(ភ្នំពេញ)៖ ក្លិបអ្នកកាសែតកម្ពុជា និងអង្គការខាណា នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយពីក្រមប្រតិបត្តិសម្រាប់អ្នកសារព័ត៌មាន ក្នុងការរាយការណ៍ព័ត៌មានទាក់ទិននឹង អ្នកទទួលរងផលប៉ះពាល់ដោយសារគ្រឿងញៀន ដោយមានការចូលរួមពីអ្នកសារព័ត៌មានជាច្រើនរូប មកពីបណ្តាស្ថាប័នមួយចំនួនក្នុងប្រទេស។
លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានលើកឡើងត្រួសៗ ពីខ្លឹមសារនៃក្រមប្រតិបត្តិនេះ ដោយណែនាំឲ្យអ្នកសារព័ត៌មាន ត្រូវមានការប្រុងប្រយ័ត្នចំពោះការប្រើពាក្យពេចន៍ ក្នុងការសរសេរអត្ថបទព័ត៌មាន។ លោកថ្លែងថា ក្នុងអត្ថបទព័ត៌មានដែលទាក់ទងនឹងបញ្ហាគ្រឿងញៀន ត្រូវតែសរសេរលើកទឹកចិត្តជំរុញឱ្យ អ្នកប្រើប្រាស់សារធាតុញៀន ស្ម័គ្រចិត្តចូលខ្លួនទៅរកសេវាព្យាបាលនៅតាមស្ថាប័នរដ្ឋ និងមិនមែនរដ្ឋ ហើយអ្នកសារព័ត៌មានត្រូវចៀសវាងសរសេរអត្ថបទបែបណា ដែលរិះគន់ មាក់ងាយ និងរើសអើង ចំពោះអ្នកប្រើសារធាតុញៀនផងដែរ។
ខ្លឹមសារនៃក្រមប្រតិបត្តិសម្រាប់អ្នកសារព័ត៌មាន ក្នុងការរាយការណ៍ព័ត៌មានទាក់ទិននឹងអ្នកទទួលរងផលប៉ះពាល់ដោយសារគ្រឿងញៀន បានកំណត់ថា អ្នកប្រើប្រាស់សារធាតុញៀន គឺជាជនរងឥទ្ធិពលអវិជ្ជមាន ឬក៏ជាអ្នកជំងឺដែលទាមទារឲ្យមានការប្រឹក្សាយោបល់ ការព្យាបាល និងការស្តានីតិសម្បទា ដែលផ្ទុយស្រឡះពីអ្នកផលិតសារធាតុញៀន អ្នកជួញដូរគ្រឿងញៀន អ្នកចែកចាយគ្រឿងញៀន និងអ្នកអូសទាញឲ្យប្រើគ្រឿងញៀនជាដើម ដែលសុទ្ធតែជាជនល្មើស។ ការមាក់ងាយដែលទាក់ទងនឹងការប្រើសារធាតុញៀន ក៏ប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់កិច្ចខិតខំប្រឹងប្រែង ក្នុងការទប់ស្កាត់នៃគ្រោះថ្នាក់នៃសារធាតុញៀន និងបន្ទុចបង្អាប់ជនរងគ្រោះ នៃសារធាតុញៀន មិនព្រមចេញមុខទៅទទួលយកសេវា ព្យាបាលនៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពក្នុងសហគមន៍ និងស្តារនីតិសម្បទាទាំងនៅស្ថាប័នរដ្ឋ និងមិនមែនរដ្ឋ។
ក្រមប្រតិបត្តិសម្រាប់អ្នកសារព័ត៌មាន ក្នុងការរាយការណ៍ព័ត៌មាន ទាក់ទិននឹងអ្នកទទួលរងផលប៉ះពាល់ដោយសារគ្រឿងញៀន គឺប្រាថ្នាឲ្យប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន គ្រប់ទម្រង់ទាំងអស់ ទាំងសារព័ត៌មាន Offline និងសារព័ត៌មាន Online រួមទាំងនិពន្ធនាយក ការីនិពន្ធ អ្នករាយការណ៍ព័ត៌មាន