(ព្រះសីហនុ)៖ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ បានដឹកនាំមន្ត្រីជំនាញមន្ទីរសាធារណការ អាជ្ញាធរក្រុង សង្កាត់លេខ៤ បានចុះពិនិត្យស្ថានភាពផ្លូវ LV (ផ្លូវលេខ១០៤) ដើម្បីត្រៀមធ្វើការបើកការដ្ឋានធ្វើផ្លូវនេះឡើងវិញ បន្ទាប់ពីរងការខូចខាត បង្កការលំបាកដល់ពលរដ្ឋធ្វើដំណើរឆ្លងកាត់ ចាប់តាំងពីរដូវរស្សាកន្លងទៅ។
លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា ផ្លូវនេះគ្រោងបើកការដ្ឋានចួសជុលឡើងវិញ នៅខែមេសា ឆ្នាំ២០១៩ ពោលក្រោយចូលឆ្នាំថ្មីខាងមុខ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងទទួលជួសជុលដោយក្រសួងសាធារណការ និងដឹកជញ្ជូន។
សូមបញ្ជាក់ថា ផ្លូវនេះស្ថិតក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ដោយបំបែកពីចំណុចផ្លូវឯករាជ្យចំណុចក្លឹបកម្សាន្ដ LV កាត់តាមសាលាសង្កាត់លេខ៤ និងវិទ្យាល័យ ហ៊ុន សែន មិត្តភាព ឆ្ពោះទៅផ្លូវមិត្តភាពនៅមុខសាលាក្រុងព្រះសីហនុ មានប្រវែង១,៣០០ម៉ែត្រ។
លោកអភិបាលបញ្ជាក់ថា ការធ្វើផ្លូវលេខ១០៤នេះ ជាផ្លូវមួយខ្សែក្នុងចំណោមផ្លូវចំនួន២២ខ្សែ ដែលរាជរដ្ឋាភិបាលបានសម្រេចថា នឹងផ្តល់ថវិកាពិសេស ជូនខេត្តព្រះសីហនុ ក្នុងការជួសជុលកែលម្អ ហេដ្ឋារចនាសម្ព័ន្ធនៅខេត្តទេសចរណ៍មួយនេះឲ្យមានភាពប្រសើរឡើងវិញ។ ទន្ទឹមនោះ ផ្លូវនៅក្នុងក្រុងព្រះសីហនុ ជាច្រើនខ្សែទៀត នឹងត្រូវបានជួសជុលឡើងវិញជាបន្តបន្ទាប់ផងដែរ។
ជាមួយនេះលោក យន្ដ មីន ក៏បានស្នើសុំឲ្យប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ ដែលគ្រោងនឹងជួសជុលនេះ សូមចូលរួមសហការជាមួយអាជ្ញាធរដែនដី និងក្រុមអ្នកបច្ចេកទេសធ្វើផ្លូវឲ្យបានល្អប្រសើរ ដើម្បីឲ្យកិច្ចដំណើរការធ្វើផ្លូវនេះ ប្រព្រឹត្តទៅបានដោយរលូន និងជោគជ័យ។
លោក ណុប ហេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានឲ្យដឹងថា ផ្លូវលេខ១០៤ ដែលត្រូវជួសជុលឡើងវិញនេះ មានប្រវែង១,៣០០ម៉ែត្រ មានទទឹង៧ម៉ែត្រ ចាក់បេតុងឆ្អឹងដែក និងមានដាក់លូសង្ខាង។ ផ្លូវនេះចំណាយកញ្ចប់ថវិការដ្ឋ ចំណែកការចំណាយដាក់លូសង្ខាង ជាថវិកាបដិភាគរបស់ខេត្ត និងពលរដ្ឋតាមដងផ្លូវ៕