(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ នៅវិទ្យាស្ថានទ័ពជើងគោក នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលហ្វឹកហ្វឺននាយទាហានទ័ពជើងគោកជំនាន់ទី៧ ដែលត្រូវបានប្រសិទ្ធិនាមថា «នាយទាហានទ័ពជើងគោក ជំនាន់ ៧មករា» ដោយមានសិក្ខាកាមសរុបចំនួន២០៧នាក់។
ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ អគ្គមេបញ្ជាការង ជាថ្នាក់ដឹកនាំស្ថាប័នចំណុះក្រសួងការពារជាតិ និងឯកឧត្តមជាថ្នាក់ដឹកនាំស្ថាប័នចំណុះអគ្គបញ្ជាការជាច្រើនរូបថែមទៀត។
សំណេះសំណាលក្នុងពិធីនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវិទ្យាស្ថានទ័ពជើងគោក ដែលបានសហការល្អជាមួយទីចាត់ការហ្វឹកហ្វឺន ក្រសួងអប់រំយុវជន និងកីឡា និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការដឹកនាំគ្រប់គ្រង ការរៀបចំកម្មវិធីសិក្សាស្របតាមខ្លឹមសារមេរៀន និងបានសហការល្អក្នុងការកែលម្អជាដំណាក់ៗ នូវកម្មវិធីសិក្សា រហូតធ្វើឱ្យវគ្គសិក្សានេះអាចដំណើរការបានដោយជោគជ័យតាមផែនការកំណត់។
នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានថ្លែងអំណរគុណចំពោះកងទ័ព នៃសាធារណរដ្ឋប្រជាមានិតចិន ដែលជានិច្ចកាលតែងតែបានជួយឧបត្ថម្ភគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងការអភិវឌ្ឃន៍ សេដ្ឋកិច្ច-សង្គម ជាពិសេសការធ្វើវិនិយោគរបស់ចិនជាប់លំដាប់ថ្នាក់លេខ១ នៅប្រទេសកម្ពុជា ដែលជាមូលដ្ឋានគ្រឹះក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីក ចម្រើន។
លើសពីនេះទៅទៀត ភាគីចិនបានជួយឧបត្ថម្ភគាំទ្រយ៉ាងច្រើន ដើម្បីឱ្យកងយោធពលខេមរភូមិន្ទមានលទ្ធភាពក្នុងការកសាង ពង្រឹងសមត្ថភាពរបស់ខ្លួន ជាពិសេសបានផ្តល់លទ្ធភាព ដល់ការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានវ័យក្មេងឱ្យក្លាយជាធនធានបន្តវេន ប្រកបដោយសក្តានុពល។
យ៉ាងណាមិញ សកម្មភាពហ្វឹកហ្វឺនលំហាត់ និងសមយុទ្ធនាគមាសឆ្នាំ២០១៩ ជាលក្ខណៈទ្វេភាគី កម្ពុជា-ចិន គឺជាសក្ខីភាពដែលបញ្ជាក់ពីការចូលរួមហ្វឹកហាត់ដកស្រង់បទពិសោសន៍ ពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈមួយកម្រិតថែមទៀត។
ឆ្លៀតក្នុងឱកាសនៃកិច្ចពិធីនោះ អគ្គមេបញ្ជការ វង្ស ពិសេន បានពាំនាំនូវការសាកសួរសុខទុក្ខ នឹករឮកពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ចំពោះថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន នៃវិទ្យាស្ថានទ័ពជើងគោក និងសិក្ខាកាមទាំងអស់។
មានមតិផ្ដាំផ្ញើក្នុងពិធីនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានណែនាំទូន្មានសិក្ខាកាមជានាយទាហានទាំងអស់ ត្រូវស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ គោរពឱ្យបានម៉ឺងម៉ាត់ នូវបទវិន័យទូទៅ និងលក្ខន្តិកៈ នៃកងយោធពលខេមរភូមិន្ទ និងបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដែលបានប្រគល់ជូន ឱ្យសក្តិសមជានាយទាហានដែល ទទួលការហ្វឹកហ្វឺនពីវិទ្យាស្ថានជាន់ខ្ពស់ ដែលជាកម្លាំងស្នូល នៃកិច្ចការពារខឿនឯករាជ្យជាតិ។
ម៉្យាងវិញទៀត ត្រូវបន្តការសិក្សា រៀនសូត្រតាមគ្រប់រូបភាពទាំងជំនាញ និងភាសាបរទេស និងក្តាប់ឱ្យបានសភាពការណ៍ថ្មីៗ ដើម្បីយល់ឱ្យច្បាស់នូវប្រភេទព័ត៌មាន។ លើសពីនេះទៀត ត្រូវពង្រឹងចំណងសាមគ្គីភាព និងការឯកភាពផ្ទៃក្នុងអង្គភាពឱ្យបានល្អ ថែមទាំងត្រូវចេះរៀបចំទុកដាក់ថែទាំជួសជុលគ្រឿងបំពាក់អាវុធយុទ្ធភ័ណ្ឌ រក្សាឱ្យបានគត់មត់ទៅតាមលក្ខណៈបច្ចេកទេស៕