(ព្រះវិហារ)៖ ក្រុមហ៊ុនសហគមន៍អភិវឌ្ឍន៍ជាតិ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ត្រូវបានអាជ្ញាធរស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចុះទៅហាមឃាត់គ្រឿងចក្រ ដោយអះអាងថា ក្រុមហ៊ុនមួយនេះ បានទៅឈូសឆាយផ្ទៃដីធ្វើឲ្យប៉ះពាល់ដល់ដីស្រែ និងដីចំការរបស់ប្រជាពលរដ្ឋចំនួន៧៩គ្រួសារ ស្មើនឹង៨១ក្បាលដី ស្ថិតនៅភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ។

ជាមួយគ្នានេះ អភិបាលស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ លោក ជា គឹមសេង ក៏បានប្រាប់មកកាន់អង្គភាពព័ត៌មាន Fresh News អំពីការព្រមានរបស់នាយកក្រុមហ៊ុន សហគមន៍អភិវឌ្ឍន៍ជាតិ លោក លាស់ ថេតរ៉ាម៉ា ដោយនឹងប្រាប់ទៅនាយករដ្ឋមន្ដ្រីឲ្យដករូបលោក ចេញពីអភិបាលស្រុកជាំក្សាន្ដ បើនៅតែរារាំងការឈូសឆាយ ផ្ទៃដីដែលនាយកក្រុមហ៊ុនរូបនេះ ចាត់ទុកថា ជាការអភិវឌ្ឍជូនជាតិ និងប្រជាជន។

ចំពោះចំណាត់ការរបស់អភិបាលស្រុក និងមន្រ្តីស្រុកជាំក្សាន្តខាងលើនេះ លោក លាស់ ថេតរ៉ាម៉ា បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ដោយរៀបរាប់ពីគម្រោងអភិបាលវឌ្ឍន៍របស់ខ្លួន នៅតំបន់នោះ ដើម្បីជាប្រយោជន៍របស់ប្រជាជនតែប៉ុណ្ណោះ ហើយការឈូសឆាយធ្វើផ្លូវនោះ គឺប៉ះពាល់ដល់ដីប្រជាពលរដ្ឋជិត១០គ្រួសារប៉ុណ្ណោះ ហើយក៏បាននិងកំពុងធ្វើការដោះស្រាយផងដែរ។

នាយកក្រុមហ៊ុនរូបនេះ ក៏បានបង្ហាញលិខិតអនុញ្ញាតឲ្យអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផងដែរ នៅមូលដ្ឋានស្រុកជាំក្សាន្ត របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា (CDC) ក៏ដូចជាចំណារ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ។

តាមរយៈឯកសារទាំងឡាយដែលនាយកក្រុមហ៊ុន បានបញ្ជូនមកកាន់ការិយាល័យនិពន្ធអង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ​ រួមមាន៖ លិខិតអនុញ្ញាតរបស់ CDC ប៉ុន្តែតម្រូវឲ្យក្រុមហ៊ុនត្រូវសហការជាមួយអាជ្ញាធរ មន្រ្តីមូលដ្ឋាន និងកងទ័ព ព្រមទាំងការគោរពលើកិច្ចសន្យា និងមិនត្រូវផ្តល់ផលប៉ះពាល់ ដល់ដីរបស់ប្រជាពលរដ្ឋនោះទេ, លិខិតរបស់លោក ជុំ កុសល ទីប្រឹក្សានាយករដ្ឋមន្រ្តី ដាក់ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អំពីការគម្រោងអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ, លិខិតរបស់លោក អ៊ុំ ម៉ារ៉ា អតីតអភិបាលខេត្តព្រះវិហារ ដោយតម្រូវសហការជាមួយមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋានផងដែរ។

បន្ថែមពីលើលិខិតរបស់ខ្លួនលោក លាស់ ថេតរ៉ាម៉ា ដែលបានលើកឡើងពីសកម្មភាព និងតួនាទីក្នុងជួរការងារបក្សប្រជាជននោះ បានបញ្ជាក់អះអាងថា ខ្លួនមិនចង់បង្កបញ្ហាជាមួយប្រជាពលរដ្ឋ នោះឡើយ ហើយបើមានក៏ត្រូវដោះស្រាយជូនពួកគាត់ផងដែរ៕