(កំពង់ធំ)៖ នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ហួន វ៉ាន់និត អភិបាលរងខេត្តកំពង់ធំ បានពញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំចាស់ និងទិសដៅបន្ដ របស់ស្នងការនគរបាលខេត្តកំពង់ធំ។
ពិធីដែលបានធ្វើនៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ក៏មានការចូលរួមពីលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ និងអធិការក្រុងស្រុក នាយប៉ុស្តិ៍រដ្ឋបាលគ្រប់ឃុំ សង្កាត់ប្រមាណជា៤០០នាក់។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល បានឡើងធ្វើរបាយការណ៍សង្ខេបអំពីលទ្ធផល នៃអង្គសន្និបាតបូកសរុបវាយតម្លៃ សភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ឆ្នាំ២០១៨ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០១៩ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ការចុះជួយដល់ប្រជាពលរដ្ឋដែលក្រីក្រជួបការលំបាកជួយសាងសង់ផ្ទះ ចុះផ្សព្វផ្សាយពីភូមិឃុំមានសុវត្ថិភាព ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន បង្រៀនដល់មន្ត្រីឲ្យស្គាល់ពីតួនាទី និងភារកិច្ចរបស់ខ្លួននៅក្នុងអង្គភាព។
លោក ហួន វ៉ាន់និត បានផ្ដាំផ្ញើមេប៉ុស្តិ៍ទាំងអស់ដែលចូលរួមទីនេះទៅដល់មូលដ្ឋានវិញ ត្រូវចេះសហការគ្នាអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ដើម្បីឲ្យអង្គភាពរបស់ខ្លួន មានការរីកចម្រើន ត្រូវចេះជួយការពារប្រជាពលរដ្ឋរាល់ការលំបាកសុខទុក្ខរបស់គាត់ ចុះតាមដានជាប្រចាំនៅតាមភូមិឃុំ ចុះផ្សព្វផ្សាយពីសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋ ពិសេសបញ្ហាគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ គ្រោះធម្មជាតិ និងបទល្មើសផ្សេងៗ ហើយត្រូវសហការជាមួយ អាជ្ញាធរភូមិឃុំប្រជាពលរដ្ឋដែលនៅក្នុងតំបន់មូលដ្ឋាន ជំរុញ និងលើកទឹកចិត្តនូវអ្វីដែលគាត់ខិតខំប្រឹងប្រែង។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ប៉ែន វិបុល បានជំរុញថ្នាក់ដឹកនាំ និងកងកម្លាំងទាំងអស់របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ត្រូវបង្កើនការយកចិត្តទុកដាក់ លើការងារសំខាន់សំខាន់ដូចជា ការងាររួមត្រូវធ្វើយ៉ាងណាពង្រឹងដឹកនាំកងកម្លាំងមានស្មារតីទទួលខុស ត្រូវសម្រាប់ការអនុវត្តតាមតួនាទី និងភារកិច្ច ត្រូវចេះស្មោះត្រង់ចំពោះប្រជាពលរដ្ឋ ពិសេសការងារដែលបញ្ជាពីស្នងការដ្ឋាននគរបាលខេត្ត ដល់ប៉ុស្តិ៍នគរបាលក្នុងការទទួលខុសត្រូវ និងឆ្លើយតបធ្វើអន្តរាគមន៍ទាន់ពេលវេលា។
អគ្គស្នងការរងរូបនេះ បានគូសបញ្ជាក់ថា ការងាររបស់ប៉ុស្តិ៍នគរបាលត្រូវជំរុញការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីទប់ស្កាត់បទល្មើស នៅតាមមូលដ្ឋានត្រូវត្រៀមជាប្រចាំសម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋ ជួបគ្រោះធម្មជាតិផ្សេងៗ។ នៅក្នុងប៉ុស្តិ៍នីមួយៗ ត្រូវចេះស្រឡាញ់គ្នាទៅវិញទៅមក អាធ្យាស្រ័យយោគយល់ដើម្បីឲ្យគាត់ទទួលបាននូវការងារដ៏ល្អ ចេះលើកទឹកចិត្ត និងសរសើរដល់មន្ត្រីដែលធ្វើការជាមួយគ្នា ផ្សព្វផ្សាយពីបញ្ហាផ្សេងៗ ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងបានណែនាំដល់មន្ត្រីទាំងអស់ ត្រូវចេះយោគយល់អត់ឱនឲ្យគ្នាទៅវិញទៅមក ហើយខិតខំអនុវត្តការងារទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួន ក្នុងការកសាងសង្គមជាតិទាំងមូល។
ជាចុងក្រោយ នាយឧត្តមសេនីយ៍ ប៉ែន វិបុល បានបំពាក់ស័ក្កិដល់មន្រ្តីនគរបាលជាច្រើន ក្នុងនោះ មានផ្ទេរភារកិច្ច តែងតាំងមុខតំណែង ចំនួន១០នាក់, ស្នងការរងចំនួន០២នាក់, នាយការិយាល័យម្នាក់, នាយរងការិយាល័យ ចំនួន០៥នាក់, អធិការម្នាក់, អធិការរងម្នាក់, តម្លើងឋានន្តរស័ក្កិថ្នាក់វរសនីយ៍ត្រី ចំនួន០៨នាក់ ស្រី០២នាក់។
ផ្ទេរភារកិច្ចតែងតាំងមុខតំណែង ចំនួន១២នាក់ ស្រី០២នាក់ មាននាយផ្នែក ការិយាល័យជំនាញចំនួន០៣នាក់ ស្រី០២នាក់, នាយរងផ្នែក ការិយាល័យជំនាញ ចំនួន០៥នាក់, នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលម្នាក់, នាយរងផ្នែក អធិការដ្ឋាននគរបាលចំនួន០២នាក់ និងសម្រួលភារកិច្ចមន្ត្រីម្នាក់។ តម្លើងឋានន្តរស័ក្កិ ចំនួន១៦៨នាក់ ស្រី២៧នាក់ ថ្នាក់អនុសេនីយ៍ឯក ចំនួន៧១នាក់ ស្រី១១នាក់, ថ្នាក់អនុសេនីយ៍ទោ ចំនួន៨១នាក់ ស្រី១១នាក់, ថ្នាក់អនុសេនីយ៍ត្រី ចំនួន០៩នាក់ ស្រី០២នាក់, ថ្នាក់ព្រិន្ទបាលឯក ចំនួន០៥នាក់ ស្រី០២នាក់ និងថ្នាក់ព្រិន្ទបាលទោ ចំនួន០២នាក់ ស្រីម្នាក់៕