(ភ្នំពេញ)៖ លោក កូយ សៅ ចៅក្រមស៊ើបសួរ បានបង្គាប់ឲ្យមន្ត្រីពន្ធនាគារព្រៃស នាំខ្លួនអតីតឧកញ៉ា ហូ ចំរើន ដែលជាប់ចោទលើបទល្មើសជាច្រើន ក្នុងនោះមានករណី «សំណុំរឿងសភាស៊ើបសួរលេខ ៣១ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ បទល្មើស មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន និងទី២៖ សំណុំរឿងសភាស៊ើបសួរលេខ ៣២ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ បទល្មើស ឆបោក» មកកាន់តុលាការ ដើម្បីបន្តសាកសួរ មុនសំណុំរឿងទាំងអស់របស់អីតតឧកញ៉ារូបនេះ ត្រូវលើកយទៅជំនុំជម្រះ។ នេះបើតាមមន្រ្តី តុលាការ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ។
សូមបញ្ជាក់ថា កាលព្រឹកថ្ងៃទី១៤ ខែកម្ភ: ឆ្នាំ២០១៩កន្លងទៅ សាលាឧទ្ធណ៍ បានបើកសវនាការប្រកាសសាលដីកាលើសំណុំរឿងអតីតឧកញ៉ា ហូរ ចំរើន ពាក់ព័ន្ធបទល្មើសចំនួន២ករណី គឺករណីឆបោក និងចេញសែកស្អុយ ហើយសម្រេចមិនអនុញ្ញាតឲ្យអតីតឧកញ៉ា ហូ ចំរើន នៅក្រៅឃុំ និងបន្តឃុំខ្លួនក្នុងពន្ធនាគារ តាមអំណាចសាលក្រមសាលាដំបូងរាជធានីភ្នំពេញដដែល។
សាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសអតីតឧកញ៉ារូបនេះ ដាក់ពន្ធនាគារ១៨ខែ លើសំណុំរឿង គំរាមបាញ់សម្លាប់ប្រពន្ធ នៅក្នុងភូមិគ្រឹះរបស់ខ្លួន ស្ថិតក្នុងខណ្ឌដង្កោ កាលពីពេលកន្លងទៅ។
អ្នកនាំពាក្យសាលាឧទ្ធរណ៍លោក ទូច ថារិទ្ធិ ធ្លាប់បានបានថ្លែងប្រាប់អង្គភាព Fresh News ឲ្យដឹងយ៉ាងដូច្នេះថា លោក ហូ ចំរើន ជាប់ចោទលើករណី «ទី១៖សំណុំរឿងសភាស៊ើបសួរលេខ ៣១ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ បទល្មើស មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន និងទី២៖សំណុំរឿងសភាស៊ើបសួរលេខ ៣២ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ បទល្មើស ឆបោក»។
សូមបញ្ជាក់ថា អតីតឧកញ៉ា ហូ ចំរើន ត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨កន្លងទៅ ពាក់ព័ន្ធករណី បាញ់បោះជិត១០គ្រាប់ ផ្អើលសមត្ថកិច្ចមូលដ្ឋាន កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ កន្លងទៅនៅចំណុចផ្ទះវីឡាមួយកន្លែង ស្ថិតនៅភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ៕