(ភ្នំពេញ)៖ លោក ផៃ ស៉ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា ការបង្កើតអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល មានទិសដៅសម្រាប់សាធារណជន ក្នុងកិច្ចពង្រឹងថែរក្សាវប្បធម៌ឆ្លើយឆ្លង និងវប្បធម៌សន្ទនា ដែលជាទស្សនៈដ៏ឧត្តុងឧត្តមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩។
សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩កន្លងទៅ បានសម្រេចបង្កើតអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដោយមានរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកលើកិច្ចការអ្នកនាំពាក្យរាជរដ្ឋាភិបាល ជាប្រធាននៃអង្គភាពនេះ។
ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានជម្រាបជូនជនរួមជាតិ អ្នកសារព័ត៌មាន និងអ្នកអត្ថាធិប្បាយព័ត៌មានសង្គមនូវសេចក្តីសម្រេច ស្ដីពីការបង្កើតអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងបំណងដ៏ស្មោះស្ម័គ្រនៃឆន្ទៈរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចពង្រឹងបន្តនូវការចូលរួមកសាងប្រទេសជាតិ នៅក្នុងរបបប្រជាធិបតេយ្យសេរីពហុបក្ស ពហុមតិ និងអធិបតេយ្យជាតិ របស់ប្រជាពលរដ្ឋគ្រប់និន្នាការ។ នៅក្នុងគោលការណ៍ និងបំណងដ៏ឧត្តុងឧត្តមនេះ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់សម្តេចតេជោ ព័ត៌មានមួយចំនួន ដែលជាការលើកឡើងពីមហាជន រួមទាំងអ្នកថ្វីម៉ាត់មួយចំនួន ក៏ត្រូវបានចាត់វិធានការប្រកបដោយប្រសិទ្ធភាពជាបន្ទាន់ផងដែរ។
យោងតាមសេចក្តីថ្លែងការណ៍ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អង្គភាពនេះ មានទិសដៅសម្រាប់សាធារណជន ក្នុងកិច្ចពង្រឹងថែរក្សាវប្បធម៌ឆ្លើយឆ្លង (2 ways communication) និងវប្បធម៌សន្ទនា ដែលជាទស្សនៈដ៏ឧត្តុងឧត្តមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រួមគ្នាទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលមានកិច្ចសហការដ៏ជិតស្និទ្ធជាមួយស្ថាប័នជំនាញគ្រប់វិស័យរបស់រដ្ឋ»។
ជាមួយនេះផងដែរ វេទិកាសាធារណៈ សន្និសីទសារព័ត៌មាន ក្នុងរូបភាពរបាយការណ៍ ឬកម្រងទស្សនៈនៃការយល់ដឹងពីបណ្ឌិត អ្នកជំនាញ ក៏ដូចជាអ្នកអត្ថាធិប្បាយសង្គមពាក់ព័ន្ធទៅនឹងការងារជាតិ។ កិច្ចការទាំងអស់នេះ ក៏ត្រូវបានលើកតម្កើងយ៉ាងទូលំទូលាយ ដែលជាប្រយោជន៍សាធារណជនក្នុងកិច្ចរួមគ្នាកសាងការពារជាតិខ្មែរតែមួយ។
បើតាមសេចក្តីថ្លែងការណ៍ដដែល សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីកើតចេញពីជម្រើស និងការទុកចិត្តរបស់មហាជន ដែលសម្តេច មានឥរិយាបថស្វែងយល់ និងស្តាប់រាល់មតិពីមហាជន អាស្រ័យហេតុដូចនេះ អ្វីដែលជាព័ត៌មានមិនត្រឹមតែជាជ្រុងមួយពីរាជរដ្ឋាភិបាលនោះទេ ក៏ប៉ុន្តែពីសាធារណជន ក៏ដូចជាអ្នកតាំងខ្លួនជាអ្នកអត្ថាធិប្បាយសង្គមផងដែរ។ ក្រុមទាំងនោះ ត្រូវតែជាអ្នកសុច្ចរិត ទទួលខុសត្រូវផ្សព្វផ្សាយព័ត៌មានពិត ប្រកបដោយគុណធម៌ និងសីលធម៌ ដែលអាចទទួលយកបានពីគ្រប់ភាគី ក្នុងកិច្ចពង្រឹងរួមគ្នាកសាងជាតិ។
រីឯអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល គឺឋិតនៅក្នុងបំណង និងគោលដៅពង្រឹងការដឹង និងការយល់របស់មហាជន ដែលលោកជាចំណែកមួយដ៏មានប្រសិទ្ធភាព និងជាម្ចាស់អំណាច មិនត្រឹមតែចូលរួមក្នុងកិច្ចកសាងការពារអធិបតេយ្យជាតិប៉ុណ្ណោះទេ ក៏ប៉ុន្តែជាការរួមចំណែកដ៏ធំមួយនៃការងារអភិបាលកិច្ចល្អ និងការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចកំណែទម្រង់ស៉ីជម្រៅ៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាល៖