(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលផលិតស្រាបៀរកម្ពុជា បានកំពុងរៀបចំដឹកស្រាបៀរកម្ពុជា ចំនួន៤កុងតឺន័រ នាំចេញទៅទីផ្សារម៉ាឡេស៊ី នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩។
តាមការឲ្យដឹងពីលោក ធី សុកល ប្រធានផលិតកម្មនៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឲ្យដឹងថា នេះគឺជាលើកទី២២ហើយ ដែលស្រាបៀរកម្ពុជា ត្រូវបាននាំចេញទៅប្រទេសម៉ាឡេស៊ី ហើយការនាំចេញលើកនេះ កើនឡើងចំនួន៣០% បើធៀបទៅនឹងការនាំចេញ ក្នុងឆ្នាំ២០១៨។
លោកបានបន្តថា ការវិនិយោគលើគ្រឿងចក្រទំនើប ធនធានមនុស្ស ប្រព័ន្ធស្តង់ដាត្រួតពិនិត្យគុណភាព និងរសជាតិ ព្រមទាំងការទទួលស្គាល់ជាអន្តរជាតិ ដែលជាកត្តាធ្វើឲ្យស្រាបៀរកម្ពុជា អាចឈានជើងចូល ដល់ទីផ្សារអន្តរជាតិ។
ដើម្បីរក្សារសជាតិ និងគុណភាព របស់ស្រាបៀរមិនឲ្យប្រែប្រួល និងអនាម័យ រោងចក្រស្រាបៀរកម្ពុជា វិនិយោគលើម៉ាស៊ីនវេចខ្ចប់ទំនើបចុងក្រោយបង្អស់ ប្រកបដោយស្ដង់ដារអន្តរជាតិ ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន Krones និង KHS របស់អាល្លឺម៉ង់ ដែលជាក្រុមហ៊ុនផលិតម៉ាស៊ីនវេចខ្ចប់នាំមុខគេ នៅក្នុងពិភពលោក៕