចំរើនទៅមុខ៕