អ្នកអានព័ត៌មានជាដើម ជួយជំរុញដល់សង្គមឲ្យកាត់បន្ថយការមាក់ងាយ និងការរើសអើងចំពោះអ្នកប្រើប្រាស់សារធាតុញៀន ដែលជាជនរងគ្រោះនៃឥទ្ធិពល ឬការប៉ះពាល់សារធាតុញៀន។ ហេតុនេះប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន គ្រប់ទម្រង់ត្រូវប្រុងប្រយ័ត្ន ក្នុងការប្រើប្រាស់ពាក្យពេចន៍ និងភាសានៅក្នុងអត្ថបទព័ត៌មានរបស់ខ្លួន ដើម្បីកុំឲ្យមានការមាក់ងាយ និងរើសអើងចំពោះពួកគាត់កាន់តែធ្ងន់ធ្ងរ នាំឲ្យពួកគាត់កាន់តែឯកោ មិនទទួលបាន ឬក៏ចេញមុខមកទទួលសេវាព្យាបាល និងស្តារនីតិសម្បទា ហើយកាន់តែរងគ្រោះមិនអាចវិលមកសមាហរណកម្មក្នុងសង្គមវិញបាន។
លោក ជួប ចំរើន ប្រធានអង្គការខាណា បានលើកឡើងពីបញ្ហាច្បាប់ ទាក់ទងនឹងការប្រើប្រាស់សារធាតុញៀន។ លោកថា អ្នកប្រើប្រាស់សារធាតុញៀន ដែលចង់រកសេវាព្យាបាល អាចប្រាប់ទៅសមត្ថកិច្ចឲ្យដឹងពីគោលបំណងខ្លួន ហើយបើសមត្ថកិច្ចឃាត់ខ្លួនបុគ្គលនោះ គឺពួកគាត់បំពានច្បាប់ហើយ។
ជាមួយគ្នានេះ លោក ជួប ចំរើន បានលើកទឹកចិត្តឲ្យអ្នកសារព័ត៌មានធ្វើបទយកការណ៍បែបណា ដែលធ្វើឲ្យប្រជាពលរដ្ឋគិតថា អ្នកប្រើប្រាស់សារធាតុញៀន គឺជាជនរងគ្រោះ ពោលមិនមែនជាជនល្មើសឡើយ។ លោកបន្តថា បើអ្នកសារព័ត៌មានអាចស្វែងរកអ្នកជាសះស្បើយណាម្នាក់ ផ្តល់បទសម្ភាសក្នុងការផលិតព័ត៌មានទៀតនោះ កាន់តែល្អប្រសើរណាស់ ព្រោះព័ត៌មាននោះនឹងក្លាយជាគំរូ សម្រាប់អ្នកប្រើប្រាស់សារធាតុញៀនផ្សេងទៀត កាន់តែមានទំនុកចិត្តក្នុងការស្វែងរកការព្យាបាល។
លោក ឆាយ សុផល សាស្រ្តាចារ្យសារព័ត៌មានមួយរូប បានជំរុញដល់អ្នកសារព័ត៌មាន ត្រូវធ្វើរូបភាពទាក់ទងនឹងអ្នកប្រើប្រាស់សារធាតុញៀន ឲ្យមានលក្ខណៈព្រាលៗសិន មុននឹងយកទៅផ្សព្វផ្សាយ ដើម្បីលាក់អត្តសញ្ញាណពួកគាត់។ លោកបានលើកឡើងពីផលវិបាកថា បើសិនជាអ្នកសារព័ត៌មានផ្សាយព័ត៌មានមួយ ដោយបើកមុខចំហរចំពោះអ្នកប្រើសារធាតុញៀននោះ នឹងមានផលប៉ះពាល់សម្រាប់គាត់។
លោក ឆាយ សុផល បានលើកឧទាហរណ៍ថា បើបុរសម្នាក់បានសះស្បើយពីសារធាតុញៀន ហើយបានទៅធ្វើការងារសមរម្យក្នុងសង្គម ស្រាប់តែឃើញរូបភាពអតីតកាលរបស់ខ្លួន នៅលើសារព័ត៌មានមិនល្អនោះ នឹងធ្វើឲ្យគាត់មានអារម្មណ៍ធ្លាក់ទឹកចិត្ត និងខ្មាស់អ្នកដទៃ ដែលអាចបណ្តាលឲ្យគាត់ទៅប្រើប្រាស់សារធាតុញៀនវិញក៏ថាបាន។ ហេតុនេះហើយ ការគិតគួរក្នុងព័ត៌មានទាក់ទងនឹងសារធាតុញៀន គឺជារឿងសំខាន់៕