(កំពត)៖ តំណាងលោក វង សូត រដ្ឋមន្រ្តី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងឲ្យដឹងថា ក្រសួងសង្គមកិច្ច បាននិងកំពុងពិនិត្យ ក្នុងការផ្តល់របបគោលនយោបាយ ជូនជនមានពិការភាពក្រីក្រ ទៅតាមបណ្តាខេត្តផ្សេងៗទៀត ក្នុងក្របខ័ណ្ឌទូទាំងប្រទេស សំដៅធ្វើយ៉ាងណាឱ្យបងប្អូនជនពិការក្រីក្រ អាចទទួលរបបតាមគោលការណ៍កំណត់។
លោក ញ៉ឹក វណ្ណារ៉ា បានបន្ថែមឲ្យដឹងថា វិស័យសង្គមកិច្ច បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង របស់បងប្អូនប្រជាពលរដ្ឋ។ ជារួមរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យពិការភាព ជាការងារ អាទិភាពនៅក្នុងវិស័យអាទិភាពសំខាន់ៗដទៃទៀត ដោយបានកំណត់ក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ អំពីការអនុវត្តគោលនយោបាយពិការភាព តាមរយៈការពង្រឹងការអនុវត្តច្បាប់ ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ការជំរុញកិច្ចការពារលើកកម្ពស់សិទ្ធិ និងសុខុមាលភាពជនពិការ ព្រមទាំងពង្រឹងគុណភាព និងប្រសិទ្ធភាព នៃសេវារបស់មូលនិធិជនពិការផងដែរ។
ការលើកឡើងរបស់ លោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានធ្វើឡើង នៅក្នុងសិក្ខាសាលាដាក់ឲ្យអនុវត្តរបបគោលនយោបាយ ចំពោះជនពិការក្រីក្រ នៅតាមសហគមន៍ ធ្វើឡើងនៅខេត្តកំពត នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច ថ្នាក់ដឹកនាំខេត្តកំពត និងមន្រ្តីមន្ទីរសង្គមកិច្ចខេត្តកំពត និងដៃគូពាក់ព័ន្ធជាច្រើនរូបទៀត។
ជាមួយគ្នានោះ លោក ញ៉ឹក វណ្ណារ៉ា បានសម្តែងការកោតសរសើរចំពោះ គណៈកម្មការគ្រប់គ្រងរបបគោលនយោបាយខេត្តថ្នាក់ជាតិ ជាពិសេស មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ដែលតែងតែរួមសហការគ្នា អនុវត្តការងារគោលនយោបាយចំពោះជនពិការក្រីក្រនៅតាមសហគមន៍នេះ សម្រេចបាននូវសមិទ្ធផលជាច្រើនគួរឱ្យកត់សំគាល់ ជាពិសេសការការប្រមូលទិន្នន័យដំបូង សម្រាប់ជនពិការទូទៅ នៅក្នុងខេត្តកំពតកន្លងមកដែលជាគំរូ នៃការអនុវត្តល្អសម្រាប់ខេត្តដ៏ទៃទៀត។
លោកស្រី យូ សុគន្ធ អភិបាលរងខេត្តកំពត បានលើកឡើងថា រដ្ឋបាលខេត្តកំពត មានការយកចិត្តទុកដាក់យ៉ាងខ្ពស់ លើវិស័យពិការភាពនៅទូទាំងខេត្តព្រោះថា ការងារពិការភាព គឺជាកិច្ចការងារពហុវិស័យដែលទាមទារឲ្យយើងទាំងអស់គ្នាយកចិត្តទុកដាក់ ដើម្បី ការពារនិងលើកកម្ពស់សិទ្ធិជនពិការ ព្រោះថាជនពិការក៏ជាប្រភពធនធានមួយ នៃការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិផងដែរ។ ក្នុងន័យនេះរដ្ឋបាលខេត្តកំពត មានឆន្ទៈក្នុងការអនុវត្តលិខិតបទដ្ឋានជាតិ និងលិខិតឧបតូបករណ៍អន្តរជាតិ ទៅក្នុងផែនការសកម្មភាពរបស់សាលាខេត្ត ដែលនឹងត្រូវចូលរួមអនុវត្ត ដោយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពត ដោយផ្តោតលើកិច្ចការងារសំខាន់ៗដូចជា ការលើកម្ពស់ជីវភាពរស់នៅរបស់ជនពិការតាមរយៈ ការចូលរួមអនុវត្តសកម្មភាពនានា សំដៅកាត់បន្ថយភាពក្រីក្ររបស់ជនពិការ និងលើកកម្ពស់កំណើនការងារ និងអាជីពសមស្របសម្រាប់ជនពិការ ក្រោមឱវាទរបស់រដ្ឋបាលខេត្ត ក៏ដូចជាជំរុញឲ្យជនពិការបានចូលធ្វើការនៅតាមសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋានជាដើម។
លោកស្រី យូ សុគន្ធ មានជំនឿយ៉ាងមុតមាំថា តាមរយៈគណៈកម្មការគ្រប់គ្រងរបបគោលនយោបាយចំពោះជនពិការក្រីក្រ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពត ដែលជាសេនាធិការ យ៉ាងសំខាន់របស់រដ្ឋបាលខេត្តនឹង ជម្រុញការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ អនុសញ្ញាស្តីពីសិទ្ធិជនពិការ ការងារស្តារលទ្ធភាពពលកម្មនៅសហគមន៍ ជាពិសេស របបគោលនោបាយ ចំពោះជនពិការក្រីក្រនេះ ឲ្យទទួលបានជោគជ័យ។
លោក យៀប ម៉ាលីណូ ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តែងបានអំពាវនាវដល់គ្រប់ក្រសួងស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវរៀបចំបង្កលក្ខណៈងាយស្រួល សម្រាប់ការធ្វើដំណើរចេញចូលនៅទីកន្លែងសាធារណៈសម្រាប់ជនពិការគ្រប់ប្រភេទ។
លោកបានបន្ថែមថា ទន្ទឹមនេះ រាជរដ្ឋាភិបាលបានឯកភាពជាគោលការណ៍ ឱ្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ផ្តល់ការអនុគ្រោះពិសេស ក្នុងការផ្តល់សេវាកម្មដល់ជនពិការ ដោយបន្ធូរបន្ថយជាអតិបរិមា ឬអាចលើកលែងទាំងស្រុងនូវកម្រៃសេវាមួយចំនួន តាមលទ្ធភាពដែលអាចធ្វើទៅបាន។ ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏បានដាក់ចេញនូវសេចក្តីជូនដំណឹងស្តីពីការពង្រឹង និងពង្រីកសកម្មភាពពិនិត្យព្យាបាលជំងឺដល់ជនពិការ និងចាស់ជរា ដែលមានជីវភាពលំបាកគ្មានទីពឹងដោយឥតបង់ប្រាក់។
គួរបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០១៦មក ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្តល់របបគោលនយោបាយជូនជនពិការក្រីក្របាន ចំនួន១១,៦២៨ នាក់ ក្នុងនោះ៖ ១- ខេត្តត្បូងឃ្មុំ ចំនួន ២,០០៩ នាក់ ២- ខេត្តព្រៃវែង ចំនួន ១,៦៣៥ នាក់ ៣- ខេត្តស្វាយរៀង ចំនួន ១,៦៩៨ នាក់ ៤- ខេត្តប៉ៃលិន ចំនួន ១,៣១២ នាក់ ៥- ខេត្តកំពង់ចាម ចំនួន ៦៣៤ នាក់ ៦- ខេត្តកណ្តាល ចំនួន ១,៦៥៣ នាក់ ៧- ខេត្តកំពង់ធំ ចំនួន ៣១៣ នាក់ ៨- ខេត្តកំពង់ស្ពឺ ចំនួន ៤២២ នាក់ ៩- ខេត្តបាត់ដំបង ចំនួន ១,៤៧២ នាក់ ១០- ខេត្តពោធិ៍សាត់ចំនួន ៤៨០ នាក់៕