(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ បានសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការយុទ្ធសាស្រ្ដជាតិស្ដីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មឆ្នាំ២០១៩-២០២៣។
ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការនេះ រៀបចំឡើងក្រោមការចូលរួមពីលោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (គ.ស.ហ), លោក Chive Scott ទីប្រឹក្សាជាន់ខ្ពស់របស់មូលនិធីរូបិយវត្ថុអន្ដរជាតិ ព្រមទាំងមន្រ្ដីធនាគារជាតិជាច្រើនរូបផងដែរ។
ការដាក់ឲ្យប្រើប្រាស់យុទ្ធសាស្រ្ដជាតិស្ដីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មនេះ ធ្វើឡើងក្នុងគោលបំណងដូចជា៖
១៖ ឲ្យគ្រឹះស្ថានហិរញ្ញវត្ថុ និងមុខរបរនិងវិជ្ជាជីវៈមិនមែនហិរញ្ញវត្ថុគេចផុតពី ការប្រើប្រាស់ក្នុងការសម្អាតប្រាក់ និងស្វែងរកផលនៃបទល្មើស និងទ្រព្យសម្បត្តិពាក់ព័ន្ធនឹងហិរញ្ញប្បទានភេរវកម្ម។
២៖ ធានាឲ្យអាជ្ញាធរអនុវត្តច្បាប់ទាំងអស់រួមគ្នាធ្វើការស៊ើបអង្កេត ចោទប្រកាន់, ដាក់ទណ្ឌកម្ម និងរឹបអូសផលនិងឧបករណ៍នៃសំអាងបទល្មើស និងបោសំអាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ប្រកបដោយប្រសិទ្ធិភាព។
លោក ជា ចាន់តូ បានឲ្យដឹងពីគោលបំណងគន្លឹះជាយុទ្ធសាស្រ្ដចំនួន១០របស់យុទ្ធសាស្រ្ដជាតិ និងសកម្មភាពការងារកំណត់តាមអាទិភាព និងពេលវេលាច្បាស់លាស់ដែលក្រសួង-ស្ថាប័ន ពាក់ព័ន្ធត្រូវសហការរួមគ្នា ជាមួយវិស័យឯកជនសម្រេចឲ្យបានដើម្បីធានានូវប្រសិទ្ធភាពនៃ ប្រព័ន្ធប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មនៅកម្ពុជា។
លោកបន្ដទៀតថា ពិសេសដើម្បីឆ្លើយតបនឹងហានិភ័យថ្នាក់ជាតិស្ដីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដែលបានវាយតម្លៃកាលពីឆ្នាំ២០១៦ និងអនុសាសន៍ដែលបានកំណត់ក្នុងរបាយការណ៍វាយតម្លៃអញ្ញមញ្ញស្ដីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មឆ្នាំ២០១៧ផងដែរ។
សូមជម្រាបថា ក្រុមការងារបច្ចេកទេសអន្ដរក្រសួងប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (ក.ប.ស.ហ) បានសហការរៀបចំយុទ្ធសាស្រ្ដជាតិស្ដីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មឆ្នាំ២០១៩-២០២៣ ដោយមានការណែនាំពី គ.ស.ហ និងមានជំនួយបច្ចេកទេសពីមូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) ដើម្បីប្រើប្រាស់ជាមគ្គុទ្ទេសក៍រយៈពេលវែងដ៏ពេញលេញមួយរបស់រាជរដ្ឋាភិបាលកម្ពុជា៕