(ភ្នំពេញ)៖ លោក វេង សុខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញរបាយការណ៍ឱ្យដឹងថា នៅក្នុងឆ្នាំ២០១៨កន្លងមកនេះ ការប្រើប្រាស់កម្លាំងគោ-ក្របី នៅក្នុងវិស័យកសិកម្ម បានធ្លាក់ចុះមកត្រឹម៣.២ភាគរយ ខណៈការភ្ជួររាស់ដាំដុះដំណាំស្រូវវស្សា ដោយគ្រឿងយន្តកសិកម្ម មានរហូតដល់ជាង ៩៦.៨៦%។

នេះបើតាមរបាយការណ៍របស់លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានបង្ហាញឱ្យដឹងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ នៅក្នុងបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ ឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំថ្មី ឆ្នាំ២០១៩ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្រសួងកសិកម្មបានឱ្យដឹងយ៉ាងដូច្នេះ «ដំណើរការវិវត្តន៍នៃយន្ដូបនីយកម្មកសិកម្មកំពុងមាននិន្នាការកើនឡើងគួរឱ្យកត់សម្គាល់ ជាក់ស្ដែងក្នុងឆ្នាំ២០១៨កន្លងមកនេះ ការភ្ជួររាស់ដាំដុះដំណាំស្រូវវស្សាដោយគ្រឿងយន្តកសិកម្មមានរហូតដល់ជាង៩៦.៨៦% ដែលជាកត្តាមួយជួយសម្រួលដល់ការធ្លាក់ចុះនៃកម្លាំពលកម្មនៅជនបទធៀបនឹងកម្លាំងពលកម្មសរុប រីឯការប្រើប្រាស់កម្លាំងគោ-ក្របីមាន៣.២%»។

លោករដ្ឋមន្ត្រីបញ្ជាក់ថា នៅឆ្នាំ២០១៨នេះ ការងារបង្កបង្កើនផលស្រូវនៅទូទាំងប្រទេសសម្រេចបានលើផ្ទៃដីចំនួន៣.៣៤លានហិចតា ស្មើនឹង១១៣% នៃផែនការ ក្នុងនោះស្រូវវស្សាមាន២.៧៥លានហិចតា និងស្រូវរដូវប្រាំង៥៩០ពាន់ហិចតា។ ផ្ទៃដីដាំដុះដំណាំស្រូវបានកើនប្រមាណ៤% ធៀបនឹងឆ្នាំ២០១៧។ ចំពោះទិន្នផលស្រូវគិតជាមធ្យមទាំងប្រាំង និងវស្សាសម្រេចបាន៣.៣៥តោន ក្នុងហិចតា កើនលើសឆ្នាំមុនប្រមាណ១.៦៦% ក្នុងនោះទិន្នផលស្រូវវស្សាទទួលបាន៣.០៩តោន/ហិចតា និងទិន្នផលស្រូវប្រាំងទទួលបាន៤.៥១តោន/ហិចតា។ បរិមាណផលស្រូវ សរុបបានកើនឡើងដល់ប្រមាណ១០.៨៩លានតោន គឺកើនប្រមាណ៣.៥១% ធៀបនឹងឆ្នាំ២០១៧ ក្នុងនោះបរិមាណផលស្រូវវស្សា ទទួលបានប្រមាណជាង៨.២១លានតោន និងបរិមាណផលស្រូវរដូវប្រាំងទទួលបានប្រមាណ២.៦៨លានតោន និងមានអតិរេកស្រូវចំនួនជាង ៥.៨៣លានតោន គិតជាអង្ករស្មើនឹង ៣.៧៣លានតោន កើនលើសឆ្នាំ២០១៧ ប្រមាណ៥%។

