(ភ្នំពេញ)៖ លោក Julien Garsany អនុប្រធានតំណាងប្រចាំតំបន់ការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម ដែលហៅកាត់ថា (UNODC) ប្ដេជ្ញាបន្ដជួយជាបច្ចេកទេស និងការផ្សព្វផ្សាយ ដើម្បីទប់ស្កាត់ការការប្រើប្រាស់គ្រឿងញៀននៅកម្ពុជា។
លោក Julien Garsany បានប្តេជ្ញាពីការជួយដល់កម្ពុជាក្នុងការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀននៅកម្ពុជានេះ បានធ្វើឡើងពេលចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ។
លោក Julien Garsany បានថ្លែងបន្ដថា លោកនឹងបន្ដគាំទ្រក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនបន្ថែមទៀត។ ជាពិសេសជំរុញការសហការភាពជាដៃគូ ដើម្បីរួមគ្នាជួយព្យាបាល ថែទាំ និងលើកទឹកចិត្ដដល់អ្នកញៀនគ្រឿងញៀនមកទទួលសេវាពិនិត្យព្យាបាល ឱ្យមានចំនួនកាន់តែច្រើនឡើងថែមទៀត ក្នុងចំណោមអ្នកញៀនគ្រឿងញៀន។
លោកអះអាងថា នឹងធ្វើធ្វើយ៉ាងណាឲ្យអ្នកប្រើប្រាស់គ្រឿងញៀននេះ យល់ច្បាស់ថា គេមិនមែនជាឧក្រិដ្ឋជន តែគឺជាជនរងគ្រោះ។ លោកលើកឡើងថា នេះជាមធ្យោបាយមួយ ដែលឱ្យអ្នកញៀនថ្នាំស្វែងយល់ និងគេចផុតពីភាពញៀននៃគ្រឿងញៀននេះ។
លើសពីនោះ UNODC នឹងបន្ដជួយពង្រីកវិសាលភាព នៃការអនុវត្ដន៍គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ដ្របញ្ជូនអ្នកញៀនគ្រឿងញៀន ឱ្យមកទទួលយកសេវាពិនិត្យព្យាបាលដោយស្ម័គ្រចិត្ដ ដោយផ្អែកលើសហគមន៍ ពិសេសរាល់ការចំណាយ គឺជាបន្ទុករបស់រដ្ឋ។ លោក Julien Garsany បានហៅយុទ្ធសាស្ដ្រនេះ ជាយុទ្ធសាស្ត្រមួយដ៏ល្អ។
ជាងនេះទៅទៀត លោក Julien Garsany បានថ្លែងបន្ដថា បន្ទាប់ពីការជួយដល់កម្ពុជាលើផ្នែកខាងលើនេះ លោកនឹងយកបទពិសោធន៍ទាំងនេះ ទៅបង្ហាញ និងចែករំលែកទៅដល់ប្រទេសនានានៅក្នុងតំបន់ ក៏ដូចជានៅក្នុងសកលលោកផងដែរ។
ក្នុងឱកាសនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងអំណរគុណដល់ UNODC ដែលបានបន្ដជួយកន្លងមកនេះ ទាំងការបណ្ដុះបណ្ដាលបច្ចេកទេស និងផ្សេងៗទៀត។ ជាមួយគ្នានោះលោករដ្ឋមន្ដ្រី ក៏បានស្នើដល់ UNODC ជួយធ្វើការយ៉ាងណាឲ្យមានការអភិវឌ្ឍសេចក្ដីណែនាំមួយក្នុងការផ្ដល់នូវសេវាព្យាបាល ស្ដារនីតិសម្បទាន សម្រាប់អ្នកញៀនគ្រឿងញៀន ការអប់រំសុខភាព ដល់យុវវ័យទូទៅ តាមរយៈសារអប់រំខ្លីវីដេអូ រួមទាំងការបណ្ដុះបណ្ដាលដល់មន្ដ្រីសុខាភិបាលបន្ថែមទៀតផងដែរ ។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានបញ្ជាក់បន្ថែមថា ក្រោមការយកចិត្ដទុក្ខខ្ពស់របស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ដ្រីកម្ពុជា រហូតដល់ពេលនេះ ក្រសួងសុខាភិបាល បានបន្ដពង្រីកកន្លែងព្យាបាលគ្រឿងញៀន នៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក រហូតដល់ទៅ ៤៣១កន្លែងទូទាំងប្រទេស ដែលប្រជាពលរដ្ឋអាចមកទទួលសេវាព្យាបាលបានដោយឥតគិតថ្លៃ។
សូមជម្រាបថា គិតត្រឹមឆ្នាំ២០១៨ អ្នកញៀនគ្រឿងញៀនមានជាង ២ម៉ឺននាក់ ដែលត្រូវបានកក់ត្រាដោយសមត្ថកិច្ច។ ក្នុងនោះមានតែ ៨ពាន់នាក់ប៉ុណ្ណោះ ដែលបានមកទទួលសេវាពិនិត្យព្យាបាលភាពញៀនគ្រឿងញៀននៅតាមមណ្ឌលព្យាបាលគ្រឿងញៀន ៤៣១កន្លែង រួមមាននៅមន្ទីរពេទ្យជាតិ ២កន្លែង មន្ទីរពេទ្យបង្អែកមានជ័យ (ច្បារអំពៅ) មន្ទីរពេទ្យខេត្ដមាន ២៤កន្លែង មន្ទីរបង្អែក ៧២កន្លែង និងមណ្ឌលសុខភាព ៣៣២កន្លែង៕