(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ បានថ្លែងជំរុញការលើកទឹកដល់ធុរជនកូរ៉េខាងត្បូង ធ្វើការវិនិយោគបន្ថែមនៅកម្ពុជា ស្របតាមគោលនយោបាយខាងត្បូងថ្មី របស់លោកប្រធានាធិបតី មូន ចេអ៉ីន។
ការអំពាវនាវរបស់អ្នកឧកញ៉ា គិត ម៉េង ធ្វើឡើងក្នុងវេទិកាធុរកិច្ចកម្ពុជា-កូរ៉េលើក ទី៤ នាវិមានសន្តិភាព នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពក្រោមអធិបតីរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកប្រធានាធិបតី មូន ចេអ៉ីន។
អ្នកឧកញ៉ាបន្តថា ជាការពិតណាស់ វេទិកាធុរកិច្ចកម្ពុជា-កូរ៉េនេះត្រូវបានសហការរៀបចំឡើង ដោយសភាពាណិជ្ជកម្មកម្ពុជា និងសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ ដោយមានការគាំទ្រពីក្រសួងពាណិជ្ជកម្ម និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
អ្នកឧកញ៉ា គិត ម៉េង បានថ្លែងយ៉ាងដូច្នេះថា «បច្ចុប្បន្ននេះពិភពលោកកំពុងមានបញ្ហាប្រឈមជាច្រើនទាក់ទង នឹងសង្គ្រាមពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងចិន។ ខ្ញុំសូមលើកទឹកចិត្តដល់ធុរជនកូរ៉េ ធ្វើការវិនិយោគបន្ថែម នៅកម្ពុជាលើវិស័យជាច្រើនផ្សេងៗ ស្របតាមគោលនយោបាយខាងត្បូងថ្មី ដែលផ្តួចផ្តើមដោយឯកឧត្តមប្រធានាធិបតី មូន ចេអ៉ីន»។
ប្រធានសភាពាណិជ្ជកម្មកម្ពុជារូបនះបន្ថែមថា វត្តមានសម្តេចតេជោនាយករដ្ឋមន្ត្រី និងប្រធានាធិបតី ក្នុងវេទិកាធុរកិច្ចថ្ងៃនេះ ពិតជាផ្តល់នូវជំនឿចិត្តសម្រាប់វិនិយោគិនទាំងពីរប្រទេស។ កូរ៉េ គឺជាដៃគូវិនិយោគ និងពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា។ ប្រទេសទាំងពីរបានចុះហត្ថលេខា លើសន្ធិសញ្ញាវិនិយោគទ្វេភាគីនៅក្នុងឆ្នាំ១៩៩៧។
ទំនាក់ទំនងការទូតរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ត្រូវបានបង្កើតឡើងវិញនៅឆ្នាំ១៩៩៧ ក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតី មូន ចេអ៉ីន នៅកម្ពុជានៅពេលនេះនឹងត្រូវបានកំណត់ជាប្រវត្តិសាស្ត្រ ក្នុងការពង្រឹងទំនាក់ទំនងទ្វេរភាគី និងឆ្លុះបញ្ចាំងឲ្យឃើញនូវរូបភាពវិជ្ជមាន សម្រាប់ធុរជនកូរ៉េធ្វើការវិនិយោគនៅកម្ពុជា ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការធុរកិច្ច។ នេះបើតាមការបញ្ជាក់របស់អ្នកឧកញ៉ា គិត ម៉េង។
អ្នកឧកញ៉ាប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបង្ហាញនូវសក្តានុពល និងឱកាសវិនិយោគនៅប្រទេសកម្ពុជា ជូនធុរជនកូរ៉េផងដែរថា កម្ពុជា គឺជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេស ដែលមានភាពរីកចម្រើនលឿនបំផុត នៅលើពិភពលោក និងប្រកបដោយស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងនយោបាយ។
អ្នកឧកញ៉ាបញ្ជាក់ថា ក្នុងរយៈពេលមធ្យមកម្ពុជានឹងអាចរក្សាបាននូវកំណើន៧%ក្នុងមួយឆ្នាំ ហើយកម្ពុជាកំពុងស្ថិតនៅលើគន្លងនៃការឈានទៅសម្រេចបាន ឋានៈជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅត្រឹមឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០។ កម្ពុជាមានទីតាំងយុទ្ធសាស្រ្ត ស្ថិតនៅចំបេះដូងអាស៊ាន ដែលជាតំបន់ប្រកបដោយថាមពល មានផលិតផលក្នុងស្រុកសរុបចំនួន២.៧ទ្រីលានដុល្លារ និងជាទីផ្សារមានទំហំដ៏ធំមានប្រជាជនចំនួន៦៤០លាននាក់។
សូមជម្រាបថា ការវិនិយោគរបស់កូរ៉េនៅកម្ពុជា មានចំនួន២១២គម្រោង ដែលមានទឹកប្រាក់វិនិយោគសរុបចំនួន៤,៥៦ពាន់លានដុល្លារ ចាប់ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៨។ ចំណែកពាណិជ្ជកម្មទ្វេភាគី មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយនៅក្នុងឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មសរុប មានចំនួន៩៧៥លានដុល្លារ កើនឡើង១១% បើប្រៀបធៀបនឹងឆ្នាំ២០១៧។ ឆ្នាំកន្លងទៅនេះ ភ្ញៀវទេសចរកូរ៉េមកទស្សនាកម្ពុជា មានចំនួនជាង៣០ម៉ឺននាក់។ ជាងនេះទៅទៀត វប្បធម៌កូរ៉េ ជាពិសេស ភាពយន្ត និងតន្ត្រី បាននិងកំពុងទទួលបាននូវប្រជាប្រិយភាព ក្នុងចំណោមប្រជាជនកម្ពុជា៕