(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ ឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំថ្មី ឆ្នាំ២០១៩ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ពិធីបិទសន្និបាតបូកសរុបការងារ ក៏ដូចជាការដាក់ចេញទិសដៅការងារថ្មី របស់ក្រសួងកសិកម្មនេះ ធ្វើឡើងនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

នៅក្នុងឱកាសនេះលោក វេង សុខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញរបាយការណ៍នូវសមិទ្ធិផលការងាររបស់ក្រសួងយ៉ាងដូច្នេះថា នៅឆ្នាំ២០១៨នេះ ការងារបង្កបង្កើនផលស្រូវនៅទូទាំងប្រទេស សម្រេចបានលើផ្ទៃដីចំនួន ៣,៣៤លានហិកតា ស្មើនឹង ១១៣% នៃផែនការក្នុងនោះស្រូវវស្សាមាន ២.៧៥លានហិកតា និងស្រូវរដូវប្រាំង ៥៩០ពាន់ហិកតា។ ផ្ទៃដីដាំដុះដំណាំស្រូវបានកើនប្រមាណ ៤% ធៀបនឹងឆ្នាំ២០១៧។

ចំពោះទិន្នផលស្រូវគិតជាមធ្យមទាំងប្រាំង និងវស្សាសម្រេចបាន ៣.៣៥តោនក្នុងមួយហិកតា កើនលើសឆ្នាំមុនប្រមាណ ១.៦៦% ក្នុងនោះទិន្នផលស្រូវវស្សាទទួលបាន ៣,០៩៤តោន/ហ.ត និងទិន្នផលស្រូវប្រាំងទទួលបាន ៤,៥១២តោន/ហ.ត។ បរិមាណផលស្រូវសរុបបានកើនឡើងដល់ប្រមាណ១០,៨៩ លានតោន គឺកើនប្រមាណ ៣,៥១% ធៀបនឹងឆ្នាំ២០១៧ ក្នុងនោះបរិមាណផលស្រូវវស្សាទទួលបានប្រមាណជាង ៨,២១លានតោន និងបរិមាណផលស្រូវរដូវប្រាំងទទួលបានប្រមាណ ២,៦៨ លានតោន និងមានអតិរេកស្រូវចំនួនជាង ៥,៨៣លានតោន គិតជាអង្ករស្មើនឹង ៣,៧៣ លានតោន កើនលើសឆ្នាំ២០១៧ ប្រមាណ ៥%។

ម្យ៉ាងទៀត ដំណើរការវិវត្តន៍នៃយន្ដូបនីយកម្មកសិកម្មកំពុងមាននិន្នាការកើនឡើងគួរឱ្យកត់សម្គាល់ ជាក់ស្ដែងក្នុងឆ្នាំ២០១៨កន្លងមកនេះ ការភ្ជួររាស់ដាំដុះដំណាំស្រូវវស្សាដោយគ្រឿងយន្តកសិកម្មមានរហូតដល់ជាង ៩៦,៨៦% ដែលជាកត្តាមួយជួយសម្រួលដល់ការធ្លាក់ចុះនៃកម្លាំពលកម្ម នៅជនបទធៀបនឹងកម្លាំងពលកម្មសរុប រីឯការប្រើប្រាស់កម្លាំងគោ-ក្របីមាន៣,២%។ ទន្ទឹមនឹងនោះ ផលិតកម្មដំណាំរួមផ្សំ និងឧស្សាហកម្មរយៈពេលខ្លី ទទួលបានបរិមាណផលប្រមាណ ១៦,៦៤ លានតោននៅឆ្នាំ២០១៨ គឺបានកើនឡើងប្រមាណ ១,៤% ធៀបនឹងឆ្នាំ២០១៧។

