(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់ពិធីជួបពិភាក្សាទ្វេភាគី និងចុះហត្ថលេខាលើឯកសារមួយចំនួន ដែលជាកិច្ចព្រមព្រៀងរវាងកម្ពុជា-កូរ៉េខាងត្បូង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោក មូន ចេអ៉ិន (Moon Jae-in) ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ បានធ្វើសន្និសីទសារព័ត៌មានរួមគ្នា នៅវិមានសន្តិភាព ដើម្បីបង្ហាញអំពីលទ្ធផលនៃជំនួបពិភាក្សាទ្វេភាគីរបស់មេដឹកនាំទាំងពីរ។
លោកប្រធានាធិបតីកូរ៉េខាងត្បូង និងភរិយា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកដល់ប្រទេសកម្ពុជា នារសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ ជាលើកដំបូង រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩។ អំឡុងទស្សនកិច្ចនៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ លោកបានចូលគាល់ព្រះមហាក្សត្រ បំពាក់កម្រងផ្កានៅវិមានឯករាជ្យ គោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ រួមទាំងជួបពិភាក្សាទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន ផងដែរ៕