(ពោធិ៍សាត់)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ តំណាងសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រឹកថ្ងៃសុក្រ ១០កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ បានដឹកនាំប្រតិភូនាយទាហានជាន់ខ្ពស់ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ចុះសួរសុខទុក្ខ សំណេះសំណាល កងកម្លាំងជួរមុខ ទិសទី៤ យោធភូមិភាគទី៥ នៅទីបញ្ជាការកងការពារព្រំដែនលេខ៥០១ ខេត្តពោធិ៍សាត់។
ឆ្លៀតក្នុងឱកាសសំណេះសំណាលនេះដែរ លោកអគ្គមេបញ្ជការ វង្ស ពិសេន បានពាំនាំនូវការសាកសួរសុខទុក្ខ នឹករឮកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ចំពោះថ្នាក់ដឹកនាំជួរបញ្ជាការ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងកម្លាំងជួរមុខ ទិសទី៤ យោធភូមិភាគទី៥។
ថ្លែងក្នុងពិធីនេះលោកអគ្គមេបញ្ជាការ បានលើកសរសើរកងកម្លាំងជួរមុខ ដែលបានខិតខំប្រឹងប្រែងកសាងពង្រឹងអង្គភាព ការពារសុខសន្តិភាព និងសុវត្ថិភាព ជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរនាពេលកន្លងមក។
ជាមួយនឹងការសរសើរនេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការបានមានមតិណែនាំ និងអប់រំសតិអារម្មណ៍កងកម្លាំងជួរមុខ គោរពឱ្យបានម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដែលបានប្រគល់ជូន ជាពិសេសជួយរក្សាការពារសន្តិភាពទោះ ក្នុងតម្លៃណាក៏ដោយ។ ដូចគ្នានេះដែរ យោធិនទាំងអស់ត្រូវមានភាពនឹងន កុំចាញ់បោកឧបាយកលពួកអមិត្ត ដែលព្យាយាមញុះញង់បង្កើតបញ្ហាផ្សេងៗ ដើម្បីបំផ្លាញសុខសន្តិភាពនៃប្រទេសរបស់យើង៕