(ភ្នំពេញ)៖ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ លោក កែន សម្បត្តិ បានជំរុញឲ្យអ្នកជាប់ពន្ធទាំងអស់ ចូលរួមប្រើប្រាស់នូវប្រព័ន្ធ និងកម្មវិធី របស់អគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបានសេវាអ្នកជាប់ពន្ធដែលមានភាពសាមញ្ញ ងាយស្រួល មានគុណភាព ប្រកបដោយតម្លាភាព និងឆាប់រហ័ស ជាពិសេសថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធដារបានដាក់ចេញនូវប្រព័ន្ធអនឡាញ សម្រាប់គ្រប់គ្រងលើតម្លៃអាករបន្ថែម។
ការជំរុញនេះ បានធ្វើឡើងខណៈលោក កែន សម្បត្តិ អញ្ជើញជាអធិបតីសិក្ខាសាលាស្តីពី «កាតព្វកិច្ចពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និងនីតិវិធីនៃការស្នើរសុំបង្វិលសង និងការប្រើប្រាស់ឥណទាន អាករលើតម្លៃបន្ថែម តាមប្រព័ន្ធអនឡាញ» របស់អគ្គនាយកដ្ឋានពន្ធដារ ដល់សាធារណៈជន នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩។
សិក្ខាសាលានេះ ក៏មានការចូលរួមពី ប្រធាន-អនុប្រធាននាយកដ្ឋានថ្នាក់កណ្តាល លោកប្រធាន-អនុប្រធានសាខាពន្ធដារខណ្ឌទាំង៩ នៃរាជធានីភ្នំពេញ មន្ត្រីពន្ធដារ ព្រមទាំងតំណាងសហគ្រាស ដែលស្ថិតក្នុងរាជធានីភ្នំពេញប្រមាណ១២០០សហគ្រាសផងដែរ។
លោក កែន សម្បត្តិ បានបញ្ចាក់ថា ក្នុងនាមជាអ្នកគ្រប់គ្រងប្រមូលចំណូលពន្ធ ជូនរាជរដ្ឋាភិបាល អគ្គនាយកដ្ឋានពន្ធដារ ចង់ឃើញសហគ្រាសរីកចម្រើន លូតលាស់ ធំធាត់ ហើយប្រកាសមានប្រាក់ចំណេញបង់ជូនរដ្ឋ និងពិតជាមិនចង់ឃើញសហគ្រាសប្រកាសខាត បង់ពន្ធខ្វះ មានបញ្ចីគណនេយ្យ២ ឬ៣នោះទេ ដោយរំពឹងថា នឹងមិនមានការកិបកេងបន្លំពន្ធ ហើយរងការកំណត់ពន្ធឡើងវិញ ទទួលរងពិន័យទោសទណ្ឌ ព្រមទាំងការប្រាក់នោះទេ។
លោកសង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមដែលបានចូលរួមនៅក្នុងសិក្ខាសាលនេះ នឹងទទួលបានចំណេះដឹង ចំណេះធ្វើជាបទបញ្ញាត្តិ និងជាបទពិសោធន៍ ពាក់ព័ន្ធដល់ការបំពេញកាតព្វកិច្ចពន្ធដារ របស់អ្នកជាប់ពន្ធ ហើយក៏ជាប្រយោជន៍យកទៅអនុវត្ត ឲ្យបានត្រឹមត្រូវតាមបទបញ្ញាត្តិ និងលិខិតបទដ្ឋាន ស្តីពីពន្ធដារជាធរមាន ជាពិសេសការដាក់លិខិតប្រកាសពន្ធ លើប្រាក់ចំណូល និងការបំពេញនីតិវិធីនៃការស្នើសុំបង្វិលសង និងការប្រើប្រាស់ឥណទានអាករ លើតម្លៃបន្ថែម តាមប្រព័ន្ធអនឡាញ។
លោក កែន សម្បត្តិ ក៏បានសំណូមពរឲ្យអ្នកជាប់ពន្ធទាំងអស់ ត្រូវរុះរាន់ក្នុងការដាក់លិខិតប្រកាសបង់ពន្ធ លើប្រាក់ចំណូល ដែលនឹងផ្តល់ឱសានវាទនៅបំណាច់ខែមីនា ហើយសូមធ្វើការប្រកាសឲ្យបានស្មោះត្រង់៕