(ភ្នំពេញ)៖ ផ្ដើមចេញពីទឹកចិត្តសប្បុរសធម៌ ប្រកបដោយព្រហ្មវិហារធម៌ មិនអាចកាត់ថ្លៃបានក្នុងការគៀងគរពីគ្រប់ស្រទាប់មជ្ឈដ្ឋានរបស់ លោកស្រី អាន ផល្លា ជា ពិសី ប្រធានអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌឫស្សីកែវ បានស្នើសប្បុរសជនឲ្យជួយឧបត្ថម្ភ ជាសម្ភារសម្រាប់ប្រើប្រាស់ ជូនដល់ស្ត្រីក្រីក្រចាស់ជរា កំពុងតែជួបបញ្ហាខ្វះខាតយ៉ាងខ្លាំងក្នុងជីវភាពរស់នៅ ចំនួន៤៧គ្រួសារ មកពីតាមបណ្ដាភូមិនានា ក្នុងសង្កាត់ទាំង៧ នៃមូលដ្ឋានខណ្ឌឫស្សីកែវ។
កម្មវិធីមនុស្សធម៌នេះ ត្រូវបានរៀបចំធ្វើឡើង ស្ថិតនៅឯគេហដ្ឋានរបស់លោកស្រី ជា លឹមគៀង ដែលជាសប្បុរសជន ក្នុងភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ។
ស្ថិតក្នុងសណ្ដានចិត្តដែលធ្លាប់ហែលឆ្លងកាត់នូវភាពក្រីក្រលំបាក រកល្ងាចខ្វះព្រឹក រកព្រឹកខ្វះល្ងាច របស់លោកស្រី អាន ផល្លា ជា ពិសី បានរំលឹកឡើង ទៅកាន់សប្បុរសជន និងស្ត្រីក្រីក្រចាស់ជរាទាំង៤៧គ្រួសារ អំពីភាពជោគជ័យមួយចំនួន ចំពោះមនុស្សគ្រប់រូប នោះគឺអាចទទួលបានគ្រប់ៗគ្នា ប្រសិនបើអ្នកមានឆន្ទៈមោះមុត តស៊ូ និងព្យាយាមមិនបោះបង់ចោលនូវគោលដៅ ក៏ដូចជាក្តីស្រម៉ៃរបស់ខ្លួនទេនោះ។
លោកស្រីបានគូសបញ្ជាក់ថា ភាពជោគជ័យរបស់បុគ្គលម្នាក់ៗនោះ ជាក់ស្ដែងមិនមែនកើតឡើងដោយសារតែមានទ្រព្យសម្បត្តិច្រើន ដែលបន្សល់ទុកតពី ឪពុកម្តាយនោះឡើយ ដែលភាគច្រើនចាប់ផ្តើមជីវិតចេញពីគ្រួសារក្រីក្រ ហើយអ្នកខ្លះទៀតចាប់ផ្តើមដោយបាតដៃទទេក៏មាន៕