ការនាំចេញផលិតផលកសិកម្មសរុបបានកើនឡើងពី ៣,៤៤លានតោននៅឆ្នាំ២០១៤ ដល់ ៤,២៣លានតោន នៅឆ្នាំ២០១៨ ដែលក្នុងនោះការនាំចេញផ្លែចេក ម្សៅដំឡូងមី គ្រាប់ស្វាយចន្ទី ពោត កៅស៊ូ ស្ករអំពៅ ប្រេងដូងឆៅ បានកើនឡើងគួរឲ្យកត់សម្គាល់។ បរិមាណអង្ករនាំចេញផ្លូវការបានកើនពី ៣៨៧ ពាន់តោនក្នុងឆ្នាំ២០១៤ ដល់ជាង ៦២៦ ពាន់តោនក្នុងឆ្នាំ២០១៨ គឺកើនឡើង ២៣% ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ។ ដោយឡែក តាមការស្រាវជ្រាវបានបង្ហាញថា ក្នុងរយៈពេល២ខែដើមឆ្នាំ២០១៩នេះ ការនាំចេញស្រូវក្រៅផ្លូវការមានចំនួន ៩០៩ ១៥០ តោន តាមច្រកសំខាន់ៗក្នុងខេត្តជាប់ព្រំដែនចំនួន០៥ខេត្ត រួមមានខេត្តតាកែវ ព្រៃវែង ស្វាយរៀង កណ្តាល និងខេត្តកំពត។
គិតមកដល់ឆ្នាំ២០១៨នេះ ក្រសួងបានបង្កើតសហគមន៍កសិកម្មចំនួន១១១៦ សហគមន៍ ក្នុងនោះ១២០ សហគមន៍កំពុងត្រូវបានអង្គភាពជំនាញខិតខំជំរុញ ឱ្យក្លាយទៅជាសហគមន៍គំរូ និងកសិ-ធុរកិច្ច។ ទន្ទឹមនឹងនេះ ក្រសួងបានផលិតគ្រាប់ពូជស្រូវចំនួន ១៨៧ ៨៧៦តោន និងគ្រាប់ពូជដំណាំសាកវប្បកម្មបានចំនួន ២៥តោន សម្រាប់ប្រើប្រាស់ និងត្រៀមបម្រុងជួយសង្គ្រោះពេលមានគ្រោះធម្មជាតិ។ ជាសមិទ្ធផលថ្មីមួយទៀត ក្រសួងបានបញ្ចេញពូជសណ្តែកដី «ខេប១-CAP1» ជាពូជមានទិន្នផលខ្ពស់ ជូនកសិករដាំដុះនៅតំបន់ចម្ការ និងវាលទំនាបផងដែរ។

ចំណុចពិសេសមួយទៀតគឺ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានខិតខំយកចិត្តទុកដាក់ជាទីបំផុតក្នុងការជំរុញឱ្យមានការចុះអនុស្សរណៈយោគយល់គ្នាជាមួយប្រទេសចិន ក្នុងការបង្កើនកូតានាំអង្ករចេញចំនួន៤០ម៉ឺនតោន និងជាមួយប្រទេសវៀតណាមចំនួន៣០ម៉ឺនតោនក្នុង១ឆ្នាំ និងទៅកាន់បណ្តាប្រទេសផ្សេងៗទៀត ដែលខ្ញុំបាទសង្ឃឹមយ៉ាងមុតមាំថាក្រសួងស្ថាប័នពាក់ព័ន្ធនឹងខិតខំជួយជំរុញការនាំចេញអង្ករដែលជា “មាស ស” របស់កម្ពុជាឱ្យទទួលបានជោគជ័យតាមគោលដៅរំពឹងទុក។

ចំពោះផលិតកម្មដំណាំកៅស៊ូធម្មជាតិ នៅឆ្នាំ២០១៨នេះ សម្រេចបានជាង ៤៣៦ ពាន់ហិកតា ក្នុងនោះ កៅស៊ូកសិ-ឧស្សាហកម្មមានចំនួនជាង ២៧៥ ពាន់ហិកតា ស្មើនឹង ៦៣% និងកៅស៊ូគ្រួសារមានចំនួន១៦១ពាន់ហិកតា ស្មើនឹង ៣៧% នៃផ្ទៃដីកៅស៊ូសរុប។ ផ្ទៃដីកៅស៊ូចៀរអនុវត្តបានចំនួន ២០២ ពាន់ហិកតា កើនឡើងលើសឆ្នាំ២០១៧ ចំនួន ១៩%។ ផលិតផលកៅស៊ូសម្រេចបានចំនួន ២២០ ពាន់តោន កើនឡើងលើសឆ្នាំ២០១៧ ចំនួន ១៤%។

ការលើកកម្ពស់សុខភាពសត្វ និងជំរុញការចិញ្ចឹមសត្វ នាឆ្នាំ២០១៨កន្លងទៅនេះ ក្រសួងបានជំរុញការអនុវត្តច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ ក្នុងគោលដៅពង្រឹងការអនុវត្តស្តង់ដារអនាម័យលើផលិតផលសត្វ ការពង្រឹងនិងជំរុញអនុវត្តវិធានការអនាម័យសត្វ ដើម្បីបង្ការ ទប់ស្កាត់ និងលុបបំបាត់ការឆ្លងរាលដាលជំងឺសត្វ ក៏ដូចជាការការពារសុខភាពសាធារណៈជាចម្បងផងដែរ។ ជាងនេះទៅទៀត ក្រសួងក៏បានជំរុញការចិញ្ចឹមសត្វជាលក្ខណៈទំនើប ការផលិតចំណីសត្វក្នុងទ្រង់ទ្រាយមធ្យមនិងធំ ដើម្បីគាំទ្រដល់ចលនាចិញ្ចឹមសត្វ រួមជាមួយនឹងការលើកកម្ពស់ប្រព័ន្ធផ្តល់សេវាបច្ចេកទេស កែលម្អពូជសត្វ ការកែច្នៃផលិតផលបសុសត្វ ការបង្កើតសត្តឃាតដ្ឋានទំនើប ព្រមទាំងការសម្រួលពាណិជ្ជកម្មសត្វ និងផលិតផលសត្វ។

ជាការកត់សម្គាល់កន្លងមក ស្ទើរតែគ្រប់គ្រួសារកសិករបានចិញ្ចឹមសត្វក្នុងគោលបំណងផ្គត់ផ្គង់តម្រូវការចាំបាច់ក្នុងគ្រួសារ និងប្រើប្រាស់ជាកម្លាំងអូសទាញ។ ប៉ុន្តែការចិញ្ចឹមតាមប្រពៃណីបែបនេះបានផ្លាស់ប្តូរបន្តិចម្តងៗ ដោយបានប្តូរទិសដៅផលិតកម្មសម្រាប់តែតម្រូវការក្នុងគ្រួសារ ទៅជាការចិញ្ចឹមសម្រាប់ធ្វើពាណិជ្ជកម្មវិញ។ ការផ្លាស់ប្តូរបែបផែនផលិតកម្មនេះបានកើនឡើងជាលំដាប់ ជាក់ស្តែងក្នុងឆ្នាំ២០១៨នេះ ផលិតកម្មសត្វសម្រេចបានចំនួន ៤៤,៣ លានក្បាល កើនឡើង ៣,៦% ធៀបនឹងឆ្នាំ២០១៧។ ការចិញ្ចឹមសត្វជាលក្ខណៈពាណិជ្ជកម្មបានកើន២០% ធៀបនឹងឆ្នាំ២០១៧ ដែលក្នុងនោះផលិតកម្មបក្សីជាលក្ខណៈពាណិជ្ជកម្ម មានការកើនឡើងចំនួន២១,៣% ដោយអ្នកចិញ្ចឹមមានការផ្លាស់ប្តូរឥរិយាបថពីការចិញ្ចឹមតាមបែបធម្មជាតិ មកចិញ្ចឹមតាមបែបពាណិជ្ជកម្ម ដែលធ្វើឱ្យមានកំណើនប្រាក់ចំណូលខ្ពស់។

