(ភ្នំពេញ)៖ ក្នុងឆ្នាំ២០១៨នេះ ផលចាប់ពីធម្មជាតិ និងផលវារីវប្បកម្ម (ចិញ្ចឹមត្រី) សម្រេចបានចំនួន៩១០ពាន់តោន កើនលើសឆ្នាំមុនចំនួន៦.៣% ក្នុងនោះផលនេសាទទឹកសាបសម្រេចបាន៥៣៥ពាន់តោន ផលនេសាទសមុទ្រ១២១ពាន់តោន និងផលវារីវប្បកម្មសម្រេចបានចំនួន ២៥៤ពាន់តោន កើនឡើង២២.៥% ធៀបនឹងឆ្នាំ២០១៧។ នេះបើតាមការឲ្យដឹងពី លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
លោករដ្ឋមន្ត្រីបញ្ជាក់ទៀតថា ក្នុងឆ្នាំ២០១៨ផងដែរ ការកែច្នៃផលនេសាទទឹកសាប និងសមុទ្រសម្រេចបាន៨៤ពាន់តោន និងការនាំចេញផលនេសាទស្រស់ និងកែច្នៃអនុវត្តបានជាង១៤ពាន់តោន។
ដោយឡែក បទល្មើសជលផលជាង៣,២០០ករណី ត្រូវក្រសួងសហការបង្ក្រាប បើប្រៀបធៀបឆ្នាំ២០១៧ មានការថយចុះចំនួន៧២១ករណី។ ទន្ទឹមគ្នានេះ លោក វេង សាខុន បានឲ្យដឹងថា ឆ្នាំ២០១៨ ក្រសួងបានបង្កើតសហគមន៍នេសាទ ចំនួន៥១៦សហគមន៍ ក្នុងនោះ២៧សហគមន៍ កំពុងប្រែក្លាយទៅជាសហគមន៍អេកូទេសចរណ៍ធម្មជាតិ។
ក្នុងចំណោមសហគមន៍ទាំងអស់ គឺចែកចេញជាសហគមន៍នេសាទទឹកសាបមានចំនួន៤៧៥ និងសហគមន៍នេសាទសមុទ្រ មានចំនួន៤១សហគមន៍ ព្រមទាំងមានសមាជិកដែលជាប្រជាសហគមន៍ សរុបចំនួនជាង៣៣២ពាន់នាក់។ កន្លែងអភិរក្សជលផលសរុបទូទាំងប្រទេស មានចំនួន៦៦៥កន្លែង និងបង្កើតស្រះជម្រកត្រីសហគមន៍ បានចំនួន៨៨៤កន្លែង៕