(ភ្នំពេញ)៖ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានស្នើកុំឱ្យភ្ជាប់ករណី លោក រ៉ុង បញ្ញា ក្មួយប្រុសលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា ដែលបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នោះ ទៅនឹងរឿងនយោបាយឲ្យសោះ ព្រោះមិនអាចទៅរួចទេ។
ការស្នើររបស់លោក ហ្វា សាលី នាពេលនេះ បានធ្វើឡើងដើម្បីឆ្លើតបទៅនឹងសេចក្តីថ្លែងការណ៍របស់សហព័ន្ធសហជីពកម្ពុជា កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ដែលបានស្នើរឲ្យសម្ថកិច្ចធ្វើការស៊ើបអង្កេតជុំវិញករណីគ្រោះថ្នាក់ចរាចរណ៏ លោក រ៉ុង បញ្ញា ឲ្យបានត្រឹមត្រូវ និងឲ្យបានហ្មត់ចត់បំផុត ព្រោះការស្លាប់នេះ អាចមិនមែនជាករណីគ្រោះថ្នាក់ចរាចរណ៏ធម្មតានោះទេ។
ប្រធានសម្ព័ន្ធសហជីពជាតិ លោក ហ្វាសាលី បានលើកឡើងនៅលើ Facebook នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ យ៉ាងដូច្នេះថា « ចង់មានន័យម៉េច? ដាក់ឲ្យចំមើល! លើសហើយលោកស្រី កុំចង់យកវាទៅភ្ជាប់នឹងនយោបាយ ជាក់ស្តែងណាស់ដែលលោក រ៉ុង បញ្ញា បើកម៉ូតូទៅវ៉ាឡានស្របទិស រួចជ្រុលទៅបុកនឹងឡានក្រុងដឹកអ្នកដំណើរដោយខ្លួនឯងនោះ»។
លោកបន្តថា បើនិយាយពីគីឡូអ្នកនយោបាយវិញក៏មិនអាចទៅរួចដែរ សូមមេត្តាកុំទាញវាចូលជ្រៅពេក បើខ្លួនឯងស្បែកប្រផេះនោះ សមិនស ខ្មៅមិនខ្មៅ។
សូមជម្រាបថា លោក រ៉ុង បញ្ញា មន្ត្រីទំនាក់ទំនងកិច្ចការបរទេស នៃសហព័ន្ធសហជីពកម្ពុជា ក្មួយប្រុសលោក រ៉ុង ឈុន ត្រូវបានរថយន្តក្រុងបុកស្លាប់នៅនឹងកន្លែង នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៧៧-៧៨ ត្រង់ចំណុចភូមិ ត្រពាំងស្តុកគ្រួស ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩។
នៅមុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿងម៉ាកហុងដា ពណ៌ខ្មៅស្លាកលេខ ភ្នំពេញ 1FK-9525 បើកដោយឈ្មោះ រ៉ុង បញ្ញា អាយុ៣០ឆ្នាំ ពីកើតទៅលិច វ៉ាជែងនៅចំណុចកើតហេតុ រួចជ្រុលទៅបុករថយន្តមួយគ្រឿង ម៉ាក Unlverse ពណ៌ក្រហមមួយគ្រឿង ពាក់ស្លាកលេខ ព្រះសីហនុ 3 E-4979 ដែលបើកបរបញ្រ្ចាសទិសគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗ នៅនឹងកន្លែងតែម្តង៕