(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអង្គការយូនីសេហ្វ បានប្រគល់-ទទួលផ្ទាំងគ្រប់គ្រងទិន្នន័យអធិការកិច្ច សេវាថែទាំជំនួសចំពោះកុមារ និងឧបករណ៍សម្រាប់ តាមដានករណីកុមារដែលបានធ្វើសមាហរណកម្ម ដើម្បីដើម្បីជួយដោះស្រាយបញ្ហាកុមារឲ្យកាន់តែងាយស្រួល។
ពិធី ប្រគល់-ទទួលផ្ទាំងគ្រប់គ្រងទិន្នន័យអធិការកិច្ចសេវាថែទាំជំនួសចំពោះកុមារ និងឧបករណ៍សម្រាប់តាមដានករណីកុមារ ដែលបានធ្វើសមាហរណកម្ម បានធ្វើឡើងរវាងលោកស្រី ខៀវ បូរី រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងលោក វង សូត រដ្ឋមន្រ្តី និងលោក ប្រូសគ្រែន (Bruce Grant) ប្រធានផ្នែកកិច្ចការពារកុមារ នៃអង្គការយូនីសេហ្វ រួមនឹងមន្រ្តីក្រសួងពាក់ព័ន្ធជាច្រើនរូបទៀត នាទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩។
នៅក្នុងពិធីនោះលោកស្រី ខៀវ បូរី បានលើកឡើងថា កម្មវិធីនាថ្ងៃនេះ ជាការបង្ហាញនូវសមិទ្ធផលថ្មីមួយទៀត របស់ក្រសួងតាមរយៈការគាំទ្រ និងកិច្ចសហការរបស់អង្គការយូនីសេហ្វ និងវិទ្យាស្ថានបើកទូលាយ ក្នុងការធ្វើឱ្យការងារថែទាំជំនួសចំពោះកុមារ និងការតាមដានត្រួតពិនិត្យកុមារ សមាហរណកម្ម កាន់តែមានភាពល្អប្រសើរឡើង។
លោកស្រី ខៀវ បូរី បានបន្ថែមថា នេះជាការផ្ទេរក្នុងជំហ៊ានដំបូង ដើម្បីឱ្យក្រសួងត្រៀមលក្ខណៈសម្បត្តិ ឲ្យគ្រប់គ្រាន់ក្នុងការយកទៅគ្រប់គ្រង ដោយខ្លួនឯង បាននៅថ្ងៃអនាគត ហើយនេះ ក៏ជាការលើកកម្ពស់ និងការការពារកុមារ គឺជាបញ្ហាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាអាណិត្តទី៦ ដោយបានដាក់បញ្ចូលនៅក្នុងកម្មវិធីគោលនយោបាយ ជាពិសេសយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ ក្នុងយុទ្ធសាស្ត្រទី១ ការអភិវឌ្ឍធនធានមនុស្ស ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់រៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ដែលនឹងមានសូចនាករ លទ្ធផល និងពេលវេលាជាក់លាក់សម្រាប់អនុវត្ត និងសង្គតិភាពជាមួយនឹងឯកសារគោលនយោបាយតាមវិស័យដទៃទៀត។
ជាមួយគ្នានោះ លោក ប្រូសគ្រែន (Bruce Grant) ប្រធានផ្នែកកិច្ចការពារកុមារ នៃអង្គការយូនីសេហ្វ បានលើកឡើងថា ដើម្បីពង្រឹងការអនុវត្តផែនការនេះ ឲ្យមានប្រសិទ្ធភាព អង្គការបានគាំទ្រ ដល់ក្រសួងសង្គមកិច្ច ក្នុងការជ្រើសរើសបុគ្គលសង្គម ដើម្បីបម្រើការងារឲ្យកាន់តែមានភាពល្អប្រសើរថែមមួយកម្រិតទៀត។
លោក ប្រូសគ្រែន បានបន្តថា អង្គការយូនីសេហ្វ បានគាំទ្រក្រសួងសង្គមកិច្ច ក្នុងការបង្កើតទិន្នន័យអធិការកិច្ចសេវាថែទាំជំនួសចំពោះកុមារ និងឧបករណ៍សម្រាប់តាមដានករណីកុមារ ដែលបានធ្វើ សមាហរណកម្ម ដែលបំពេញការងារដល់បុគ្គលិកសង្គមនាពេលបច្ចុប្បន្ននេះ។
លោកបានបន្ថែមថា ឧបករណ៍សម្រាប់តាមដានករណីកុមារ ដែលបានធ្វើ សមាហរណកម្ម ត្រូវបានបង្កើតឡើង ក្នុងគោលបំណងដើម្បីដោះស្រាយ បញ្ហាចំពោះកុមារ និងទិន្នន័យព័ត៌មានកុមារ ពង្រឹងគុណភាពនៃការថែទាំ និងការអនុវត្ត តាមដាន ពិនិត្យវឌ្ឍភាព និងសមាហរណកម្មថែទាំកុមារ។
លោកស្រី ខៀវ បូរី តំណាងរដ្ឋមន្រ្តី វង សូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ និងការគាំទ្រកន្លងមករបស់ អង្គការយូនីសេហ្វ ជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងសូមអរគុណដល់ វិទ្យាស្ថានបើកទូលាយ ដែលបានគាំទ្រទាំងបច្ចេកទេស និងថវិកា សម្រាប់ការរៀបចំប្រព័ន្ធទិន្នន័យមួយនេះ៕