(កំពង់ឆ្នាំង)៖ ខណៈពិធីបុណ្យទន្លលើកទី៥ នឹងឈានចូលមកដល់នាថ្ងៃស្អែកនេះ សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង រួមជាមួយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង និងសិស្សានុសិស្សជាច្រើនរយនាក់ បានចូលរួមដាំដើមឈើជាច្រើនដើម នៅសួនសម្ដេចចៅហ្វាវាំង គង់ សំអុល ស្ថិតនៅឃុំអណ្ដូងច្រោះ ស្រុករលាប្អៀរ នាព្រឹកថ្ងៃទី១៤ ខែមីនា។
ក្នុងពិធីនោះ លោកអភិបាលខេត្ត ឈួរ ច័ន្ទឌឿន បានឱ្យដឹងថា លោកជួយជំរុញបន្ថែមដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងខេត្ត ចូលរួមដាំដើមឱ្យបានច្រើនបន្ថែមទៀតនៅក្នុងក្រុង ក៏ដូចជានៅតាមទីសាធារណៈផ្សេងៗ។
លោករដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា ព្រឹត្តិការណ៍ពិធីបុណ្យទន្លេនេះ ក៏ជាឱកាសពង្រឹងគុណភាពសេវាកម្ម និងការបង្កើត និងអភិវឌ្ឍន៍ផលិតផលទេសចរណ៍ថ្មីៗ ប្រកបដោយការច្នៃប្រឌិតខ្ពស់ ជាពិសេសទេសចរណ៍តាមនាវា (River-Cruise) សហគមន៍ទេសចរណ៍តាមដងទន្លេ ព្រមទាំងរួមចំណែកជំរុញការតភ្ជាប់រឹតចំណងមិត្តភាព សាមគ្គីភាពរវាងបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងបានពង្រឹងភាពជាដៃគូក្នុងក្រមខណ្ឌតំបន់នានា ដូចជា ក្របខណ្ឌមហាអនុតំបន់ទន្លេមេគង្គ (GMS) មេគង្គ-ជប៉ុន មេគង្គ-គង្គា និងមេគង្គ-ឡានឆាង មេគង្គ- កូរ៉េ ជាដើម។
លោកថា ការអភិវឌ្ឍទេសចរណ៍ ពិសេសទេសចរណ៍តាមដងទន្លេទាមទារចាំបាច់ឱ្យមានការអភិវឌ្ឍទីក្រុងស្អាត ទីក្រុងបៃតង និងគោលដៅទេសចរណ៍ស្អាត និងបៃតង ដែលជាគំរូអភិវឌ្ឍន៍គិតគូរដល់ការអភិរក្ស ថែរក្សាសម្បត្តិវប្បធម៌ ធនធានធម្មជាតិ និងបរិស្ថានប្រកបដោយនិរន្តរភាព ពោលគឺអភិវឌ្ឍដើម្បីអភិរក្ស អភិរក្សដើម្បីអភិវឌ្ឍ ដោយត្រូវធានាឱ្យបាននូវនិរន្តរភាព និងតុល្យភាពខាងផ្នែកសេដ្ឋកិច្ច សង្គម និងបរិស្ថាន។
ទាក់ទងនឹងទស្សនទានបៃតង និងភាពស្អាត រាជរដ្ឋាភិបាលបានដាក់ចេញនូវចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ» សំដៅធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ដ៏ស្រស់ស្អាត ប្រកបដោយភាពស្អាត និងបៃតង ក៏ដូចជាយុទ្ធនាការ «ទេសចរម្នាក់ ដើមឈើមួយដើម» «គូរស្រករ មួយគូរ ដើមឈើ ១ ដើម» ដើម្បីជំរុញការដាំដើមឈើដោយភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ព្រមទាំងឈានទៅបំផុសមហាជនទាំងអស់ ឱ្យចូលរួមក្នុងបុព្វហេតុដ៏មានសារៈសំខាន់ជាមូលដ្ឋាននេះ និងចលនាប្រឡងប្រណាំង «ខេត្តមួយ សួនទេសចរណ៍មួយ» ដើម្បីឱ្យរដ្ឋបាលរាជធានីខេត្ត្តទាំ២៥ត្រៀមខ្លួនរៀបចំទៅតាមលទ្ធភាពរបស់ខ្លួន សក្តិសមជាផលិតផលទេសចរណ៍ថ្មីដ៏ទាក់ទាញប្រចាំខេត្តនីមួយៗ និងធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍បៃតង។
លោករដ្ឋមន្ត្រីបានបន្តថា កាលពីឆ្នាំ២០១៨ កន្លងទៅ ក្រុងកំពង់ឆ្នាំង បានចូលរួមជាបេក្ខភាពប្រឡងប្រណាំងទីក្រុងស្អាតលើកទី២ (សុពលភាព ២០១៨-២០២១) ហើយទទួលបានជ័យលាភីទីក្រុងស្អាតថ្នាក់ជាតិចំណាត់ថ្នាក់រំដួល២ទង។
ជាងនេះទៅទៀត ក្រុងកំពង់ឆ្នាំងក៏ជាក្រុងបេក្ខភាពមួយ ក្នុងចំណោមបេក្ខភាពក្រុង/ខណ្ឌទាំង៦ផ៥ផ្សេងទៀត ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាយល់ព្រមជាគោលការណ៍ ក្នុងការជ្រើសរើសជាបេក្ខភាពក្នុងចលនាប្រឡងប្រណាំង ទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី២ ហើយដែលពិធីប្រគល់ជ័យលាភីនឹងប្រព្រឹត្តិទៅនាឱកាសវេទិកាទេសចរណ៍អាស៊ាន (ATF2020) ក្នុងខែមករា ឆ្នាំ២០២០ នៅប្រទេសប្រ៊ុយណេ។
លោករដ្ឋមន្ត្រីបានណែនាំឲ្យមានយន្តការគ្រប់គ្រង ត្រួតពិនិត្យ តាមដានអំពីភាពលូតលាស់នៃដើមឈើនីមួយៗ ដើម្បីរាយការណ៍ និងផ្តល់ព័ត៌មានឲ្យអ្នកដាំជាប្រចាំ ដើម្បីឲ្យគេយកចិត្តទុកដាក់ពេញចិត្តមកអើតមើលម្តងទៀត ( repeated tui) ខណៈកំពុងដឹកនាំសកម្មភាពដាំដើមឈើនាឱកាសនោះ សម្ដេចចៅហ្វាវាំង គង់ សំអុល បានអំពាវនាវដោយផ្ទាល់ទៅដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការ សូមចូលរួមដាំដើមឈើឱ្យបានច្រើន ដើម្បីជួយការពារបរិស្ថាន និងទុកសម្រាប់កូនចៅជំនាន់ក្រោយ៕