(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ បានអនុញ្ញាតឱ្យលោក Beketzhan Zhumakhanov ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកាហ្សាក់ស្ថានប្រចាំកម្ពុជា និងជាប្រេសិតពិសេសរបស់សភានៃសាធារណរដ្ឋកាហ្សាក់ស្ថាន ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។

នៅក្នុងឱកាសនោះ លោក Beketzhan Zhumakhanov បានថ្លែងអំណរគុណចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អនុញ្ញាតឱ្យលោកចូលជួបសម្តែងការគួរសមនាពេលនេះ។ ក្នុងនាមសភានៃសាធារណរដ្ឋកាហ្សាក់ស្ថាន សភាសហព័ន្ធរុស្ស៉ី និងសភានៃសាធារណរដ្ឋកូរ៉េ លោកបាននាំយកនូវលិខិតអញ្ជើញ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ទៅចូលរួមកិច្ចប្រជុំវេទិកាប្រធានសភាប្រទេសតំបន់អឺរ៉ុប-អាស៉ី លើកទី៤ នៅថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ខាងមុខនេះ នៅប្រទេសកាហ្សាក់ស្ថាន។

លោក Beketzhan Zhumakhanov បានសម្តែងនូវសេចក្តីរីករាយ ដែលមានឱកាសមកបំពេញបេសកកម្មជាឯកអគ្គរដ្ឋទូតលើកទី១ ប្រចាំនៅប្រទសកម្ពុជា វៀតណាម និងប្រទេសឡាវ។ តាមរយៈបេសកកម្មការទូតនេះ លោកបានសន្យាថា នឹងខិតខំពង្រឹងពង្រីកនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រត្តិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរឱ្យកាន់តែប្រសើរឡើងថែមទៀត។ លោកក៏បានសម្តែងនូវមនោសញ្ចេតនាគោរព និងស្រឡាញ់ប្រជាជនកម្ពុជា ពីព្រោះលោកក៏ធ្លាប់បានមកធ្វើការងារ ជាអ្នកការទូតរបស់អតីតសហភាពសូវៀត ប្រចាំនៅកម្ពុជា ក្នុងទស្សវត្សទី៩០ផងដែរ។

លោកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា រដ្ឋសភា និងព្រឹទ្ធសភា នៃសាធារណរដ្ឋកាហ្សាក់ស្ថាន នឹងបង្កើតក្រុមមិត្តភាពជាមួយនឹងព្រឹទ្ធសភា និងរដ្ឋសភានៃកម្ពុជា ដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការល្អប្រពៃ រវាងអង្គការនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។ ជាមួយនេះដែរ លោកឯកអគ្គរដ្ឋទូតក៏បានថ្លែងអំណរគុណ ចំពោះថា្នក់ដឹកនាំសភានៃកម្ពុជា ដែលបានទទួលនូវសេចក្តីអញ្ជើញ និងត្រៀមលក្ខណៈទៅចូលរួមកិច្ចប្រជុំ វេទិកាប្រធានសភាប្រទេសតំបន់អឺរ៉ុប-អាស៉ីលើកទី៤ នៅប្រទេសកាហ្សាក់ស្ថាន។

ក្នុងនាមព្រឹទ្ធសភានៃកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវស្វាគមន៍ និងវាយតម្លៃខ្ពស់បំផុតចំពោះបេសកកម្មការទូតរបស់លោក Beketzhan Zhumakhanov ដែលបានរួមចំណែកនូវការពង្រឹង ពង្រីកទំនាក់ទំនងមិត្តភាព សាគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស ប្រជាជន និងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា សម្តេចនឹងទទួលយកនូវសេចក្តីអញ្ជើញនេះ និងសហការជាមួយនឹងរដ្ឋសភា ដើម្បីរៀបចំការចូលរួមកិច្ចប្រជុំវេទិកាប្រធានសភាប្រទេសតំបន់អឺរ៉ុប-អាស៉ីលើកទី៤ ដែលប្រព្រឹត្តទៅនៅប្រទេសកាហ្សាក់ស្ថាន នាពេលខាងមុខនេះ។

សម្តេចប្រធានព្រឹទ្ធសភាសង្ឃឹមថា កិច្ចប្រជុំវេទិកាប្រធានសភាប្រទេសតំបន់អឺរ៉ុប-អាស៉ីលើកទី៤នេះ នឹងទទួលបានជោគជ័យ ទទួលបានការចូលរួមច្រើន ពីថ្នាក់ដឹកនាំសភាជាច្រើនប្រទេស ហើយកិច្ចប្រជុំនេះ នឹងរួមចំណែកដល់ការពង្រឹងពង្រីកនូវសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ និងកម្រិតពិភពលោក ជាពិសេសនឹងរួមចំណែកដោះស្រាយបញ្ហាប្រឈមសំខាន់ៗរបស់ពិភពលោក ដូចជា៖ ជម្លោះប្រដាប់អាវុធ ជម្លោះពាណិជ្ជកម្ម អំពើភេរវកម្ម និងបញ្ហាការប្រែប្រួលអាកាសធាតុ។

សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងសេចក្តីរីករាយ ក្នុងការបន្តនូវការពង្រឹងពង្រីកនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាមួយនឹងសភា នៃសាធារណរដ្ឋកាហ្សាក់ស្ថាន។ ព្រឹទ្ធសភានៃកម្ពុជា នឹងបង្កើតក្រុមមិត្តភាពជាមួយនឹងព្រឹទ្ធសភា នៃសាធារណរដ្ឋកាហ្សាក់ស្ថាន។

តាមរយៈលោក Beketzhan Zhumakhanov សម្តេចក៏បានផ្តាំផ្ញើនូវការគោរព និងការសួរសុខទុក្ខចំពោះជូនថ្នាក់ដឹកនាំសភា និងថ្នាក់ដឹកនាំជាន់ខ្ពស់ដទៃទៀត នៃសាធារណរដ្ឋកាហ្សាក់ស្ថាន ព្រមទាំងជូនពរលោកឯកអគ្គរដ្ឋទូតឱ្យទទួលបានជោគជ័យ ក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា៕