ជាការវាយតម្លៃរួម ការផលិតនិងផ្គត់ផ្គង់សាច់មានការកើនឡើងជារៀងរាល់ឆ្នាំ ពោលគឺបានកើនពី ២២៤ ពាន់តោននៅឆ្នាំ២០១៧ ដល់ ២៣១ ពាន់តោននៅឆ្នាំ២០១៨ កើនប្រមាណជាង ៣% ដែលធ្វើឲ្យការនាំចូលសាច់សម្រាប់ផ្គត់ផ្គង់ក្នុងប្រទេសថយចុះពី ៥៧ពាន់តោននៅឆ្នាំ២០១៧ មកត្រឹមតែ ៥៤ពាន់ តោននៅឆ្នាំ២០១៨។

ចំពោះការកែទម្រង់ផ្នែកជលផល នៅក្នុងឆ្នាំ២០១៨នេះ ក្រសួងបានបង្កើតសហគមន៍នេសាទចំនួន ៥១៦ សហគមន៍ ក្នុងនោះ ២៧សហ-គមន៍កំពុងប្រែក្លាយទៅ ជាសហគមន៍អេកូទេសចរណ៍ធម្មជាតិ។ ក្នុងចំណោមសហគមន៍ទាំងអស់ គឺចែកចេញជា សហគមន៍នេសាទទឹកសាបមានចំនួន ៤៧៥ និងសហគមន៍នេសាទសមុទ្រមានចំនួន ៤១ សហគមន៍ ព្រមទាំងមានសមាជិកដែលជាប្រជាសហគមន៍សរុបចំនួនជាង ៣៣២ពាន់នាក់។ កន្លែងអភិរក្សជលផលសរុបទូទាំងប្រទេសមានចំនួន ៦៦៥កន្លែង និងបង្កើតស្រះជម្រកត្រីសហគមន៍បានចំនួន ៨៨៤កន្លែង។

ទន្ទឹមនឹងនេះ ក្រសួងបានសហការបង្ក្រាបបទល្មើសជលផល ដោយសម្រេចបាន ៣ ២០៤ករណី ប្រៀបធៀបឆ្នាំមុនថយចុះចំនួន ៧២១ករណី។ ក្នុងឆ្នាំ២០១៨នេះ ផលចាប់ពីធម្មជាតិ និងផលវារីវប្បកម្មសម្រេចបានចំនួន ៩១០ពាន់តោន កើនលើសឆ្នាំមុនចំនួន ៦,៣% ក្នុងនោះផលនេសាទទឹកសាបសម្រេចបាន ៥៣៥ពាន់តោន ផលនេសាទសមុទ្រ ១២១ពាន់តោន និងផលវារីវប្បកម្មសម្រេចបានចំនួន ២៥៤ពាន់តោន កើនឡើង ២២,៥% ធៀបនឹងឆ្នាំ២០១៧។ ទន្ទឹមនឹងនេះ ការកែច្នៃផលនេសាទទឹកសាប និងសមុទ្រសម្រេចបាន ៨៤ពាន់តោន និងការនាំចេញផលនេសាទស្រស់ និងកែច្នៃអនុវត្តបានជាង ១៤ពាន់តោន។
ម្យ៉ាងទៀត ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងជំរុញការអនុវត្តច្បាប់ស្តីពី ជលផលយ៉ាងសស្រាក់សស្រាំ ដោយបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងមានសមត្ថកិច្ចពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ទន្ទឹមនឹងនេះក្រសួងបានរៀបចំ«ទិវាមច្ឆជាតិ០១កក្កដា» ជាប្រពៃណី ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តីនៅសង្កាត់គោកចក ក្រុងសៀមរាប។

