(ភ្នំពេញ)៖ លោកវរសេនីយ៍ទោ គល់ យី អធិការខណ្ឌឫស្សីកែវ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះឲ្យដឹងថា កម្លាំងនគរបាលរបស់លោក បានបង្ក្រាបជាក់ស្ដែងទៅលើក្រុមជនសង្ស័យ ចំនួន៦នាក់ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន និងដកហូតវត្ថុតាងជាសម្ភារប្រើប្រាស់ និងថ្នាំញៀនបម្រើឲ្យសកម្មភាពជក់មួយចំនួន។
លោកវរសេនីយ៍ទោ គល់ យី បានបញ្ជាក់ថា ការតាមបង្ក្រាបជាក់ស្ដែង ចំពោះជនសង្ស័យទាំង៦នាក់ ក្នុងបទល្មើសរក្សាទុក និងប្រើប្រាស់ថ្នាំញៀននេះ បានបើកប្រតិបត្តិការឡើង ក្នុង២ករណីផ្សេងគ្នា ដែលស្ថិតនៅត្រង់ចំណុចក្រុមទី៧ ភូមិក សង្កាត់ច្រាំងចំរេះ២ និងស្ថិតនៅត្រង់ចំណុចក្រុមទី១ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ។
លោកអធិការបានបញ្ជាក់ទៀតថា ជនសង្ស័យដែលបង្ក្រាបទាំងនោះ ទី១៖ឈ្មោះ កូរ៉ា ហ្សាក់ អាយុ២៧ឆ្នាំ, ទី២៖ឈ្មោះ ហេង ងួន អាយុ១៨ឆ្នាំ, ទី៣៖ឈ្មោះ ឯល មហា ម៉ាក់ អាហីម អាយុ២៧ឆ្នាំ, ទី៤៖ឈ្មោះ ហីម សានី អាយុ២៨ឆ្នាំ មានទីលំនៅក្នុងក្រុមទី៦ ក្រុមទី៧ ភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ។ ឯជនសង្ស័យ២នាក់ទៀត ឈ្មោះ សា រ៉ាវី អាយុ២២ឆ្នាំ មានទីលំនៅក្នុងភូមិកំពង់អុស ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណាល និងម្នាក់ទៀតឈ្មោះ វ៉េង សំបូរ អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។
ជាមួយការឃាត់ខ្លួនជនសង្ស័យទាំង៦នាក់នេះ លោកវរសេនីយ៍ទោ គល់ យី បានអំពាវនាវដល់ស្រទាប់យុវជន គួរត្រូវជៀសឲ្យឆ្ងាយពីការសេពគ្រឿងញៀន ដែលបង្កើតឲ្យមានផលវិបាកចំពោះគ្រួសាររបស់ខ្លួន ដូចជាបាត់បង់សមត្ថភាពក្នុងការរៀនសូត្រ សមត្ថភាពក្នុងការបំពេញការងារ បាត់បង់អាជីព ចំណូលគ្រួសារថយចុះ ប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារ និងធ្វើឲ្យកិត្តិយសគ្រួសារអាប់ឱនជាដើម។
លោកបន្តថា ក្រៅពីបង្កើតឲ្យមានផលវិបាកចំពោះគ្រួសាររបស់ខ្លួននោះ គ្រឿងញៀនបានបង្កឲ្យមានផលវិបាកផ្សេងៗទៀត ដល់សហគមន៍ និងសង្គមជាតិ ដូចជាបង្កើនជំងឺ ចំណាយលើបញ្ហាសុខភាព បន្ថយសមត្ថភាព ដែលបង្កឲ្យមានជាឧក្រិដ្ឋកម្ម ឃាតកម្ម ចោរកម្ម អសន្តិសុខ។ល។
ទោះយ៉ាងណា ជនសង្ស័យចំនួន៦នាក់ខាងលើ រួមជាមួយវត្ថុតាង ប្រភេទក្រាមពណ៌សថ្លាចំនួន៣កញ្ចប់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀន ដែលសមត្ថកិច្ចបង្ក្រាបបានក្នុងសកម្មភាពរក្សាទុក ក្រោយពីបង្ក្រាបជាក់ស្ដែងនេះ បាននិងកំពុងស្ថិតនៅក្រោមការឃុំខ្លួនសាកសួរបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី៕