(ក្រចេះ)៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ បានដឹកនាំសហការី បានចុះត្រួតពិនិត្យការសាងសង់ផ្ទះ និងអណ្ដូងទឹក (អណ្ដូងស្នប់) ជូនអតីតយុទ្ធជន ស្ថិតនៅឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ឯម កុសល បានជំរុញដល់ក្រុមការងារ ដែលកំពុងតែធ្វើការសាងសង់ផ្ទះជូនអតីតយុទ្ធជនទាំងអស់ ត្រូវតែបង្កើនការប្រុងប្រយ័ត្ន និងបំពេញការងារដោយយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីទទួលបានគុណភាពល្អ និងពន្លឿនការសាងសង់ឲ្យរួចរាល់ជាស្ថាពរ ក្នុងពេលឆាប់ៗខាងមុខនេះ។
លោកឧត្តមសេនីយ៍ ឯម កុសល បានបញ្ជាក់ថា ជាលទ្ធផលការសាងសង់ផ្ទះសម្រេចបានចំនួន១០ខ្នងផ្ទះ និងអណ្ដូងស្នប់ចំនួន០៤ ហើយក្រុមការងារបាននិងកំពុងធ្វើការ សាងសង់ផ្ទះចំនួន០៥ខ្នងបន្ដ សម្រេចបាន៤០ភាគរយ ដែលជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា៕