(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ បានដឹកនាំមេបញ្ជាការកងកម្លាំងប្រដាប់ អាវុធទាំង៣ ប្រធានមន្ទីរអង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យមើលទីតាំង ដើម្បីរៀបចំអង្គរសង្រ្កាន្តឆ្នាំថ្មី នៅក្នុងបរិវេណរម្មណីយដ្ឋាន ប្រាសាទកោះកេរ ស្ថិតក្នុងឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។
«ព្រះវិហារសង្រ្កាន្តកោះកេរ» ឆ្នាំនេះ គឺរៀបចំឡើងដោយរដ្ឋបាលខេត្តព្រះវិហារ បានសហការជាមួយអាជ្ញាធរជាតិព្រះវិហារ និងសហភាពសហព័ន្ធយុវជនខេត្តព្រះវិហារ ដើម្បីអបអរសាទរពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកសក័ ព.ស២៥៦៣។ ជាមួយនិងការព្រឹត្តិការណ៍សង្ក្រានរយៈពេល៣ថ្ងៃនេះ ក៏មានការតាំងពិពរណ៍បង្ហាញពីវឌ្ឍនភាព នៃការអភិវឌ្ឍន៍របស់ក្រុង-ស្រុកទាំង៨ ក្នុងខេត្តព្រះវិហារ ហើយក៏មានការសំដែងសិល្បៈ បុរាណ សម័យ ដែលមានការចូលរួមពីតារាល្បីៗរយៈពេល៣ថ្ងៃ គឺថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ផងដែរ។
ជាមួយគ្នានេះដែរ លោក អ៊ុន ចាន់ដារ បានថ្លែងថា មូលហេតុដែលអាជ្ញាធរសម្រេចចិត្ត ជ្រើសរើសទីតាំងនៅក្នុងបរិវេណប្រាសាទកោះកេរ ដើម្បីធ្វើទីតាំងរៀបចំសង្ក្រាន្តឆ្នាំនេះ ដោយសារតែទីតាំង ប្រាសាទកោះកេរ មានភាពទាក់ទាញសម្រស់ធម្មជាតិ សម្បូរដោយប្រាសាទបុរាណ និងសម្បត្តិវប្បធម៌ ដែលមានលក្ខណៈអំណោយផល សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ឲ្យចូលមកទស្សនា នៅតំបន់ប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរផងដែរ។
លោក អ៊ុន ចាន់ដា បានបន្តថា ម្យ៉ាងវិញទៀត ប្រាសាទកោះកេរ នឹងត្រូវរៀបចំដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃអនាគតខាងមុខនេះ ក្រោមការរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាសេធិការផ្ទាល់របស់រាជរដ្ឋាភិបាល។
លោកបានបញ្ជាក់ថា ដើម្បីរក្សាឱ្យបាននូវសុខសុវត្ថិភាព សម្រាប់ភ្ញៀវទេសចរណ៍ដេលមកទស្សនា កម្សាន្តនៅក្នុងពិធី ព្រះវិហារសង្ក្រាន្តកោះកេរនេះ រដ្ឋបាលខេត្តដែលមានការសហការ ជាមួយអាជ្ញាធរជាតិប្រាសាទព្រះវិហារ បានរៀបចំដាក់នូវក្រុមការងាររៀបចំកម្មវិធី រួមជាមួយការកសាងនូវហេតុការសន្តិសុខដែលមានការចូលរួមពីអ្នកពាក់ព័ន្ធទាំងអស់ ក្រោមម្ចាស់ការតាមតួនាទីភារកិច្ចរៀងៗខ្លួន។
ជាមួយគ្នានេះដែរ ខាងភាគីអាជ្ញាធរជាតិព្រះវិហារ បានត្រៀមរៀបចំខ្លួនជានិច្ច ដើម្បីត្រៀមទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ ដែលមកកម្សាន្តនៅក្នុងព្រឹត្តិការណ៍ «ព្រះវិហារសង្ក្រាន្តកោះកេរ» ឆ្នាំនេះឱ្យបានល្អ និងមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយត្រឹមត្រូវ។
សូមបងប្អូនប្រជាពលរដ្ឋ ទូទាំងខេត្តព្រះវិហារ អញ្ជើញចូលរួមសប្បាយរីករាយជួបជុំគ្នា លេងល្បែងប្រពៃណី និងរាំលេងកំសាន្ត ក្នុងឱកាសសង្ក្រាន្ត «ព្រះវិហារសង្ក្រានកោះកេរ» រយៈពេល៣ថ្ងៃនេះ កុំបីអាក់ខាន៕