(ភ្នំពេញ)៖ លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ទើបចប់អាណត្តិ បានប្ដេជ្ញាចំពោះមុខលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថាលោកនឹងផ្ញើសារវិជ្ជមាន ទៅដៃគូនានា ដើម្បីឆ្លុះបញ្ចាំងពីការពិតនៃការខិតខំលើកកម្ពស់លក្ខខណ្ឌការងារ និងសិទ្ធិការងារនៅកម្ពុជា ខុសពីការឃោសនាបោកប្រាស់ របស់ជនអគតិមួយចំនួន។

លោក George Edgar ថាដៃគូជាច្រើននៅតែសម្ដែងការពេញចិត្តរបស់ពួកគេ ក្នុងការបន្តកិច្ចសហប្រតិបត្តិការ ក៏ដូចជាបន្តបញ្ជាទិញប្រភពទំនិញពីកម្ពុជា។

ការបញ្ជាក់នេះ ធ្វើឡើងក្នុងឱកាសលោក George Edgar ចូលជួបសម្តែងការគួរសម និងជម្រាបលា លោករដ្ឋមន្ត្រី អ៉ិត សំហេង នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ នៅទីស្តីការក្រសួងការងារ។

ក្នុងជំនួបនោះ លោក អ៉ិត សំហេង បានលើកឡើងថា លោកឯកអគ្គរដ្ឋទូត ពិតជាមានការខិតខំប្រឹងប្រឹងជំរុញកិច្ចសហប្រតិបត្តិ ទៅលើការវិវឌ្ឍរីកចម្រើន និងវឌ្ឍនភាពមកដល់កម្ពុជា ហើយសហភាពអឺរ៉ុប គឺជាគោលដៅទីផ្សារនាំចេញទំនិញវាយនភណ្ឌទីមួយរបស់កម្ពុជា។

ទន្ទឹមនឹងនេះ លោក George Edgar បានផ្តល់ការគាំទ្រដល់កម្ពុជា ក្នុងការលើកកម្ពស់ទំនាក់ទំនងល្អរវាងកម្ពុជា និងសហភាពអឺរ៉ុប ហើយវានឹងស្ថិតនៅក្នុងចិត្តភាគីទាំងពីរ ចំពោះការចូលរួមវិភាគទាន របស់លោកអគ្គរដ្ឋទូត ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា នាពេលកន្លងមក។

លោកថា កម្ពុជាបានអនុវត្តយ៉ាងល្អប្រសើរ ទៅតាមបទដ្ឋានការងារអន្តរជាតិ ជាពិសេសខិតខំឆ្លើយតបបានពេញលេញ ទៅតាមអនុសាសន៍របស់អង្គការអន្តរជាតិខាងការងារ និងបេសកកម្មស្វែងរកការពិត របស់សហភាពអឺរ៉ុបមកកាន់កម្ពុជា កាលពីខែកក្កដា ឆ្នាំ២០១៨។

លោករដ្ឋមន្ត្រី អ៉ិត សំហេង បានបន្ថែមទៀតថា កម្ពុជាបាននិងកំពុងសហប្រតិបត្តការយ៉ាងល្អ ជាមួយគម្រោងនានា ជាពិសេសគម្រោងពាក់ព័ន្ធនឹងការលក្ខខណ្ឌការងារ សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ និងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ដូចជាគម្រោងរោងចក្រកាន់តែប្រសើនៅកម្ពុជា គម្រោងកិច្ចព្រមព្រៀងជាសកលរបស់ស៊ុយអែត និងគម្រោងបទដ្ឋានសង្គម និងការងារក្នុងវិស័យវាយនភណ្ឌ និងកាត់ដេរនៅទ្វីបអាស៊ី (GIZ, SLSG)។

តបតាមសំណូមពររបស់លោករដ្ឋមន្រ្តី អ៉ិត សំហេង លោក George Edgar បានសន្យាយ៉ាងមុតមាំថា លោកនឹងផ្ញើសារដ៏វិជ្ជមាននេះ ទៅដៃគូរនានា ដើម្បីឆ្លុះបញ្ចាំងពីការពិតនូវការខិតខំអនុវត្តល្អ ក្នុងការលើកកម្ពស់លក្ខខណ្ឌការងារ និងសិទ្ធិការងារ ព្រោះថាដៃគូជាច្រើន នៅតែសម្ដែងការពេញចិត្តរបស់ពួកគេ ក្នុងការបន្តកិច្ចសហប្រតិបត្តិការ ក៏ដូចជាបន្តបញ្ជាទិញប្រភពទំនិញពីកម្ពុជា៕