ចំពោះផ្នែកព្រៃឈើនៅឆ្នាំ២០១៨នេះ ការអភិវឌ្ឍសហគមន៍ព្រៃឈើត្រូវបានយកចិត្តទុកដាក់ខ្ពស់ ដោយក្នុងនោះចំនួនសហគមន៍ព្រៃឈើបានកើនដល់ ៦១៤ សហគមន៍ គ្របដណ្តប់លើផ្ទៃដីសរុបទំហំជាង ៥០៨ ពាន់ហិកតា បណ្តុះកូនឈើគ្រប់ប្រភេទបានចំនួន ៦៦៧ ពាន់ដើម ចែកចាយជូនប្រជាជនសរុបចំនួន ៤២២ពាន់ដើម ដាំដើមឈើជាចម្ការថ្មីលើផ្ទៃដីសរុបទំហំ ៣៤៣ ហ.ត ជីកប្រឡាយការពារចម្ការឈើដាំគ្រញូងនៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើអូរបឹងរូងក្នុងខេត្តកំពង់ធំ ព្រមទាំងបានបំពេញទម្រង់បែបបទសុំចុះបញ្ជីដីស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើចំនួន៣៨ទីតាំង លើផ្ទៃដីទំហំ ២១២ ពាន់ហិកតា។ ទន្ទឹមនឹងនេះ អង្គភាពជំនាញកំពុងខិតខំជំរុញសហគមន៍ទាំងនោះឱ្យងាកមកធ្វើពិពិធកម្មកសិកម្មចម្រុះទៅតាមស្ថានភាពជាក់ស្តែង ដោយមិនត្រូវពឹងអាស្រ័យទៅលើតែផល អនុផលព្រៃឈើ ឬការកាប់ឈើខុសច្បាប់ដើម្បីជីវភាពប្រចាំថ្ងៃនោះឡើយ។

ម្យ៉ាងទៀត រដ្ឋបាលព្រៃឈើបានសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មការជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការទប់ស្កាត់ និងបានបង្រ្កាបបទល្មើសព្រៃឈើ សត្វព្រៃ ការកាប់រានដីព្រៃខុសច្បាប់សរុបចំនួន១០៩៣ករណី ថយចុះ ៣៣៥ករណី បើប្រៀបធៀបឆ្នាំ២០១៧ ក្នុងនោះសំណុំរឿងបទល្មើសព្រៃឈើ ត្រូវពិន័យអន្តរ-ការណ៍ចំនួន ៥៨២ ករណី បញ្ជូនទៅតុលាការចំនួន ៥១១ករណី។ ទន្ទឹមនឹងនេះ បានធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីព្រៃឈើ លិខិតបទដ្ឋាននានាដល់អ្នកពាក់ព័ន្ធ ព្រមទាំងចុះពង្រឹងការអនុវត្តច្បាប់យ៉ាងសកម្មថែមទៀត។

ចំពោះការងារកែទម្រង់ផ្នែកគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ច ក្រសួងបានធ្វើការណែនាំអនុវត្តនូវចំណុចគន្លឹះមួយចំនួនតាមរយៈវេទិកាសាធារណៈ ដើម្បីបន្តនិរន្តរភាពលើការគ្រប់គ្រង និងអភិវឌ្ឍន៍ដីសម្បទានសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់។ ក្រសួងក៏បានកត់សម្គាល់ឃើញអំពីការចូលរួមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ព្រមទាំងបានចូលរួមអនុវត្តយ៉ាងសកម្មជាមួយគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិរបស់រាជរដ្ឋាភិបាលផងដែរ។ ទន្ទឹមនឹងនេះក្រសួងបានរៀបចំ «រុក្ខទិវា ០៩ កក្កដា» ក្រោមព្រះរាជាធិបតីភាពដ៏ថ្លៃថ្លារបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅស្រុកទឹកឈូខេត្តកំពត៕