(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិកម្ពុជា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ បានទទួលជួបធ្វើការងារជាមួយលោក DUAN DAQI អគ្គនាយករង នៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិនៃក្រសួងសន្តិសុខសាធារណៈចិន នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

គោលបំណងនៃជំនួបនេះ គឺដើម្បីពិភាក្សាក្នុងការរៀបចំផែនការអនុវត្តឆ្នាំសហប្រតិបត្តិការ អនុវត្តច្បាប់តាមគោលការណ៍ឯកភាពគ្នា រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយលោក Xi Jinping ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីខែមករា ឆ្នាំ២០១៩កន្លងមក។

ក្នុងជំនួបនេះ ភាគីទាំងពីរ បានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ ក្នុងក្របខណ្ឌទូទាំងប្រទេស និយាយជារួម និងដោយឡែកនៅខេត្តព្រះសីហនុ ដែលភាគីទាំងពីរត្រូវ៖

*គាំទ្រឲ្យមានកិច្ចសហការចងសម្ព័ន្ធមេត្រីភាពរវាងខេត្តព្រះសីហនុ និងខេត្តជាំងស៊ូ
*​បន្តផ្លាស់ប្តូរព័ត៌មានគ្រប់ជ្រុងជ្រោយឲ្យគ្នាទៅវិញទៅមក
*បន្តចែករំលែកបទពិសោធន៍ តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូជំនាញ
*​បន្តលើកកម្ពស់សមត្ថភាពមន្រ្តីអនុវត្តច្បាប់ តាមរយៈការគាំទ្រក្នុងការបណ្តុះបណ្តាលធនធានមនុស្ស
*​ជំរុញប្រសិទ្ធភាពប្រតិបត្តិការតាមរយៈការគាំទ្រមធ្យោបាយ ឧបករណ៍ សម្ភារបច្ចេកទេស បម្រើឲ្យការងារស្រាវជ្រាវ ស៊ើបអង្កេត និងការបង្ក្រាប។

ភាគីចិនបញ្ជាក់ផងដែរថា នឹងជំរុញកសាងទីបញ្ជាការដ្ឋានសន្តិសុខ សម្រាប់អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយកំណត់ចាប់ផ្តើមនៅឆ្នាំ២០១៩នេះ ស្របតាមគោលការណ៍ឆ្នាំសហប្រតិបត្តិការអនុវត្តច្បាប់។ ជាមួយគ្នានេះ ភាគីចិនក៏បានសន្យាផ្តល់ជូនដល់នគរបាលជាតិកម្ពុជា នាឆ្នាំ២០១៩នេះ ពាក់ព័ន្ធដល់៖ បន្ទប់ពិសោធន៍ DNA, ការងារប្រឆាំងបទល្មើសបច្ចេកវិទ្យា និងឧបករណ៍ផ្តិតស្នាមខ្ចៅដៃនៅកន្លែងកើតហេតុ។

មុនបញ្ចប់ ភាគីទាំងពីរ សុទ្ធតែសម្តែងនូវការប្តេជ្ញាចិត្តរួមគ្នាអនុវត្តឲ្យបានសម្រេចឆ្នាំសហប្រតិបត្តិការអនុវត្តច្បាប់ តាមគោលការណ៍របស់ថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងពីរ៕