របាយការណ៍ដដែលបានបន្ថែមទៀតថា ផលិតកម្មដំណាំរួមផ្សំ និងឧស្សាហកម្មរយៈពេលខ្លី ទទួលបានបរិមាណផលប្រមាណ ១៦.៦៤ លានតោននៅឆ្នាំ២០១៨ គឺបានកើនឡើងប្រមាណ១.៤% ធៀបនឹងឆ្នាំ២០១៧។ ការនាំចេញផលិតផលកសិកម្មសរុបបានកើនឡើងពី ៣.៤៤លានតោននៅឆ្នាំ២០១៤ ដល់៤.២៣លានតោននៅឆ្នាំ២០១៨ ដែលក្នុងនោះការនាំចេញផ្លែចេក ម្សៅដំឡូងមី គ្រាប់ស្វាយចន្ទី ពោត កៅស៊ូ ស្ករអំពៅ ប្រេងដូងឆៅ បានកើនឡើងគួរឲ្យកត់សម្គាល់។ បរិមាណអង្ករនាំចេញផ្លូវការបានកើនពី៣៨៧ពាន់តោន ក្នុងឆ្នាំ២០១៤ ដល់ជាង៦២៦ ពាន់តោនក្នុងឆ្នាំ២០១៨ គឺកើនឡើង២៣% ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ។ ដោយឡែក តាមការស្រាវជ្រាវបានបង្ហាញថា ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០១៩នេះ ការនាំចេញស្រូវក្រៅផ្លូវការមានចំនួន៩០៩.១៥០តោន តាមច្រកសំខាន់ៗក្នុងខេត្តជាប់ព្រំដែនចំនួន០៥ខេត្តរួមមាន៖ ខេត្តតាកែវ ព្រៃវែង ស្វាយរៀង កណ្តាល និងខេត្តកំពត។

គិតមកដល់ឆ្នាំ២០១៨នេះ ក្រសួងបានបង្កើតសហគមន៍កសិកម្មចំនួន១,១១៦ សហគមន៍ ក្នុងនោះ១២០ សហគមន៍កំពុងត្រូវបានអង្គភាពជំនាញ ខិតខំជំរុញឱ្យក្លាយទៅជាសហគមន៍គំរូ និងកសិ-ធុរកិច្ច។ ទន្ទឹមនឹងនេះ ក្រសួងបានផលិតគ្រាប់ពូជស្រូវចំនួន១៨៧,៨៧៦តោន និងគ្រាប់ពូជដំណាំសាកវប្បកម្មបានចំនួន២៥តោន សម្រាប់ប្រើប្រាស់ និងត្រៀមបម្រុងជួយសង្គ្រោះពេលមានគ្រោះធម្មជាតិ។

ជាសមិទ្ធផលថ្មីមួយទៀត ក្រសួងបានបញ្ចេញពូជសណ្តែកដី «ខេប១-CAP1» ជាពូជមានទិន្នផលខ្ពស់ ជូនកសិករដាំដុះនៅតំបន់ចម្ការ និងវាលទំនាបផងដែរ។ ចំណុចពិសេសមួយទៀត គឺសម្តេចតេជោ នាយករដ្ឋមន្រ្តីបានខិតខំយកចិត្តទុកដាក់ជាទីបំផុតក្នុងការជំរុញ ឱ្យមានការចុះអនុស្សរណៈយោគយល់គ្នាជាមួយប្រទេសចិន ក្នុងការបង្កើនកូតានាំអង្ករចេញចំនួន៤០ម៉ឺនតោន និងជាមួយប្រទេសវៀតណាម ចំនួន៣០ម៉ឺនតោន ក្នុង១ឆ្នាំ និងទៅកាន់បណ្តាប្រទេសផ្សេងៗទៀត ដែលខ្ញុំបាទសង្ឃឹមយ៉ាងមុតមាំថាក្រសួងស្ថាប័នពាក់ព័ន្ធ នឹងខិតខំជួយជំរុញការនាំចេញអង្ករដែលជា «មាស ស» របស់កម្ពុជាឱ្យទទួលបានជោគជ័យតាមគោលដៅរំពឹងទុក៕