(ស្វាយរៀង)៖ អស់ពីឆ្មាខាំ ក្មេងស្រីម្នាក់បានស្លាប់នៅក្រុងបាវិត ឥឡូវមកដល់ក្មេងស្រីម្នាក់ទៀតមានអាយុ៧ឆ្នាំ បានរងរបួសមេដៃឆ្វេង ដោយសារតែសត្វកណ្តុរខាំ ហើយកំពុងមានជម្ងឺក្តៅខ្លួន មិនបានទៅរៀន អស់រយៈពេលមួយសប្តាហ៍មកហើយ។ ស្ត្រីជាម្តាយបានអំពាវនាវរកជំនួយក្នុងការព្យាបាលព្រោះដោយសារជីវភាពក្រក្រី។
បើតាមសម្តីរបស់ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះឈ្មោះ មាស ផល្លា អាយុ៤២ឆ្នាំ សព្វថ្ងៃមានទីលំនៅភូមិសួនថ្មី សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង បានឱ្យដឹងថា កូនស្រីរបស់គាត់ដែលត្រូវសត្វកណ្តុរខាំ ហើយរងរបួសគ្មានថ្នាំព្យាបាលនោះជាកូនពៅឈ្មោះ សៅ ស៊ីណាត មានអាយុ៧ឆ្នាំ សព្វថ្ងៃរៀននៅថ្នាក់ទី១ នៃសាលាបឋមសិក្សា២ធ្នូ។
កាលពីយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ រូបគាត់ទាំង៤នាក់ម្តាយ និងកូន បានគេងក្នុងមុងជាមួយគ្នា តែចៃដន្យកូនស្រីរងគ្រោះ បានដាក់ដៃចេញក្រៅមុង ហើយក៏ត្រូវសត្វកណ្តុរខាំចំមេដៃខាងឆ្វេង តែម្តងបណ្តាលឱ្យរងរបួស ហើយក្រោយពីត្រូវសត្វកណ្តុរខាំបានមួយយប់ កូនរបស់គាត់ក៏កើតមានអាការៈក្តៅខ្លួន រួចរូបគាត់ក៏បាននាំកូនទៅព្យាបាលមុខរបួស នៅមន្ទីរពេទ្យខេត្ត បានរយៈពេល៣ថ្ងៃ ក៏សុំគ្រូពេទ្យត្រឡប់មកផ្ទះវិញ ដោយសារពេទ្យមិនមានថ្នាំសំរាប់ព្យាបាលប្រភេទមុខរបួសខាងលើនោះទេ។
ស្ត្រីដដែលបានបន្តថា នៅពេលដែលកូនគាត់សំរាក នៅមន្ទីរពេទ្យខេត្តស្វាយរៀងនោះ គ្រូពេទ្យបានឱ្យរូបគាត់នាំកូនទៅភ្នំពេញដើម្បីព្យាលបាលទៅ ពីព្រោះនៅមន្ទីរពេទ្យខេត្ត គ្មានថ្នាំវ៉ាក់សាំងសំរាប់ចាក់ឱ្យទេ។ ដោយសាររូបគាត់គ្មានមុខរបរអ្វី ក្រៅពីដើរស៊ីឈ្នួលលាងចានឆ្នាំងឱ្យគេហើយកូនតូចៗ នៅក្នុងបន្ទុករហូតដល់ទៅ៣នាក់ផង ទីទាល់ក្ររកតែអង្ករច្រកឆ្នាំងស្ទើរមិនបានផង គាត់ក៏សំរេចចិត្តយកកូនមកផ្ទះដេកមើលតាមយថាកម្មតែម្តងទៅ។ ឥឡូវរូបគាត់មានតែលើកម្រាមដៃ១០ប្រណម សុំដល់សប្បុរសជនទាំងទីជិតឆ្ងាយ ជួយគ្រួសារគាត់យកតែបុណ្យទៅចុះ។
ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ លោកគ្រូពេទ្យនៅមន្ទីរពេទ្យខេត្តស្វាយរៀង បានឱ្យដឹងថា ក្មេងស្រីរងគ្រោះខាងលើ ពិតជាបានចូលមកសំរាកព្យាបាលមុខរបួស នៅមន្ទីរពេទ្យខេត្តស្វាយរៀង កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ប្រាកដមែន ហើយក៏បានសុំចេញទៅវិញផងដែរ ក្រោយពេលដែលគ្រូពេទ្យបានលាងមុខរបួសនិងចាក់ថ្នាំផ្សះរួមនិងថ្នាំបញ្ចុះកំដៅរួច។
លោកថា នៅមន្ទីរពេទ្យខេត្តមិនមានវ៉ាក់សាំង សំរាប់ចាក់ការពារសត្វខាំនោះទេ មានតែនៅភ្នំពេញទើបមាន ដូច្នេះត្រូវយកជនរងគ្រោះទៅព្យាបាលនៅភ្នំពេញទើបបាន៕